Tuesday, November 07, 2017

លោក សុខ ឥសាន៖ តេីអ្នកណាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា?

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានចង្អុលបង្ហាញឲ្យកម្ពុជាដេីរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ដែលស្មារតីនេះ ត្រូវបានបញ្ចូលទៅក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ១៩៩៣ រួចហេីយ។

លោក សុខ ឥសាន បន្តថា ដូច្នេះការចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តល្មេីសច្បាប់ គឺជាការពង្រឹងនីតិរដ្ឋ ហេីយការពង្រឹងនីតិរដ្ឋ គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដូចករណី កឹម សុខា និងគណបក្សសង្គ្រោះជាតិ គឺល្មេីសច្បាប់ធ្ងន់ធ្ងរណាស់ ហើយរឿងអីដែលមិនអនុវត្តតាមផ្លូវច្បាប់នោះ? លទ្ធិប្រជាធិបតេយ្យ ដែលគ្មាននីតិរដ្ឋ នឹងក្លាយទៅជាសង្គមអនាធិបតេយ្យ ដែលធ្វេីឲ្យសង្គមច្របូកច្របល់ គ្មានវិន័យ គ្មានសណ្តាប់ធ្នាប់សង្គម។ ហេតុនេះ គ្មានជម្រេីសអ្វីក្រៅពីប្រេីប្រព័ន្ធយុត្តិធម៌ ដេីម្បីដោះស្រាយបញ្ហាតាមផ្លូវច្បាប់ ដែលប្រទេសជឿន លឿនមានអារ្យធម៌លេីពិភពលោកតែងតែប្រេីប្រាស់ ជាជាងប្រេីប្រាស់អំពេីហិង្សា និងប្រដាប់អាវុធ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បន្ថែមទៀតថាផ្ទុយទៅវិញ ពួកអ្នកដែលប្រព្រឹត្តល្មេីសច្បាប់ រំលោភច្បាប់ ហេីយមិនទទួលខុសត្រូវចំពោះមុខច្បាប់ បែរជារត់ទៅរកការអន្តរាគមន៍ពីខាងក្រៅ ដេីម្បីចង់បានវប្បធម៌និទណ្ឌភាព ដែលជាវប្បធម៌សម្រាប់អ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញរបៀបរៀបរយសង្គម ចង់បង្កឲ្យមានអំពេីអនាធិបតេយ្យនៅក្នុងសង្គម ងាយស្រួលពួកគេបានរួចខ្លួនពីសំណាញ់ច្បាប់។ ប៉ុន្តែមានករណីខ្លះ ដែលចំណេញដល់ពួកគេ ទេីបពួកគេទាមទារឲ្យមានការអនុវត្តតាមផ្លូវច្បាប់ នេះហៅថាក្រុមអ្នកចេះជ្រុលពេកហេីយ។

លោក សុខ ឥសាន បានបញ្ជាក់ថា សរុបសេចក្តីមកដេីម្បីយុត្តិធម៌សង្គម ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា “ប្រជាពលរដ្ឋគ្រប់រូបមានភាពស្មេីគ្នាចំពោះមុខច្បាប់” ដូច្នោះរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែអនុវត្តច្បាប់ចំពោះរាល់អំពេីប្រព្រឹត្តល្មេីសច្បាប់ ដេីម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យឲ្យបានរឹងមាំ និងយូរអង្វែង ធានាបាននូវការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ការពារការរស់នៅរបស់ប្រជាជនទូទៅប្រកបដោយសេចក្តីសុខសប្បាយ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ៕


No comments:

Post a Comment