Tuesday, November 07, 2017

កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ​ ប្រារព្ធពិធី​អបអរខួប​អនុស្សាវរីយ៍​លើកទី៦៤​ ទិវាកំណើត​កងយោធពល​ខេមរភូមិន្ទ​

ព្រះសីហនុ៖ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ កំណើតកងយោធពលខេមរភូមិន្ទ ស្របជាមួយនិងទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា២០១៧ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នឹងឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សាលាទ័ពជើងទឹក ព្រមទាំងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី មរណៈសរុបប្រមាណ ៥២០នាក់។

ឧត្តមនាវីឯក អ៊ុក សីហា បានមានប្រសាសន៍រំលឹកអំពីប្រវត្តិនៃស្នាដៃរបស់កងយោធពលខមរភូមិន្ទ ដោយបានបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាតស៊ូរបស់កងទ័ព និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យ របស់អង្គសម្តចឪ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ជាថ្ងៃចាប់កំណើតដ៏ពិតប្រាកដរបស់កងយោធពលខមរភូមិន្ទផងដែរ។

លោកបានបន្តថា ជារៀងរាល់ឆ្នាំកងយោធពលខេមរភូមិន្ទ តែងតែប្រារព្ធធ្វើពិធីនេះឡើង ដើម្បីរំលឹកនូវប្រវត្តិស្នាដៃ គំរូវីរៈភាពដ៏អង់អាចក្លាហាន និងស្មារតីលៈបង់ ហ៊ានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជន យុទ្ធជន យុទ្ធនារីកម្ពុជា ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានគ្រប់សម័យកាល ដើម្បីដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិ ក្នុងនោះក៏មានបងប្អូនអតីតយុទ្ធជន យុទ្ធនារី និងគ្រួសារយុទ្ធជន ពលី មរណៈ ដែលមានវត្តមាននៅទីនេះផងដែរ។

អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ០៩ វិច្ឆិកា ជាថ្ងៃកំណើតនៃកងយោធពលខេមរៈភូមិន្ទ និងសម្តែងនូវការគោរពដឹងគុណយ៉ាងជា្រលជ្រៅ និងស្មោះស្ម័គចំពោះយោធិនពិការ គ្រួសារយោធិនពលី មរណៈ យោធិនរំសាយ និងនិវត្តជនដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីប្រទេជាតិ មាតុភូមិកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត បងប្អូន កូនចៅ ប្តីសី ឪពុកម្តាយជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារឃឿនឯករាជ្យជាតិ ការពារបូរណៈភាពទឹកដី ការពារនូវសុខសន្តិ ភាព រួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ ជីវភាពកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។

លោក យន្ត មីន ក៏បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ស្រឡាញ់សន្តិភាព សាមគ្គីភាពគ្នាជាធ្លង់មួយ គាំទ្រ និងការពារឲ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលមានឱកាសបន្តដឹកនាំ កសាងអភិវឌ្ឍន៍មាតុភូមិជាទីស្នេហានៃយើងឲ្យរីកចម្រើនរឹងមាំលើគ្រប់វិស័យ ។

ក្នុងឱកាសនោះ លោក យន្ត មីន និងឧត្តមនាវីឯក អ៊ុក សីហា ក៏បានចែកអំណោយអនុស្សាវរីយ៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនអតីតយុទ្ធជន និងគ្រួសារយុទ្ធ ជនពលី មរណៈចំនួន ១៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១ការ៉ុង សារ៉ុង២ និងថវិកាចំនួន ៥០.០០០រៀលផងដែរ៕







No comments:

Post a Comment