Tuesday, November 07, 2017

លោក សុខ សូកាន អំពាវនាវឱ្យរួមសាមគ្គីគ្នា ដើម្បីការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ ខេត្តតាកែវ បានថ្លែងអំពាវនាវដល់ក្រុមការងារ និងចំណុះទូកទាំងអស់រួបរួមគ្នាដើម្បីការពារសន្តិភាពនិងគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកបានថ្លែងដូចនេះកាលពីថ្ងៃទី0៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាសចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ចំណុះទូកគិរីវង់សុខសែនជ័យ និង ទូកស្រីសសុខសែនជ័យ ចំនួន ១៧០ នាក់។

ក្នុងឱកាសនោះ លោក សុខ សូកាន បានរំលឹកអំពីអនុស្សាវរីយ៍របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលតែងតែយកចិត្តទុកដាក់ ទំនុកបម្រុង និងស្រឡាញ់ទូកងទាំងពីរនេះជាខ្លាំង។ លោកបានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ចំណុះទូក និងគណៈកម្មការគ្រប់គ្រងទូករហូតដល់ទទួលលទ្ធផលគួរជាទីមោទនៈដែលទូកស្រីសសុខសែនជ័យ ទទួលបានចំណាត់ថ្នាក់លេខ ៣ និង ទូកគិរីវង់សុខសែនទទួលបានចំណាច់ថ្នាក់លេខ ៤ ទូទាំងប្រទេស។ លោក សុខ សូកាន ក៏ថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រី្ត ប៊ិន ឈិន លោក បួន លឹមហេង និង សប្បុរសជនដែលបានជួយឧបត្ថម្ភទ្រទ្រង់ទូក និង អរគុណដល់គណៈកម្មការគ្របគ្រងទូក និងចំណុះទូកចំពោះការខិតខំប្រឹងប្រែង។ លោកបានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក គឺបង្ហាញពីការសាមគ្គីគ្នា ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ដើម្បីការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក សុខ សូកាន សង្ឈឹមយ៉ាងមុតមាំថា ទូកទាំងពីរនឹងទទួលលទ្ធផលល្អបន្ថែមទៀតនៅឆ្នាំក្រោយ។ ជាចុងក្រោយលោក បានឧបត្ថម្ភដល់ចំណុះទូកនូវថវិកា ២០ ម៉ឺនរៀល/ម្នាក់ អង្ករ ៥០គីឡូ/ម្នាក់  លោក អ៊ុំ ឈុនស្រ៊េង ប្រធានគណៈគ្រប់គ្រងទូក ចំនួន ២ លាន និងស្រាបៀរ ២០ កៀស ដល់ចំណុះទូកទាំងពីរ៕





No comments:

Post a Comment