Tuesday, November 07, 2017

រដ្ឋសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានអញ្ជើញធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំគណ:កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅវិមានរដ្ឋសភាដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥ ដើម្បីដាក់បញ្ចូលទៅក្នុងសម័យប្រជុំសភាពេញអង្គ នាពេលខាងមុខ ដែលក្នុងនោះរួមមាន៖

១- ការពិនិត្យបញ្ជីឈ្មោះតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ឈរជាបេក្ខជនសម្រាប់ជ្រើសតាំងបន្ថែមក្នុងគណៈកម្មការទាំង១០របស់រដ្ឋសភា។
២- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ និងយ៉ាងឌីពើរគួននៃប្រទេសប្រ៊ុណេដារ៉ូសាឡឹម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាចក្រថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើធម្មនុញ្ញ នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី។
៤- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសភាសម្រាប់គ្រប់គ្រងឆ្នាំ២០១៦។
៥- ការពិនិត្យសំណើអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។

សូមបញ្ជាក់ថា សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានគ្រោងនូវចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិត្រូវបានគ្រោងចំនួន ២៤.៣៧៥.១០២ លានរៀល (ប្រមាណជាង ៦.០០០ លានដុល្លារអាមេរិក) ស្មើនឹង ២៤,៥៩% នៃផ.ស.ស និងមានកំណើន ១៥,២% ធៀបនឹងច្បាប់ឆ្នាំ ២០១៧ ។ សម្រាប់ការចំណាយច្រើនបំផុត គឺលើវិស័យអប់រំដែលមានចំនួនប្រមាណជាង ៨៤៨ លានដុល្លារសហរដ្ឋអាមេរិក៕










No comments:

Post a Comment