Tuesday, November 07, 2017

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជួបពិភាក្សាអំពីការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ជាមួយតំណាងអង្គការ UNIDO

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧  បានទទួលជួបតំណាងមកពីអង្គការអភិវឌ្ឍន៌ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា UNIDO ដែលរួមមានលោក Steffen kaeser ប្រធានទទួលបន្ទុកផ្នែកស្តង់ដារ និងកិច្ចសម្រួលពាណិជ្ជកម្ម និងលោក karl Shebesta ប្រធានទទួលបន្ទុកផ្នែកប្រព័ន្ធម្ហូបអាហារ និងអាហារបំប៉ន ដើម្បីពិភាក្សាការងារនៅទីស្តីការ ក្រសួង។

គោលបំណងនៃជំនួបពិភាក្សា គឺតំណាងអង្គការ UNIDO បានធ្វើសេចក្តីរាយការណ៌សង្ខេបអំពីការ ត្រៀមរៀបចំបើកសិក្ខាសាលា ស្តីពីក្របខ័ណ្ឌការងារនៃកម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេស (PCP Framwork) និងចង់បានការណែនាំ និងការផ្តល់ធាតុចូលមួយចំនួនពីលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ផងដែរ ។

តំណាងអង្គការ UNIDO បានបញ្ជាក់ថា ការត្រៀមបើកសិក្ខាសាលានេះ គឺផ្តោតជាសំខាន់ទៅលើផែនការ សកម្មភាព នៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ពីឆ្នាំ២០១៨-២០២៣។ ជាមួយគ្នានេះតំណាងអង្គការ UNIDO ក៏បានជម្រាបជូន ពីពីគម្រោងចុះស្វែងយល់នៅតាមបណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្ត សៀមរាប ដែលជាខេត្តមានសក្តានុពលផ្នែកទេសចរណ៌ និងឧស្សាហកម្ម។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងចាត់ទុកការត្រៀមរៀបចំ សិក្ខាសាលានេះ ជាសម្មតិកម្មដ៏សំខាន់ សម្រាប់ការស្វែងយល់នូវអ្វីជាឱកាស និងភាពប្រឈមក្នុងការអភិវឌ្ឍវិស័យ ឧស្សាហកម្មនៅកម្ពុជា ក៏ដូចជាប្រសិទ្ធិភាព នៃការទទួល និងការប្រើប្រាស់ជំនួយអន្តរជាតិ សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចិរភាព។

ដើម្បីអោយគម្រោងកម្មវិធីអនុវត្តបានជោគជ័យតាមការរំពឹងទុក លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់អនុសាសន៍ ទៅលើការកំណត់កាលបរិច្ឆេទច្បាស់លាស់ នៃការអនុវត្តគម្រោងកម្មវិធីនីមួយៗ តាមរយៈការបង្កើតក្រុមការងារជំនាញដោយឡែកៗពីគ្នា ដើម្បីអនុវត្តទៅលើវិស័យជាអាទិភាព តាមផែនការជាក់លាក់ ដូចជាការគណនាអោយឃើញនូវតម្លៃសង្វាក់ ផលិតកម្ម-គុណសម្បត្តិនៃតំបន់ សេដ្ឋកិច្ចពិសេស-ភាពចាំបាច់នៃការកាត់ បន្ថយបែបបបទរដ្ឋបាលស្មុគស្មាញ-កិច្ចសម្រួលពាណិជ្ជកម្ម-ប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៌វិស័យឧស្សាហកម្ម-និងតម្រូវការនៃការបង្កើតមជ្ឍមណ្ឌលវិជ្ជាជីវៈ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងជំនាញអោយឆ្លើយតបនិងទីផ្សារការងារ ។ល។

សូមបញ្ជាក់ថា កម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេស (PCP) ជាគម្រោងកម្មវិធីថ្មីមួយ របស់អង្គការ UNIDO ដើម្បីជម្រុញអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចិរភាព និងបរិយាប័ន ស្របតាមគោលដៅអភិវឌ្ឍរបស់អង្គការ សហប្រជាជាតិដល់ឆ្នាំ២០៣០ ។ គម្រោងកម្មវិធីនេះ បានកំពុងអនុវត្តនៅប្រទេសចំនួន០៣រួមមាននៅប្រទេស៖អេត្យូពី-សេណេហ្គាល និងប៉េរូ ។ ដោយឡែកនៅតំបន់អាស៊ី អង្គការ UNIDO បានជ្រើសរើសប្រទេសកម្ពុជា ជាប្រទេសគំរូក្នុងការអនុវត្តកម្មវិធីនេះ ហើយនៅចុងខែវិច្ឆិកានេះដែរ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នឹងដឹកនាំប្រតិភូក្រសួងអញ្ជើញទៅចូលរួមសន្និសីទ្ទលើកទី១៧របស់អង្គការ UNIDO នៅទីក្រុង Vienna ប្រទេសអូទ្រីស ព្រមទាំងត្រៀមចុះហត្ថលេខាលើការអនុវត្តគម្រាងកម្មវិធី PCP នេះផងដែរ ៕




No comments:

Post a Comment