Sunday, February 25, 2024

ខេត្តកែប លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥, គណបក្សប្រជាជនកម្ពុជា ៣១សំឡេង និងគណបក្សឆន្ទៈខ្មែរ ១សំឡេង




(កែប)៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកែប នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៣១សំឡេង និងគណបក្សឆន្ទៈខ្មែរទទួលបាន ១សំឡេង។


ដំណើរការការបោះឆ្នោតនេះធ្វើឡើងនៅការិយាល័យបោះឆ្នោតនៃសាលាអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។


ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកែប លោក គី វុទ្ធី បានបញ្ជាក់ថា អង្គបោះឆ្នោតដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងសរុប៣២រូប បានមកការិយាល័យបោះឆ្នោតទាំង៣២រូប រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។


ជាលទ្ធផលបឋម គណបក្សប្រជាជនបាន ៣១សំឡេង, គណបក្សឆន្ទៈខ្មែរបាន ១សំឡេង រីឯគណបក្ស២ទៀត គ្មានសំឡេង។


លោកប្រធាន PEC ខេត្តកែប បានបន្តទៀតថា ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ៕

No comments:

Post a Comment