Tuesday, September 04, 2018

អភិបាលរងខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ លើផែនការអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញលូប្រមូលទឹកសំណល់ក្នុងក្រុង

សៀមរាប៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ទៀ សីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក កែន រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ ប្រព័ន្ធបណ្តាញលូប្រមូលទឹកសំណល់ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីសហការី ក្រុមការងារធនាគារពិភពលោក ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស SUEZ តំណាងអាជ្ញាធរជាតិអប្សរា មន្ទីរ អាជ្ញាធរក្រុង ចៅសង្កាត់ និងអង្គភាពពាក់ព័ន្ធផងដែរ។
ក្នុងនោះលោក ទៀ សីហា ក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក មានគម្រោងសិក្សាជាច្រើន លើការងារប្រព័ន្ធលូទឹកកខ្វក់ក្នុងក្រុង ហើយការជួបពិភាក្សាគ្នានេះ ក៏ជាទុនមួយសម្រាប់ការសិក្សាស្រាវជ្រាវ ពីបញ្ហាប្រព័ន្ធលូក្នុងក្រុងសៀមរាប របស់គម្រោងធនាគារពិភពលោកផងដែរ។ ដោយកន្លងមក ក្រុងប្រវត្តិសាស្ត្រមួយនេះ តែទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង តែក្រោមការសិក្សាស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានកសាងរបាំងការពារទឹកជំនន់នៅផ្នែកខាងលើ ដើមី្បបញ្ជៀសការលិចលង់ក្នុងក្រុង។ ក៏ប៉ុន្តែទោះបីការបញ្ជៀសនេះទទួលបានជោគ ជ័យក៏ពិតមែន តែនៅតំបន់មួយចំនួនក្នុងក្រុងនៅពេលមានភ្លៀងធ្លាក់ក៏នៅរងការលិចលង់ ដោយបញ្ហាកង្វះប្រព័ន្ធលូរំដោះទឹក ហើយបញ្ហាចំណោទខ្លាំងនោះលើប្រព័ន្ធទឹកកខ្វក់និងទឹកជំនន់ក្នុងក្រុង។ លោកបានលើកផងដែរ អំពីដៃគូរអភិវឌ្ឍន៍លើផ្នែកអនាម័យមានធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអារហ៍ណនីហរហ៍ណ និងទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសបារាំង។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានឱ្យដឹងផងដែរថា ទោះបីមានការគាំទ្រពីសំណាក់ដៃគូរអភិវឌ្ឍន៍ក្តី ក្រុងសៀមរាបក៏នៅមានតម្រូវការក្នុងការសាងសង់បណ្តាញលូខ្នែង និងខ្នែងរង ដើមី្បតភ្ជាប់ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទៅកាន់បណ្តាញលូមេដែលមានស្រាបដើមី្បធានាបានសុខភាពសាធារណៈ អនាម័យ បរិស្ថាន សាធារណៈ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះលោក កែន រដ្ឋា ក៏បានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការបង្ហាញពីវឌ្ឍនភាពការងារ និងការពិគ្រោះយោបល់លើផែនការការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ដែលបាននឹងកំពុងសិក្សាដោយក្រុមប្រឹក្សា SUEZក្រោមការគាំទ្រផ្នែកថវិកា និងកិច្ចផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុងសម្រាប់ទ្វីបអាស៊ី( CDIA) ក្នុងគោលបំណង ដើមី្បរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកកខ្វក់ក្នុងក្រុងសៀមរាប ការសិក្សាសមិទ្ធិលទ្ធភាពសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់ព្រមទាំងការរៀបចំប្លង់លម្លិត និងឯកសារដេញថ្លៃមួយចំនួនរបស់គម្រោង លោកក៏បានគូសបញ្ជាក់ថា គម្រោងនេះត្រូវអនុវត្តក្រោមកម្ចីរបស់ធនាគារពិភពលោកសម្រាប់សិក្សា និង រៀបចំតភ្ជាប់ប្រព័ន្ធលូពីផ្ទះប្រជាពលរដ្ឋមកបណ្តាញលូមេមានស្រាប់ក្នុងក្រុងដើមី្បធានានូវសុខភាពសាធារណៈ បរិស្ថាន អនាម័យសាធារណៈ និងជំរុញនូវការកសាងសមត្ថភាពមន្ត្រីបន្ថែមលើការគ្រប់គ្រងអង្គភាពលូទឹក និងស្ថានីយ៍ច្រោះសម្អាតទឹកសំណល់រាវក្នុងខេត្តប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។
លោក កែន រដ្ឋា បានគូសបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តប្រវត្តិសាស្ត្រដែលជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត។ តាមការពិនិត្យទៅលើបញ្ហាការបញ្ចេញចោលទឹកកខ្វក់ក្នុងមួយថ្ងៃមានប្រមាណ២៥ពាន់ម៉ែត្រគូប ដោយយើងអាចគ្រប់គ្រងបញ្ហានេះបានតែ៨ពាន់ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលកម្រិតនេះជាបញ្ហាមួយដែលតម្រូវការនូវការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍នានា។ លោកក៏បានឱ្យដឹងផងដែរថាថ្មីៗនេះ ធនាគារពិភពលោកបានសម្រេចផ្តល់កម្ខីប្រមាណ៥០លានដុល្លា ដោយក្នុងនោះ២០លានដុល្លារសម្រាប់គម្រោងទឹកស្អាត និង អនាម័យ ក្នុងការសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ដែលតភ្ជាប់ពីផ្ទះប្រជាពលរដ្ឋទៅកាន់បណ្តាញលូមេ ដើមី្បប្រមូលទឹកកខ្វក់តាមផ្ទះយកទៅច្រោះសម្អាតនៅស្ថានីយ៍ច្រោះសម្អាតទឹកសំណល់ មុននឹងបញ្ចេញទៅប្រភពទឹកសាធារណៈវិញ ដើមី្បធានាបាននូវសុខភាពសាធារណៈ បរិស្ថាន និង អនាម័យសាធារណៈ៕



No comments:

Post a Comment