Wednesday, November 23, 2016

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូល CLV លើកទី៩ គឺដើម្បីពិនិត្យ​មើលលទ្ធ​ផលដែលសម្រេច​បាន និងពង្រឹងកិច្ចសហប្រ​តិបត្តិការទេ្វភាគី និងពហុភាគី រវាងប្រទេសទាំង៣

ថ្លែងសុន្ទរកថាបើកនៅក្នុងកិច្ចប្រជុំកំពូល CLV លើកទី៩ (9th Cambodia-Laos-Vietnam Summit on Development Triangle Area-CLV)ស្តីពីការអភិវឌ្ឍនៅតំបន់ត្រីកោណ នៅ​រសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានសំដែងការ​ស្វាគមន៍ ចំពោះ​នាយករដ្ឋមន្ត្រី ឡាវ និងវៀតណាម និងគណៈប្រតិភូប្រទេសទាំងពីរ ដែល​បាន​អញ្ជើញ​មកចូលរួមកិច្ចប្រជុំ​ដ៏​សំខាន់​នេះ។ សម្តេចតេជោបានថ្លែងថា កិច្ចប្រជុំនេះ​គឺដើម្បី​ពិនិត្យមើល​លទ្ធផលដែលសម្រេច​បាន និងពង្រឹងកិច្ច​សហប្រតិបត្តិការទេ្វភាគី និងពហុភាគី រវាងប្រទេស​ទាំង៣ កម្ពុជា ឡាវ និង​វៀតណាម នៅក្នុងតំបន់​ត្រីកោណនេះ។
សម្តេចតេជោ បានវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ​ប្រឹង​ប្រែង​បំពេញការងារតាមការកំណត់រហូតសម្រេចបានលទ្ធផលជាច្រើន ដែលក្នុងនោះរួម​មាន៖ ការអនុវត្តគម្រោងក្នុងតំបន់ត្រីកោណ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយការ​ជួញដូរ​មនុស្ស និងគ្រឿងញៀន ការសម្រួលពាណិជ្ជកម្ម ការបង្កើនទំនាក់ទំនងរវាងប្រជាជន​និងប្រជាជន ការលើក​កម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ​យន្តការផ្សេងៗ​ក៏​ត្រូវ​បានដាក់ចេញដើម្បីដោះស្រាយឱ្យបានទាន់ពេល និងជំរុញសកម្មភាព វិនិយោគ និងអាជីវកម្ម​របស់​សហគមន៍ធុរៈកិច្ច នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតំលៃខ្ពស់ចំពោះលទ្ធផលរបស់វេទិកាយុវជន និងការ​តាំង​ពីព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលទ្ធផលនៃសន្និសីទពាណិជ្ជកម្ម និង​វិនិយោគ និង​ការ​​ជំរុញវិស័យទេសចរណ៍  នៃតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដែលបាន​ប្រារព្ធឡើង ពីថ្ងៃទី៧-១១ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុង ប៉ាស់សេ ខេត្តចំប៉ាសាក់ នៃសាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។ សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការលើកទី៣ ស្តីពី​សន្តិសុខ និងកិច្ចការពារជាតិ នៃប្រទេស CLV នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុង ញ៉ាចាង ខេត្តអញហ័រ នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ សម្តេចក៏បានថ្លែងអំណរ​គុណ​ដល់​រដ្ឋាភិបាល និងប្រជាជនជប៉ុន ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូ​អភិវឌ្ឍន៍នានា ដែលបាន​នឹង​កំពុង​បន្តចូលរួមផ្តល់ហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍តំបន់ ត្រីកោណ​អភិវឌ្ឍ​។
សម្តេចតេជោ ហ៊ុន សែន បានកត់សំគាល់ផងដែរថា លទ្ធផលដ៏ល្អប្រសើរខាងលើនេះ បានចូល​រួម​ចំណែកអភិវឌ្ឍន៍តំបន់ត្រីកោណ ធ្វើឱ្យតំបន់នេះ លែងជាតំបន់ដាច់ស្រយាលទៀតហើយតែ​ជា​​​តំបន់​​ពោរពេញទៅដោយសក្តានុពល សេដ្ឋកិច្ច និងមានភាពទាក់ទាញ សម្រាប់ការរស់នៅ និង​ការវិនិយោគ៕   




No comments:

Post a Comment