Wednesday, November 23, 2016

សម្តេចតេជោ ហ៊ុនសែន ទទួលជួបទេ្វភាគីជាមួយលោក ថុងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ មុនចូលរួមប្រជុំកំពូលលើកទី៩ កម្ពុជា ឡាវ និងវៀតណាម

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានទទួលជួបទេ្វភាគីជាមួយលោក ថុងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវនៅឯសណ្ឋាគារអប្សរាផាឡេស ក្រុងសៀមរាប។ ជំនួបនេះ ធ្វើឡើងក្នុងអំឡុងពេលនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម និងដឹកនាំជុំកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។
កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាមលើកទី ៩  ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណនឹង ពិនិត្យលើការរីកចម្រើន និងបញ្ហាប្រឈមចំពោះមុខ ក្នុងការអនុវត្តឯកសារសំខាន់ៗរួមមាន៖ទី១- ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០)។ ទី២- លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម កម្ពុជា ឡាវ និងវៀតណាម លើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ និងទី៣- ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៨ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ  នៅទីក្រុងវៀងច័ន្ទ ចាប់តាំងពីឆ្នាំ ២០១៤ មក។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី  នឹងចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ព្រមទាំងធ្វើសន្និសិទ្ធកាសែតរួមរបស់កិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ព្រមទាំងរំពឹងថា គម្រោង និងកិច្ចព្រមព្រៀងមួយចំនួន នឹងត្រូវបានអនុម័តយល់ព្រម និងចុះហត្ថលេខា៕




No comments:

Post a Comment