Friday, November 25, 2016

ថ្នាក់​ដឹក​នាំទីស្តី​ការ​គណ​រដ្ឋ​មន្ត្រី ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ បង្កើន​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ឱ្យ​បាន​ត្រឹម​ត្រូ​វល្អ​

ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីក្រោមឱវាទបង្កើនការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋទាំងអចលនទ្រព្យ និងចលនទ្រព្យឱ្យបានល្អ  ដើម្បីពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព ព្រមទាំងរួមចំណែកដល់ ការអនុវត្តន៍កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្លែងក្នុងកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់វាយតម្លៃទ្រព្យសម្បត្តិរដ្ឋ  ជំរុញធ្វើប័ណ្ណកម្មសិទ្ធអចលនទ្រព្យ និងរៀបចំ តារាងប្រៀបធៀបទ្រព្យសម្បត្តិកើនឡើងឬថយចុះក្នុងឆ្នាំ២០១៥ របស់ទីស្តីការគណរដ្ឋមន្ត្រី នាព្រឹក ថ្ងៃទី២៥ វិច្ឆិកានេះ
ឯកឧត្តម តឹករ៉េត សំរេច  រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី  និងជាប្រធានក្រុមការងារកំណែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃទីស្តីការគណរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីក្រោមឱវាទចាប់ផ្តើមរៀបចំបញ្ជីស្នាមដើម្បីឈានទៅគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវល្អ តាមរយៈការធ្វើបណ្ណកម្មសិទ្ធ។

ការណែនាំឱ្យបង្កើនការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនេះ ដោយសារកន្លងមករាជរដ្ឋាភិបាលបានពិនិត្យឃើញថា ក្រសួងស្ថាប័ន  រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈមួយចំនួន ដែលជាអាជ្ញាធរ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋ មិនបានបញ្ចប់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋរបស់អង្គភាពខ្លួនឱ្យបានទាន់ពេលវេលាកំណត់ នៅតាមឆ្នាំនីមួយៗឡើយ។ ម៉្យាងទៀត  ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលបានរៀបចំរួចក៏នៅខ្វះចន្លោះទិន្នន័យមួយចំនួន ដូចជា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ  ការកំណត់តម្លៃអចលនវត្ថុ  និងចលនវត្ថុដែលជាទ្រព្យសម្បត្តិរដ្ឋជាដើម។
ឯកឧត្តម តឹករ៉េត សំរេច  បានគូសបញ្ជាក់ថា  ដើម្បីពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព  ក៏ដូចជាធានានូវការអនុវត្តឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាកំណត់  រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដល់គ្រប់ក្រសួងស្ថាប័ន  រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ដែលជាអាជ្ញាធរ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់  ដើម្បីជំរុញអនុវត្តន៍ ឱ្យបានល្អក្នុងកិច្ចម្ចាស់ ការធានាលើការ គ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិរដ្ឋនៅតាមបណ្តាក្រសួង ស្ថាប័ន និងអង្គភាពនីមួយៗឱ្យមានប្រសិទ្ធភាព។

លោក ឈន  ថុង ប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថាសារាចរ ស្តីពីការរៀប ចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នេះបានប្រកាស់ឱ្យប្រើប្រាស់ដោយព្រះរាជក្រមនៅឆ្នាំ២០០៨  និងអនុក្រឹត្យស្តីពីវិធានការនិង នីតិវិធី នៃការធ្វើអនុប្រយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈ តាំងពីឆ្នាំ២០០៦មក។

លោកបានបន្តថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋទាំងអចលនទ្រព្យ និងចលនទ្រព្យ ដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់របស់ក្រសួង ស្ថាប័ន និង អង្គភាពនីមួយៗនេះ  ដើម្បីធានាលើការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងដើម្បីតម្កល់ទុកធ្វើការពិនិត្យតាមដាន និង ធ្វើការរាយការណ៍ជារៀងរាល់ឆ្នាំ នូវលទ្ធផលស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនទៅប្រមុខរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋមន្ត្រី។
លោក ឈន  ថុង បានគូសបញ្ចាក់ទៀតថា ការជំរុញការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនេះ ក្នុងគោលបំណង ពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព  ព្រមទាំងរួមចំណែក ដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយគុណភាព គណនេយ្យភាព  ប្រសិទ្ធភាព  តម្លាភាព និងស័ក្តិសិទ្ធភាព៕





No comments:

Post a Comment