Friday, November 25, 2016

តើវិទ្យុបរទេសផ្សាយជាខេមរៈភាសា ជាវិទ្យុដែលគួរជឿទុកចិត្តបានឬទេ បើសូម្បីតែសារព័ត៌មានបច្ចឹមប្រទេសធំៗ ផ្សាយព័ត៌មានកុហក់ទៅហើយ?

បន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិកមក លោក ដូណាល់ ត្រាំ បានបង្ហាញជំហរក្នុងការកែទម្រង់ជាច្រើនវិស័យ ដើម្បីពង្រឹងសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ។ ប៉ុន្តែចំណុចដែលលោក ដូណាល់ ត្រាំ មានការក្តៅស្លឹកត្រចៀកខ្លាំង និងចង់ធ្វើការកែលំអរចំបងបំផុតនោះគឺប្រព័ន្ធឃោសនា និងបណ្តាញព័ត៌មានធំៗនៅសហរដ្ឋអាមេរិកតែម្តង។
កាលពីថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ កាសែត ញ៉ូវយ៉កប៉ុស្តិ បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានធ្វើការរិៈគន់ចំៗទៅលើនាយកប្រតិបត្តិ និងថ្នាក់ដឹកនាំជាច្រើនរបស់បណ្តាញសារព័ត៌មានធំៗដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំបិទទ្វារនៃថ្នាក់ដឹកនាំកំពូលមួយ។ ក្នុងនោះ នាយកប្រតិបត្តិ និងអ្នកកាសែតល្បីៗ ដែលមកពីកាសែត CNN ; NBC ; CBS និង FOX ជាដើម ក៏បានមកចូលរួមនៅក្នុងកិច្ចប្រជុំនៅក្នុងអគារដែលមានឈ្មោះថា Trump Tower នោះផងដែរ។ លោក ដូណាល់ ត្រាំ បាននិយាយពាក្យដដែលៗថា «យើងគឺជាអ្នកកុហក់» ពោលគឺជា«អ្នកកាសែតដែលមិនមានភាពស្មោះត្រង់»  ។ លោក ត្រាំ បានស្តីបន្ទោសដោយចំឈ្មោះទៅលោក Jeff Zucker ដែលជាប្រធានកាសែត CNN ថាអ្នករាល់គ្នានៅក្នុងកាសែត CNN គឺជាអ្នកកុហក់ និងជាកាសែតដែលមិនមានភាពស្មោះត្រង់ ខ្ញុំស្អប់បណ្តាញព័ត៌មានរបស់លោក។ លោក ត្រាំ បានរិៈគន់ម្តងហើយម្តងទៀត ចំពោះសារព័ត៌មានដែលលោកនិយាយថាបានលំអៀងក្នុងការផ្សព្វផ្សាយព័ត៌មានក្នុងអំឡុងពេលលោកធ្វើយុទ្ធនាការបោះឆ្នោត។
ការបែកធ្លាយនូវរឿងអាស្រូវស្តីពីភាពមិនឯករាជ្យក្នុងវិជ្ជាជីវៈ នៃបណ្តាញសារព័ត៌មានលោកខាងលិចនាពេលនេះបានបញ្ជាក់យ៉ាងច្បាស់ថា បើប្រព័ន្ធឃោសនាដែលពិភពលោកធ្លាប់បានចាត់ទុកថា ជាបណ្តាញសារព័ត៌មានដែលមានវិជ្ជាជីវៈជាយូរមកហើយនៅសហរដ្ឋអាមេរិក ចេះកុហក់ បំភ្លៃ បំផ្លើស និងបំភាន់សាធារណៈមតិទៅហើយនោះ ចុះទម្រាំវិទ្យុបរទេសផ្សាយជាភាសាខ្មែរ ដែលទើបតែកើតថ្មីនៅកម្ពុជា ដូចជាវិទ្យុអាស៊ីសេរី (RFA) វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) វិទ្យុ(VOD) ជាដើម ដែលស៊ីប្រាក់ខែនិងលុយឧបត្ថម្ភគាំទ្រពីអាមេរិក មាននិន្នាកាគាំទ្រគណបក្សប្រឆាំងនៅកម្ពុជានោះ ផ្សព្វផ្សាយនូវព័ត៌មានដែលអាចជឿទុកចិត្តបានដែរឬទេ?
កន្លងមកគេសង្កេតឃើញវិទ្យុដែលទទួលលុយពីបរទេសទាំងនោះ បានផ្សព្វផ្សាយតែព័ត៌មានដែលអវិជ្ជមាន និងមានចរឹតញុះញង់ធ្វើឲ្យសង្គមកម្ពុជាបែកបាក់គ្នា ជាពិសេសបានធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក មានភាពល្អក់កករនិងរកាំរកូសគ្នាជាប្រចាំ។ មិនតែប៉ុណ្ណោះ RFA ; VOA ; VOD ជាដើមនោះបានដើរតួនាទីជាមូលដ្ឋាននយោបាយរបស់គណបក្សប្រឆាំងនៅកម្ពុជា ដើម្បីផ្សព្វផ្សាយនូវព័ត៌មានភូតកុហក់ របៀបមិនស្មោះត្រង់ ក្បត់នឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងងងើល ក្នុងន័យបម្រើឲ្យវិស័យព័ត៌មានតែម្ខាង ដែលពួកគេសង្ឃឹមថាថ្ងៃក្រោយបើគណបក្សប្រឆាំងបានឡើងកាន់អំណាច នឹងក្លាយទៅជាកូនជឹងរបស់គេសម្រាប់ឈរជើងនៅកម្ពុជា។
ក្នុងន័យនេះគេសង្ឃឹមថា លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទើបជាប់ឆ្នោតថ្មី ហើយក៏ជាប្រធានាធិបតីដំបូងគេនៃសហរដ្ឋអាមេរិក ដែលហ៊ានរិៈគន់បណ្តាញសារព័ត៌មានធំៗនៅក្នុងប្រទេសខ្លួននោះ ក៏នឹងធ្វើការនែនាំដល់សារព័ត៌មានតូចៗ ដូចជា RFA ; VOA ; VOD ជាដើម ដែលស៊ីលុយឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ឲ្យប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងឯករាជ្យភាពខាងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាឡើងវិញដែរ ហើយមិនត្រូវមានជំហរគាំទ្រផ្កាប់មុខតែចំពោះគណបក្សណាមួយ ឬចំពោះសង្គមស៊ីវិលណាមួយនោះទេ។ ការប្រកាន់ជំហរមិនអព្យាក្រឹត្យរបស់បណ្តាញសារព័ត៌មានដែលធ្លាប់បានអួតខ្លួនថា ជាវិទ្យុដែលមានវិជ្ជាជីវៈ ជាវិទ្យុនៃប្រទេសបិតាប្រជាធិបតេយ្យ តែបែរជាមកអនុវត្តនូវយុទ្ធវិធីបំភ្លៃ បំផ្លើស ការពិត និងគាំទ្រផ្កាប់មុខតែភាគីម្ខាងដែលខ្លួនបានទទួលផលប្រយោជន៍នោះ វាជាការអាម៉ាស់បំផុតសម្រាប់ប្រទេសមហាអំណាចមួយដែលតាំងខ្លួនជាអ្នកបង្រៀនអ្នកដ៏ទៃ តែទីបំផុតខ្លួនឯងអនុវត្តមិនបានផងនោះ។
ជាការសន្និដ្ឋាន បើប្រព័ន្ធឃោសនាដែលពិភពលោកធ្លាប់ចាត់ទុកថាជាសារព័ត៌មានមានវិជ្ជាជីវៈ ជាយូរមកហើយនៅសហរដ្ឋអាមេរិកក៏ចេះបំភ្លៃ បំភាន់ការស្ទង់មតិទៅហើយ ចុះទម្រាំវិទ្យុបរទេសផ្សាយជាភាសាខ្មែរដ៏ក្មេងខ្ចីនៅកម្ពុជា ស៊ីលុយរដ្ឋាភិបាលអាមេរិកខាងគណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន កន្លងមក ដូចជាវិទ្យុអាស៊ីសេរី (RFA) វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុ (VOD) ជាដើម ក៏នឹងផ្សព្វផ្សាយនូវព័ត៌មានកុហក់ និងបំភ្លៃការពិតនៅកម្ពុជាដូចគ្នាដែរ។ ការបង្ហាញនូវធាតុពិតនៃបណ្តាញសារព័ត៌មាននៅសហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ ក៏អាចជាកញ្ចក់ឆ្លុះបញ្ចាំងពីបណ្តាញសារព័ត៌មាន ដែលជាខ្សែរស្រឡាយរបស់អាមេរិកផ្សព្វផ្សាយនៅកម្ពុជាដែរ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក៏ត្រូវចេះពិចារណាថា តើវិទ្យុបរទេសផ្សាយជាខេមរៈភាសានៅកម្ពុជា ជាវិទ្យុដែលគួរឲ្យជឿទុកចិត្តបានដែរឬទេ?
បទអត្ថាធិប្បាយដោយ៖ សួន ចំរើន


No comments:

Post a Comment