Monday, November 28, 2016

ទស្សនៈ ៖«ឧត្តមស្នងការសិទ្ធិមនុស្ស​អង្គការសហ​ប្រជាជាតិ គ្មាន​នីត្យា​នុកូល​ភាពជា “ប៉ូលីស​សិទ្ធិ​មនុស្ស​អន្តរជាតិ” ទេ …!»

មហាអំណាចចិន និងរស្ស៊ី អះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បាន និងកំពុងយកពាក្យ “សិទ្ធិមនុស្ស” មកប្រើជាឧបករណ៍សម្រាប់ការលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃ។ ចំណែកឯ អាមេរិកខ្លួនឯង ពុំដែលឆ្លុះកញ្ចក់មើលបញ្ហាសិទ្ធិមនុស្សកើតមាននៅក្នុងសង្គមជាក់ស្តែងរបស់ប្រជាជាតិខ្លួនទេ។ មិនមែនតែមហាអំណាចចិន និងរស្ស៊ី ទេ គឺមានប្រទេសជាច្រើនលើពិភពលោក ដែលប្រតិកម្មមិនពេញចិត្តនឹងឥរិយាបទនេះ។ តួយ៉ាងប្រធានាធិបតីប្រទេសហ្វីលីពីន ក៏បានចំអកឲ្យសហរដ្ឋអាមេរិក, ប្រទេសអឺរ៉ុបខាងលិច និងអង្គការសហប្រជាជាតិ ថាបានយកពាក្យ “សិទ្ធិមនុស្ស” មកលាបពណ៌បង្ខូចបេសកកម្ម “សង្គ្រាម” ប្រឆាំង ដើម្បីសង្គ្រោះជីវិតប្រជាជនហ្វីលីពីន។ រីឯ សង្គ្រាមនៅមជ្ឈឹមបូព៌ាដែលកើតចេញពីអាមេរិក និងសម្ព័ន្ធមិត្ត បណ្តាលឲ្យមនុស្សស្លាប់ និងរបួសយ៉ាងរង្គាល តែបែរជាប្រទេសទាំងនោះមិនទទួលខុសត្រូវចំពោះការទទួលជនភៀសខ្លួនរាប់លាននាក់ ដោយសារសង្គ្រាមនេះទៅវិញ។
សរុបសេចក្តីទៅ ភាពមិនសុក្រិត្យនេះ ជាកត្តាធ្វើឲ្យ “សុឆន្ទៈដើម” ដែលមានលក្ខណៈរួមជាអន្តរជាតិនៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ត្រូវបានបាត់បង់ ដោយសារតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ដើរតួធ្វើជា “ថៅកែសិទ្ធិមនុុស្ស”។ ហ្នឹងហើយជាដើមចម ធ្វើឲ្យបេសកកម្មសិទ្ធិមនុស្សជាអន្តរជាតិរបស់អង្គការសហប្រជាជាតិ បរាជ័យ ដោយសារតែមន្ត្រីសិទ្ធិមនុស្សរបស់អង្គការនេះ ច្រឡំតួនាទីខ្លួនថាជា “ប៉ូលីសសិទ្ធិមនុស្សអន្តរជាតិ” តំណាងឲ្យឆន្ទៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច និងធ្វើការងារមិនសហការជាមួយរដ្ឋាភិបាលម្ចាស់ប្រទេស បែរជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យ ដោយបំពាននឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយ៉េន ទៅវិញ។
ជាក់ស្តែង គឺមន្ត្រីការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា តែងតែព្រហើន និងបំពានឥតឈប់ឥតឈរមកលើអធិបតេយ្យភាពកម្ពុជា។ ពោលគឺ មិនបំពេញការងារសហប្រតិបត្តិការណ៍លើកស្ទួយសតិសម្បជញ្ញៈគោរពសិទ្ធិមនុស្ស ជាមួយរាជរដ្ឋាភិបាលកម្ពុជា បែរជាមកធ្វើជា “ចៅហ្វាយសិទ្ធិមនុស្ស” បញ្ជារ ដោយមិនគោរពដែនអធិបតេយ្យនៃកិច្ចការផ្ទៃក្នុងរាជរដ្ឋាភិបាលរបស់ម្ចាស់ប្រទេសទៅវិញ។
ថ្វីត្បិតតែការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ត្រូវបានបង្កើតក្នុងសម័យអន្តរកាលនៃអាជ្ញាធរបណ្តោះអាសន្ន អ៊ុនតាក់ អនុលោមតាមកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ប៉ុន្តែបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ បានចែងថា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាចបន្តអាណត្តិរបស់ខ្លួនពីរឆ្នាំម្តងៗ តម្រូវឲ្យមានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា។ ការអនុវត្តន៍ជាក់ស្តែង គឺសុពលភាពនៃការបន្តអាណត្តិពីរឆ្នាំម្តងៗ ផ្អែកលើការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ប៉ុន្តែ បច្ចុប្បន្ននេះការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅកម្ពុជាខុសច្បាប់ ព្រោះអនុស្សរណៈចុងក្រោយបានអស់សុពលភាពតាំងពីថ្ងៃ៣១ ខែធ្នូ ឆ្នាំ២១៥មកម៉្លេះ។
នេះជាទឡ្ហីករណ៍ជាក់ស្តែងបញ្ជាក់ថា ឋានៈជាឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បែរជាមិនគោរពច្បាប់ម្ចាស់់ប្រទេសទៅហើយ អញ្ចឹងហើយបានជាបេសកកម្មសិទ្ធិមនុស្សរបស់ពួកគេ ជួយលើកទឹកចិត្តឲ្យគណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សក្នុងស្រុក ក៏ដូចជា អ្នកវិភាគឯករាជ្យ, ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋ ប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងបម្រាមរបស់អំណាចរដ្ឋ។ នេះជាការធ្វើផ្ទុយ ដោយបំពាននឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយ៉េន។
ដូច្នេះការសម្រេចចិត្តរបស់ក្រសួងការបរទេសកម្ពុជា ដាក់ឱសានុវាទ ដល់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ គឺជាការត្រឹមត្រូវ ក្នុងការពង្រឹងការអនុវត្តន៍ភាពជាម្ចាស់ប្រទេសនៃរដ្ឋឯករាជ្យអធិបតេយ្យរបស់កម្ពុជា៕
អត្ថបទ៖ ប្រភពពី ” សម្លេងយើង”

No comments:

Post a Comment