Monday, November 28, 2016

ស្នងការនគរបាលខេត្តកែប បង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ភ្ញៀវទេសចរណ៍បានល្អប្រសើរ

ខេត្តកែប មានរមនីយដ្ឋានធម្មជាតិ និងវប្បធម៌ ចំនួន៥កន្លែងស្ថិតនៅឃុំ សង្កាត់ទាំង៥ នៃក្រុង ស្រុកទាំងពីរ។ រមនីយដ្ឋានខាងលើមាន៤កន្លែង កំពុងជាទីពេញនិយម ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ទៅទស្សនាកំសាន្ត ជាប្រចាំរៀងរាល់ថ្ងៃនោះគឺ៖ ឆ្នេរកែប កោះទន្សាយ ភ្នំសរសៀរ និងភ្នំវល្លិ៍។
ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំរបស់ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត ស្នងការនគរបាលខេត្ត បានរៀបចំកម្លាំងនគរបាលខេត្ត ទៅឈរជើងធ្វើសកម្មភាពជាប្រចាំនៅមូលដ្ឋានខាងលើ ដោយសហការជាមួយកម្លាំងក្រុង ស្រុក ប៉ុស្តិ៍រដ្ឋបាល ធានាបានស្ថិរភាពគ្រប់ពេលវេលា គិតទាំងការធ្វើដំណើរតាមទូកទេសចរណ៍ទៅកោះទន្សាយផងដែរ។
ដោយឡែករយៈពេល១សប្តាហ៍នេះ គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខេត្តកែប ទទួលបានភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ប្រមាណ៧ ១០៣នាក់ ក្នុងនោះភ្ញៀវបរទេស ២ ១៨៣នាក់។
ចំពោះទិសដៅបន្ត ស្នងការនគរបាលខេត្តនឹងខិតខំបង្កើនប្រសិទ្ធភាពការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម គ្រប់មូលដ្ឋាន ដើម្បីប្រជាជន ភ្ញៀវទេសចរណ៍ រស់នៅ មកលេងកំសាន្ត ប្រកបដោយភាពកក់ក្តៅ និងជំនឿទុកចិត្ត៕




No comments:

Post a Comment