Monday, November 28, 2016

អាជ្ញាធរជាតិ​អប្សរា ធ្វើពិធីក្រុង​ពាលីបើក​ដំណើរ​ការសាង​សង់​ស្ពាន​បណ្តែត​ទឹក​បណ្តោះ​អាស​ន្ន​នៅមុខ​ប្រាសា​ទ​អង្គរ​វត្ត

ក្រុមការងារសាងសង់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន ជំនួសស្ពានហាលមុខប្រាសាទអង្គរវត្តដែលគ្រោងនឹងធ្វើការជួសជុលដំណាក់កាលទី២ បានធ្វើពិធីសែនក្រុងពាលីដើម្បីបើកការសាងសង់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើងដើម្បីសុំសេចក្តីសុខចម្រើន បញ្ចៀសគ្រោះថ្នាក់ និងសុំម្ចាស់ទឹក ម្ចាស់ដីក្នុងដំណើរការសាងសង់របស់ខ្លួន ដែលនឹងដំណើរការចាប់ពីថ្ងៃនេះតទៅ។
ស្ពានបណ្តែតទឹកបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែវិច្ឆិកានេះតទៅ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៧ខាងមុខ។ ពោងបណ្តែតទឹកដែលយកមកសាងសង់ជាស្ពាននៅពេលនេះ ត្រូវបាននាំយកមកពីប្រទេសកាណាដា ដែលមានការធានាគុណភាព និងសុវត្ថិភាពត្រឹមត្រូវពីក្រុមហ៊ុនរយៈពេល៥ឆ្នាំ។
សូមរំឭកថា ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្តនឹងផ្អាកលែងឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ទាំងស្រុង ក្នុងអំឡុងពេលដែលស្ពាននេះកំពុងដំណើរការជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា។ ការផ្អាកលែងឱ្យភ្ញៀវទេសចរឆ្លងកាត់ គឺដើម្បីបញ្ចៀសគ្រោះថ្នាក់ និងទុកលទ្ធភាពឱ្យក្រុមការងារជួសជុលស្ពានហាលនេះបានល្អប្រសើរ។ ក្នុងដំណាក់កាលកំពុងសាងសង់នេះ អាជ្ញាធរជាតិអប្សរាសម្រេចសាងសង់ស្ពានបណ្តែតទឹក បណ្តោះអាសន្នមួយ ដែលមានទទឹង១០ម៉ែត្រ និងបណ្តោយ២២០ម៉ែត្រ សម្រាប់ឱ្យភ្ញៀវទេសចរអាចចូលទៅទស្សនាប្រាសាទអង្គរបានតាមធម្មតា៕



No comments:

Post a Comment