Monday, November 28, 2016

សុវត្ថិភាពការងារនៅក្នុងការដ្ឋានគឺជារឿងសំខាន់ដែលJASAគិតគូរជាចម្បង

ចាប់តាំងពីអង្គរត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២មក មានស្ថាប័នជាតិនិងអន្តរជាតិបានចាប់ផ្តើមចូលមកចូលរួមអភិរក្សជួសជុលប្រាសាទនានាក្នុងតំបន់អង្គរ។ ដោយឡែក ក្រុមការងាររដ្ឋាភិបាលជប៉ុនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា JSA (Japanes Government Team for Safeguarding Angkor) ក៏បានចូលមកជួយអភិរក្សជួសជុលប្រាសាទក្នុងទឧទ្យានអង្គរដែរ ដោយបានជ្រើសរើសប្រាសាទបាយ័នសម្រាប់ជួសជុលអភិរក្សតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ ប៉ុន្តែចាប់ពីឆ្នាំ២០០៥មក JSA បានសហការជាមួយអាជ្ញាធរជាតិអប្សរាបង្កើតស្ថាប័នរួមគ្នាមួយហៅថា JASA (JAPAN-APSARA team for Safeguarding Angkor)។

នៅក្នុងការជួសជុលនូវប្រាង្គប្រាសាទដើម្បីកែលម្អឡើងវិញនោះ ដើម្បីហានិភ័យដល់កម្មករនិងភ្ញៀវទេសចរ ការដ្ឋាននីមួយៗតែងតែមានប្រព័ន្ធគ្រប់គ្រងការពារសុវត្ថិភាពការងារដល់កម្មករ និងភ្ញៀវទេសចរដែលចូលមកទស្សនាប្រាង្គប្រាសាទតាមការដ្ឋានជួសជុលនោះដើម្បីបញ្ជៀសហានិភ័យ។ តើ JASA មានប្រព័ន្ធការពារសុវត្ថិភាពការងារយ៉ាងណាខ្លះដល់កម្មករកំពុងធ្វើការនិងភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាង្គប្រាសាទក្នុងការដ្ឋានជួសជុលនោះ?

លោក សឿ សុធី ស្ថាបត្យករ និងជាប្រធានការិយាល័យ JASA ប្រចាំខេត្តសៀមរាប កំពុងជួសជុលប្រាសាទបាយ័នដែលជាអ្នកមើលខុសត្រូវការងារក្នុងការដ្ឋាននេះផ្ទាល់បានឲ្យដឹងថា តាំងពីឆ្នាំ១៩៩៤រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេល២០ឆ្នាំហើយ មិនដែលមានគ្រោះថ្នាក់អ្វីមួយកើតឡើងដល់កម្មករឬភ្ញៀវទេសចរដែលចូលមកទស្សនាប្រាង្គប្រាសាទក្នុងការដ្ឋានជួសជុលJASAនោះទេ។ នេះដោយសារJASAបានគិតគូរពីសុវត្ថិភាពកម្មករនិងភ្ញៀវទេសចរជាចម្បង។

លោកបញ្ជាក់ថាគ្រប់កម្មករដែលកំពុងធ្វើការក្នុងការដ្ឋានJASAតម្រូវឲ្យពាក់ឯកសណ្ឋាន មួកការពារសុវត្ថិភាព ម៉ាសការពារធូលីដីថ្មពេលកំពុងចាក់ដីបង្ហាប់ កាត់ថ្ម ដាប់ថ្ម វ៉ែនតាការពារកម្ទេចដែកពេលកាត់ដែក កាត់ថ្មស្បែកជើងការពារដើរជំពប់ថ្មឬដែកនិងគ្រឿងការពារសុវត្ថិភាពមួយចំនួនទៀត។ JASAតែងតែដាស់តឿនកម្មករឲ្យពាក់គ្រឿងការពារសុវត្ថិភាពជានិច្ច ពួកគាត់មិនហ៊ានធ្វេសប្រហែសទេ ព្រោះកម្មករទាំងអស់សុទ្ធតែជាកម្មករជំនាញនិងមានបទពិសោធន៍ច្រើន ។ បើមានកម្មករណាម្នាក់មានគ្រោះថ្នាក់យើងអាចនឹងបាត់បង់ធនធានមនុស្សដ៏សំខាន់ និងអាចរាំងស្ទះដល់ការងាររបស់យើងជាមិនខាន។

ចំណែកការការពារសុវត្ថិភាពជូនភ្ញៀវទេសចរវិញ លោកបានលើកឡើងថា ទោះបីជាការដ្ឋានJASAមានការជួសជុលរវល់យ៉ាងណាក៏ដោយក៏JASAមិនអាចទប់ស្កាត់បិទចរាចរណ៍របស់ភ្ញៀវទេសចរបានដែរ។ JASAបានធ្វើផែនទីបង្ហាញពីតំបន់ការពារ តំបន់ធ្វើការរបស់JASAជានិច្ច។ ក្រៅពីនោះJASAបើកច្រកមួយចំនួនទុកឲ្យភ្ញៀវទេសចរធ្វើដំណើរទស្សនាបាន គឺមិនឲ្យរាំងស្ទះដល់ភ្ញៀវទេសចរទេ។

ម្យ៉ាងទៀត រាល់របងឬខ្សែដាក់ការពារសុវត្ថិភាពJASAបានដាក់ស្លាកសញ្ញាហាមចូល ប៉ុន្តែបើមានភ្ញៀវទេសចរណាចង់ដឹងហើយសុំចូល JASAអនុញ្ញាតឲ្យចូលហើយJASAនឹងជួយពន្យល់គាត់។លើសពីនេះទៀតបើភ្ញៀវទេសចរណាចង់ដឹងព័ត៌មានលម្អិត ពួកគាត់អាចទៅមើលបញ្ជរព័ត៌មាននៅខាងត្បូងប្រាសាទបាយ័នដែលមានបិទព័ត៌មានស្តីពីការស្រាវជា្រវ តំបន់ជួសជុល តំបន់ហាមឃាត់និងតំបន់ទស្សនា៕





No comments:

Post a Comment