Monday, November 28, 2016

អាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យានៃសហរដ្ឋម៉ិចស៊ិចកូ ចុះអនុស្សរណៈនៃការយោគយល់គ្នាលើកដំបូង

គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានទទួលការអញ្ជើញពីក្រសួងវប្បធម៌នៃសហរដ្ឋម៉ិចស៊ិចកូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ បុរាណវិទ្យា និងទេសចរណ៍វប្បធម៌ដែលសព្វថ្ងៃអាជ្ញាធរជាតិអប្សរាបាន និងកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរក្នុងក្របខណ្ឌបេតិកភណ្ឌពិភពលោក។
នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងម៉ិចស៊ិចកូនៃសហរដ្ឋម៉ិចស៊ិចកូនោះ បានរៀបចំឡើងដោយស្ថាប័នជាតិ នៃសហរដ្ឋម៉ិចស៊ិចកូដែលមានឈ្មោះថា វិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យា (National Institute of Anthropology and History ហៅកាត់ថា INAH)។ វិទ្យាស្ថាន INAH មានបេសកកម្មពិសេសក្នុងការងារស្រាវជ្រាវ អភិរក្ស ការពារ និងផ្សព្វផ្សាយអំពីបុរេប្រវត្តិ បុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌរបស់ប្រទេស ម៉ិចស៊ិចកូ។ ប្រទេសធំៗមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនេះមានដូចជា៖ អេស្ប៉ាញ ទួគី ពេរូ ប្រេស៊ីល ហូឡង់ដ៍ និងព្រះរាជាណាចក្រកម្ពុជា។
លោក សុខ សង្វារ បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា រមណីយដ្ឋានអង្គរ ត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ថា ជាបេតិភណ្ឌពិភពលោកដែលមានការគ្រប់គ្រងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នក ជំនាញជាតិ និងអន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ក្នុងកិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាព។ ផ្អែកលើ បទពិសោធន៍ទាំងនេះហើយ ទើបក្រសួងវប្បធម៌នៃសហរដ្ឋម៉ិចស៊ិចកូ អញ្ជើញគណៈប្រតិភូពីអាជ្ញាធរជាតិអប្សរា ដើម្បីបង្ហាញអំពីបទពិសោធន៍ និងសមិទ្ធផលនៃការគ្រប់គ្រងរមណីយដ្ឋានពិភពលោកអង្គរ។ លោក សុខ សង្វារ ចែករំលែកបទពិសោធន៍ក្រោមប្រធានបទ “ការគ្រប់គ្រងទេសចរណ៍នៅរមណីយដ្ឋានពិភពលោកអង្គរ” និងលោក លី វណ្ណា ធ្វើបទបង្ហាញស្តីពី “អង្គរជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងសារមន្ទីររស់”។
ក្នុងដំណើរបំពេញបេសកកម្មនេះ លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបាន ទទួលសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់មួយ រវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យា របស់ប្រទេសម៉ិចស៊ិចកូ។ អនុស្សរណៈនេះគឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិរក្សបេតិកភណ្ឌ វប្បធម៌ និងអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌នៃប្រទេសទាំងពីរកម្ពុជា និង ម៉ិចស៊ិចកូ៕






No comments:

Post a Comment