Monday, November 28, 2016

លោក ម៉ម ប៊ុនហេង៖ មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក ត្រូវបានសម្ពោធជាផ្លូវការស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារកបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពីប្រទេសជប៉ុន កាលពីឆ្នាំ២០១៣កន្លងទៅ ដើម្បីពង្រីកមជ្ឈមណ្ឌលជាតិ ស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ដូចនេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រីប្រចំាការ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន តំណាងខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា, លោក Hidehisa HORONOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា, លោក ITSU Adachi ប្រធានតំណាងអង្គការ JICA ប្រចាំកម្ពុជា និងគណៈអធីបតីជាច្រើនរូបទៀត។
តាមប្រសាសន៍របស់ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានឱ្យដឹងថា គម្រោងនេះបានចុះហត្ថលេខា លើលិខិតប្ដូរសាររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ លើថវិកាសរុបចំនួន ១,០៩០,៥៤៧,០០០យ៉េន (ជិត១០លានដុល្លារ)។ លោករដ្ឋមន្ដ្រីបន្ដថា គម្រោងនេះ បានសាងសង់បន្ថែមអគារថ្មី១ខ្នង មាន៤ជាន់ សម្រាប់ជាមណ្ឌលបណ្ដុះបណ្ដាល ជួសជុលអគារចាស់ សម្រាប់ទទួលពិនិត្យព្យាបាលស្រ្ដី ទារក និងការផ្គត់ផ្គង់ ឧបករណ៍បរិក្ខារពេទ្យចំនួន១១មុខ ដែលនឹងផ្ដល់ប្រយោជន៍យ៉ាងធំ ក្នុងការចូលរួមកាត់បន្ថយ មរណភាពមាតា ទារក និងកុមារឱ្យបានលឿនថែមទៀត សម្រេចបានតាមគោលដៅ សហសវត្សប្រកបដោយចីរភាព។
លោក ប៊ិន ឈិន ក៏បានថ្លែងអំណរគុណដល់ភាគីជប៉ុនផងដែរ ដែលបានផ្ដល់អំណោយដ៏សប្បុរសនេះ សម្រាប់ជួយដល់សុខភាពមាតា និងទារក និងអរគុណដល់ក្រុមហ៊ុន Nihon Sekkei, Inc. Fujita Planning,Co Ltd., Taisei Corporation, Mitsubishi Corporation ដែលបានផ្ដល់សម្ភារៈ បរិកា្ខរពេទ្យ និង ជួយសាងសង់អគារថ្មីនេះផងដែរ។ លោក Hidehisa HORONOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានថ្លែងផងដែរថា លោកពិតជាសប្បាយចិត្ដណាស់ ដែលបានចូលរួមចំណែក ជួយដល់កម្ពុជា ហើយក៏អរគុណ ដល់កម្ពុជា ដែលតែងតែរីករាយស្វាគមន៍ជានិច្ច ដល់ប្រជាជនជប៉ុន ហើយយើងនឹងរក្សាមិត្ដភាពនេះកាន់តែប្រសើរបន្ថែមទៀត ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨០ ដែលបំពេញតួនាទី យ៉ាងសកម្មក្នុងការទទួលព្យាបាល និងចែកឱសថជូនស្ដ្រីមានផ្ទៃពោះ ស្រ្ដីដែលទើប នឹងឆ្លងទន្លេរួច ព្រមទាំងទារក និងកុមារតូច។ នៅឆ្នាំ២០១៥កន្លងទៅនេះ មន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក ក្នុងផ្នែកពិគ្រោះជំងឺក្រៅ បានទទួលស្ត្រីមានផ្ទៃពោះសរុបចំនួន១៣,៦៤១ករណី ទទួលពិនិត្យ រោគស្ដ្រី ៤,០៣៨ករណី ពន្យារកំណើត ៧៣២នាក់ ផ្ដល់ថ្នាំបង្ការដល់ទារកស្រ្ដីមានផ្ទៃពោះ ចំនួន ១០,៧១០ករណី ។ ផ្នែកសម្រាល មានការសម្រាលកូនសរុបចំនួន ៧,២៤០ករណី ការសម្រាលកូន ដោយវះកាត់ចំនួន២,០៧៧ករណី ការព្យាបាលសង្គ្រោះជីវិតទារក ទើបកើតមកមានទម្ងន់តិច និងមានបញ្ហានៅពេលកើតចំនួន ៩៤១នាក់ និងព្យាបាលរោគស្ដ្រីចំនួន ៤៩៣នាក់ ៕




No comments:

Post a Comment