លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តាមរយៈសារអេឡិចត្រូនិច Telegram នៅរសៀលថ្ងៃទី២៧ សីហា ឆ្នាំ២០១៧ បានលើកឡើងរបៀបផ្លែផ្កា ទោះបីមិនបានបង្ហាញចំៗ តែគេអាចដឹងថា គឺសំដៅទៅកាន់មេបក្សប្រឆាំងថា ដើម្បីអំណាច ទោះបីកូនស្រីក៏ហ៊ានបរិច្ចាកដែរ។
លោក សុខ ឥសាន បានមានប្រសាសន៍ថា «អំណាចគឺជាគោលដៅដ៏ធំចម្បង របស់អ្នកនយោបាយមួយចំនួន ដែលហ៊ានលះបង់អ្វីសព្វយ៉ាង ដើម្បីតែអំណាចនេះ ដោយអ្នកនយោបាយខ្លះ ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្រោចស្រង់ និងសង្គ្រោះជាតិឱ្យរួចផុតពីគ្រោះមរណៈ នៃរបបប្រល័យពូជសាសន៍ តួយ៉ាងដូចថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា នេះជាសក្ខីភាពស្រាប់ ដែលប្រជាជនកម្ពុជា គ្រប់ៗរូបបានដឹង និងឃើញច្បាស់ និងផ្ទាល់ភ្នែក រួចហើយ»។
លោក បានបន្តទៀតថា «ប៉ុន្តែ ក៏នៅមានអ្នកនយោបាយខ្លះទៀត ក៏ហ៊ានលះបង់ដែរ តែមិនហ៊ានលះបង់ អាយុជីវិតខ្លួនឯងទេ ព្រោះខ្លាចងាប់ខានបានកាន់អំណាចបែរជាហ៊ាន លះបង់សាច់ស្រស់ និងរូបសម្រស់របស់កូនក្រមុំ ទៅដោះដូរនឹងអំណាចទៅវិញ។ ម៉្យាងដែរ នេះហើយជាការដោះដូរ តាមផ្លូវត្រជាក់ ដែលហៅថាធ៌មអហឹង្សា បានអំណាចផង បានសមាជិកគ្រួសារថ្មីថែមផង ចំណេញទាំងនយោបាយផង ទាំងស្នេហាផង ទាំងសម្បាច់គ្រួសារផង ។ នេះបានហៅថាចំណេញ តាមទ្រឹស្តីបាញ់ព្រួញមួយ បានសត្វបីតែម្តង»។
លោក សុខ ឥសាន ក៏បានបញ្ជាក់បន្ថែមទៀត ប៉ុន្តែគួរឲ្យសោកស្តាយខ្លាំងណាស់ ព្រោះវាយឺតពេល និង ភ្លាត់ស្នៀតដោយសារមិនអាចទៅរួច នឹងភាពឈ្លាសវៃ របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យឧបាយកល ព្រួញមួយបាញ់បានសត្វបីនោះ ត្រូវបរាជ័យយ៉ាងអាម៉ាស់ ទាំងតួអង្គខ្មែរ ទាំងតួអង្គបរទេស។ ឥឡូវត្រូវបែកមុខ ឃើញច្បាស់ហើយ មានអីត្រូវដោះសារទៀត ? ចាប់ពីពេលនេះ ដល់ការបោះឆ្នោតឆ្នាំ២០១៨ រកក្បាច់លោតលែងបានហើយ ។ តែមិនអីទេ គ្រាន់តែអស់កូនក្រមុំ ពីរនាក់ប៉ុណ្ណោះ មិនបញ្ហា បើមិនបានអំណាច ក៏បានចៅដែរមិនថាអញ្ចឹង ?
ស្រដៀងនិងការលើកឡើង របស់លោក សុខ ឥសាន នេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះថា «កូនខ្មែរ» ក៏បានទម្លាយព័ត៌មាន ពីក្រុមអ្នក ប្រជាធិបតេយ្យសេរី ជឿនលឿននៅតៃវ៉ាន់ថា «ផែនការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានគេចងក្រង ចាក់ស្រេះប្រទាក់ក្រឡាគ្នា យ៉ាងស៊ីជម្រៅ។ វាមិនមែនគ្រាន់តែជាការ ឃុបឃិតរវាងបរទេសនិងខ្មែរ (Conspiracy Theory) ដោយមានការលូកដៃ យ៉ាងជ្រៅពីមហា អំណាចអាមេរិក ដូចកាលពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាផែនការដ៏ធំនេះ ត្រូវបានពង្រឹង បន្ថែមដោយ ទំនាក់ទំនាក់ស្នេហាផ្សារសាច់ឈាម យ៉ាងស្អិតល្មួតថែមទៀត រវាងពួកចារកម្មបរទេស ជាមួយក្រុមគ្រួសារ បក្សប្រឆាំងនៅកម្ពុជា»។
តាមហ្វេសប៊ុក កូនខ្មែរ បានបង្ហាញភស្តុតាងដែល ស៊ីសង្វាក់គ្នាយ៉ាងល្អ ដែលអាចពន្យល់បានច្បាស់លាស់ អំពីផែនការដ៏ល្អិតល្អន់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈការរៀបចំបណ្តាញ បដិវត្តពណ៌នៅកម្ពុជា ដោយរាប់បញ្ចូលទាំងទំនាក់ទំនង ស្នេហាទៀតផង។ ជាក់ស្តែងភ្នាក់ងារចារកម្ម CIA និងជាមន្ត្រីស្ថានទូតអាមេរិក ទទួលបន្ទុកកិច្ចការ នយោបាយប្រចាំកម្ពុជាឈ្មោះ Sam Downings គឺជាសង្សាររបស់ កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា។ ទំនាក់ទំនងស្នេហា រវាងកូនស្រីមេបក្សប្រឆាំង ដែលមានតួនាទី ជាមន្ត្រីនយោបាយ របស់បក្សសង្គ្រោះជាតិ ថែមទៀតនោះ អាចហៅថា ជាស្នេហា នយោបាយ (Political Wedding – Marriage Politique) ដើម្បីឃុបឃិតគ្នាកាន់តែស៊ីជម្រៅ ឈានទៅសម្រេចផែនការ ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំ នាយករដ្ឋមន្រ្តី ហ៊ុន សែន?
ចំណែកកូនស្រីលោក កឹម សុខា ម្នាក់ទៀតឈ្មោះ កឹម សាម៉ាធីតា (Kem Samathida) ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយឈ្មោះ Geoffrey Cain ដែលជាភ្នាក់ងារចារកម្ម របស់អាមេរិកបង្កប់ខ្លួន ធ្វើជាអ្នកកាសែតឯករាជ្យ ហើយធ្វើសកម្មភាព ជាសំងាត់នៅក្នុងប្រទេសកម្ពុជា។ Geoffrey Cain ធ្លាប់ទទួលជោគជ័យ ក្នុងការផ្តួលរំលំលោកស្រី ប៉ាក់ ហ្គន់ហេ ( Park Geun Hye ) នៅកូរ៉េខាងត្បូង។ ក្រៅពីទំនាក់ទំនងស្នេហា និងផ្ទាល់ខ្លួន យ៉ាងស៊ីជម្រៅ របស់កូនស្រីលោក កឹម សុខា ទាំងពីរជាមួយភ្នាក់ងារ ចារកម្មអាមេរិក ដោយផ្ទាល់ ក៏នៅមានភ្នាក់ងារចារកម្ម និងអង្គការ NGO របស់អាមេរិកជាច្រើនទៀត ដែល ត្រូវបានប្រើប្រាស់ ក្នុងផែនការផ្តួលរំលំដ៏ធំមួយនេះ។ ជនជាតិអូស្ត្រាលីឈ្មោះ James Ricketson ដែលជាអ្នកនិពន្ធ និងផលិតខ្សែភាពយន្ត ដែលបានធ្វើចារកម្ម នៅកម្ពុជាជាយូរ ឆ្នាំហើយនោះ ក៏បានជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងកម្ពុជាយ៉ាងគឃ្លើន ជាពិសេសក្នុង ពេលដំណើរការ ឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ ដោយជនជាតិអូស្ត្រាលីរូបនេះ បានឃុបឃិតជាមួយទណ្ឌិត សម រង្ស៊ី ថតយករូបភាព សកម្មភាពឃោសនា របស់គណបក្សសង្រ្គោះជាតិ ដើម្បីបំភ័ន្តសាធារណៈមតិ។
ចំណែកអង្គការ CANVAS ជ្រកក្រោមស្លាក IRI ក៏មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា ផងដែរនោះ ហើតាមរយៈនេះ ក៏បានបញ្ចូលមនុស្សជំនាញរបស់ខ្លួន មកកម្ពុជារៀបចំចាត់ចែង អនុវត្តគម្រោងការ ធ្វើបដិវត្តពណ៌ជាពិសេសគឺ Jackson Cox ដែលត្រូវបានអាមេរិក ចាត់បញ្ជូនមកឱ្យធ្វើជាប្រធាន IRI ប្រចាំនៅកម្ពុជាក្នុងឆ្នាំ២០០៤ ដោយមានការសហការ ជាមួយលោក កឹម សុខា ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) ។ Jackson Cox ក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយអាមេរិក បានជ្រើសរើសយកលោក កឹម សុខា សម្រាប់ធ្វើកិច្ចការឈានទៅសម្រេច ផែនការផ្តួល រំលំរដ្ឋាភិបាលលោក ហ៊ុន សែន ដោយប្រើបដិវត្តន៍ពណ៌។ ដើម្បីផ្តល់ទំនុកចិត្ត កាន់តែ ខ្លាំងចំពោះលោក កឹម សុខា អង្គការ IRI ដែលមានលោក Jackson Cox ជាប្រធានក៏ បានរៀបចំ ឱ្យកូនស្រីរបស់ កឹម សុខា គឺ កឹម មនោវិទ្យា និង កឹម សាម៉ាធីតា ទៅរស់នៅ និងបន្តការសិក្សា នៅអាមេរិក។ Jackson Cox (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៤-២០០៦) និង Lazar Antonic (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៦ -២០០៧) គឺនៅបន្តអនុវត្ត នូវផែនការផ្តួលរំលំ រដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែនដដែលហើយជាក់ស្តែង នៅចុងខែសីហា ឆ្នាំ២០១៣ អង្គការ CANVAS បានទៅបង្រៀនថ្នាក់ដឹកនាំ និងសកម្មជន CNRP ដល់ទីស្នាក់ការបក្សប្រឆាំងតែម្តង អំពីយុទ្ធសាស្រ្ត និងយុទ្ធវិធីធ្វើបាតុកម្ម និងកុប្បកម្ម។
លើសពីនេះ អង្គការមួយនេះ ក៏ជាអ្នកផ្តល់គំនិត ល្បិចនិងធនធានហិរញ្ញវត្ថុដល់ CNRP ដើម្បីប្រមែប្រមូលកម្លាំងគាំទ្រ ពីអង្គការក្រៅរដ្ឋាភិបាលបន្ថែមទៀត ក្នុងគោលដៅជួយជំរុញឲ្យ CNRP មានថាមពលគ្រប់គ្រាន់ ក្នុងការផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន ដូចជាការផ្តល់ថវិកាចំនួន 390.000 US$ ដើម្បីជួយ CNRP ក្នុងការរៀបចំផែនការ និងចាត់តាំងអនុវត្ត យុទ្ធសាស្រ្ត ចងក្រងបណ្តាញ ជាមួយអង្គការសង្គមស៊ីវិល និងយុវជន នេះបើយោងតាមប្រភព បណ្តាញស្រាវជ្រាវ នៅក្រៅប្រទេស ដែលបានបញ្ជាក់យ៉ាងច្បាស់។ ក្នុងការរៀបចំគម្រោងបន្ត អនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ហ៊ុន សែន នេះដែរ Jackson Cox និងលោក កឹម សុខា បានណាត់ជួបគ្នា ជាសម្ងាត់ នៅទីក្រុងបាងកក ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។ ទាំងនេះគឺជាផែនការដ៏ធំមួយ ដែលពួកបរទេស ឃុបឃិតជាមួយបក្សប្រឆាំងនៅកម្ពុជា ក្រោមការជួយជ្រោមជ្រែង និងលូកដៃយ៉ាងជ្រៅ ពីសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន តាមរយៈចលនាបដិវត្តន៍ពណ៌។
ការរៀបចំផែនការដ៏ធំ និងយ៉ាងយូរនេះឡើង ពីព្រោះពួកគេយល់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរតាមសន្លឹកឆ្នោត មិនអាចផ្តួលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឡើយ។ដូច្នេះស្នេហានយោបាយ ក៏ជាចំណែកដ៏សំខាន់មួយទៀត ក្នុងផែនការឃុបឃិត ដ៏ធំមួយនេះហើយទំនាក់ទំនងស្នេហានេះ គឺមិនមែនជារឿងចៃដន្យឡើយ។
ប្រភពពត៌មានពីក្រុមអ្នក ប្រជាធិបតេយ្យសេរីជឿនលឿន នៅតៃវ៉ាន់បានបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធសាស្ត្រដ៏សំខាន់មួយ របស់អាមេរិកគឺ ចងញាតិមានប្រសិទ្ធភាព ជាងចងមិត្ត៕
(ប្រភព៖ DAP)
No comments:
Post a Comment