Monday, August 28, 2017

ភ្ញៀវទេសចរជិត ៧ម៉ឺននាក់ ទៅទស្សនាប្រាសាទព្រះវិហារ

រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ប្រាសាទព្រះវិហារ មានភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅទស្សនាមានចំនួន ៦៨២៧៩នាក់ ក្នុងនោះភ្ញៀវបរទេស១២០៣០ នាក់ បើប្រៀបធៀបនៅឆ្នាំ២០១៦ ក្នុងរយៈពេលដូចគ្នានេះ កើនឡើង៥៥.៧៦%។
លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ថា ក្នុងមួយឆមាសក្នុងឆ្នាំ២០១៧នេះ ប្រាសាទព្រះវិហារ មានអ្នកទេសចរណ៍ទៅកម្សាន្តមានចំនួន ៦៨២៧៩នាក់ គឺមានការកើនឡើង៥៥.៧៦% បើប្រៀបធៀបក្នុងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០១៦។ ក្នុងនោះ មានភ្ញៀវជាតិចំនួន៥៦២៤៩នាក់ និងភ្ញៀវអន្ដរជាតិ មានចំនួន១២០៣០នាក់។ ការកើនឡើងភ្ញៀវទេសចរណ៍ គឺដោយសារតំបន់ទេសចរណ៍នោះ បានរៀបចំផ្លូវថ្នល់ឡើងភ្នំព្រះវិហារមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងមានសុវត្ថិភាពល្អដល់ភ្ញៀវទេសចរណ៍ ជាពិសេសប្រាង្គប្រាសាទបុរាណទាំងនោះមានភាពទាក់ទាញ។ ជាពិសេសទៅទៀតការអភិវឌ្ឍន៍ផ្លូវឡើងភ្នំ ទៅកាន់ប្រាសាទមានលក្ខណៈងាយស្រួល និងសុវត្ថិភាពល្អ។
ភ្ញៀវទេសចរណ៍មកពីខេត្តសៀមរាប ជាច្រើននាក់ បានសម្ដែងការភ្ញាក់ផ្អើល និងសប្បាយចិត្តនៅពេលឃើញប្រាសាទព្រះវិហារជាលើកដំបូង។ ពួកគាត់បានបន្ដទៀតថា ដំបូងឡើយរូបគាត់លឺតែផ្សព្វផ្សាយតាមទូរទស្សន៍ និងលឺនិយាយតគ្នាថា ប្រាសាទព្រះវិហារ មានភាពស្រស់ស្អាត និងបរិយាកាសល្អ ប៉ុន្តែនៅពេលឃើញផ្ទាល់ភ្នែក គឺប្រាសាទបុរាណមួយនោះ ស្រស់ស្អាត និងអស្ចារ្យជាងលឺគេនិយាយទៅទៀត។ ពួកគាត់បាននិយាយថា ស្ទើរមួយជីវិតទៅហើយ ពួកគាត់ទើបតែឃើញប្រាសាទព្រះវិហារលើកដំបូងប៉ុណ្ណោះ។ ពួកគាត់បានបន្ដថា នេះជាមោទនភាពមួយរបស់កម្ពុជា ដែលមានប្រាសាទដ៏ល្បីល្បាញនៅតាមព្រំដែនខ្មែរថៃ។ ពួកគាត់ស្នើឱ្យពលរដ្ឋខ្មែរ និងភ្ញៀវបរទេសទៅទស្សនាប្រាសាទព្រះវិហារ ឱ្យបានកាន់តែច្រើនដើម្បីជួយលើកស្ទួយវប្បធម៌ និងស្នាដៃរបស់បុព្វបុរសខ្មែរពីជំនាន់មុន។
សូមជម្រាបថា ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅខ្នងភ្នំដងរែក និងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឱ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះ អ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ទើបកសាងឡើងដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន។

ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩–៩១០) ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស ១០០២–១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣–១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០–១១០៩)៕

No comments:

Post a Comment