Monday, August 28, 2017

លិខិតចំហរពីកម្ពុជា៖ សូមកុំក្លាយជាទ្រង់ ស៊ីសុវត្ថិ សិរិមតៈទី២

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ គឺនៅមួយថ្ងៃមុនពេល ប៉ុលពត វាយដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ ទ្រង់ស៊ីសុវត្ថិ សិរិមតៈ បាន​សរសេរសំបុត្រ​មួយច្បាប់ខ្លី​សម្តែងវិប្បដិសារីជាខ្លាំង​ជាទីបំផុតផ្ញើទៅកាន់​មន្ត្រី​អាមេរិក​ដោយបដិសេធមិនចាកចេញពីប្រទេសកម្ពុជាក្នុងខ្លឹមសារថា៖ «… សូមលោកចងចាំថា បើសិនជា​ខ្ញុំ​ស្លា​ប់នៅ​ទីនេះក្នុងប្រទេសរបស់ខ្ញុំ ដែលខ្ញុំស្រឡាញ់ដូចម្តេចក៏ដោយចុះ ព្រោះ​យើង​​កើតមកនឹង​ស្លាប់​ទាំ​​ងអស់គ្នា នៅថ្ងៃមួយមិនខាន។ ខ្ញុំបានប្រព្រឹត្តិកំហុសមួយ គឺដោយសារតែជឿលើលោក និង​ជឿ​លើ​អាមេរិក…»។
ដោយជឿតាមល្បិចកលពិលពុលរបស់អាមេរិក ទ្រង់ស៊ីសុវត្ថិ សិរិមតៈ រួមជាមួយ លន់ ណុល បាន​ក្បត់​សម្តេច​ព្រះនរោត្តម សីហនុ ហើយបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះអង្គ និងប្តូរ​របប​ដឹក​នាំ​នៅ​កម្ពុជា​មក​ជា​របប​សាធារណៈរដ្ឋខ្មែរ។ តែទីបំផុតកូនជឹងមួយត្រូវអាមេរិកបោះបង់ចោលទុកឲ្យទ្រង់ស៊ីសុវត្ថិ សិរិមតៈ ត្រូវ ប៉ុលពត សម្លាប់​ចោល​ដោយ អារ-ក។
សភាពការណ៍​នយោបាយកាលពីទសវត្សរ៍ឆ្នាំ១៩៧០ និងនៅឆ្នាំ២០១៧នេះ គឺហាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រដៀងគ្នា ដែលប្រជាជនកម្ពុជាទាំងអស់ គប្បីស្វែងយល់មេរៀននេះ។ យើង​ត្រូវ​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​ជំហរ​នយោបាយរបស់សហរដ្ឋអាមេរិក និងជៀសវាងប្រការគេដើរខ្សែលើតាមរបៀប «អាមេរិក​ស៊ី​បាយ ហៅខ្មែរឲ្យចេញលុយ» ឬតាមរបៀបអាមេរិក យកទឹកដីខ្មែរជាឈ្នាន់បង្វែងសមរភូមិ ដើម្បី​សង្គ្រោះ​ដក​កងទ័ពខ្លួនចេញពីសង្គ្រាមវៀតណាម។ ឈាមខ្មែរ និងជីវិតខ្មែរជាង៨សែននាក់ បាន​ក្រាល​ជាព្រំ​សម្រាប់ការដើររបស់ក្រុមដែលហៅថា ប្រជាធិបតេយ្យ អ្វីដែលហៅថា សេរីភាព ក្រោម​ដំណក់​ទឹក​ភ្នែក ឈាម និងការឈឺចាប់៖
ទី១៖ ទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិក បានជាប់ផុងក្នុងសង្គ្រាមវៀតណាម ហើយ​ក៏ត្រៀម​ដក​ខ្លួន​ចេញ​ពី​អាស៊ីដែរ។ ពេលនោះអាមេរិកអស់ខ្យល់នឹងការធ្វើ សង្គ្រាមតទៅទៀតហើយ។ នៅកម្ពុជា​នា​គ្រា​នោះ ខ្មែរខ្លះក្តាប់សភាពការណ៍នេះមិនបានទេ ក៏ងាកទៅចាប់ដៃបម្រើ «អ្នកត្រៀមរត់» គឺចាប់​ដៃ​ជា​មួយ​អា​មេរិក ដែលត្រៀមរត់ចេញពីឥណ្ឌូចិនទៅហើយ។ ទីបំផុតអាមេរិកដកកងទ័ពរត់មែន ដែលគេហៅថា ចាញ់​សង្គ្រាម​វៀតណាមនៅ ឌៀនបៀនភូ នោះ។ ការឈ្លានពាន និងការ​ដែល​អាមេរិក​ទម្លាក់​គ្រាប់​បែក​ជាង​២លាន៧សែនតោន នៅលើទឹកដីកម្ពុជាយើង គឺជាការបើកសមរភូមិថ្មី ដើម្បី​ដក​កង​ទ័ព​អាមេរិក​នៅ​វៀតណាម​តែប៉ុណ្ណោះ។
មេរៀន​ប្រវត្តិសាស្ត្របា​​នប្រាប់យើងថា នៅក្នុងសង្គ្រាមវៀតណាម ដើម្បី​ផលប្រយោជន៍​អាមេរិក​នាពេល​នោះ ខ្មែររងគ្រោះ៣ដំណាក់កាល៖ ទី១) លន់ ណុល និង សិរិមតៈ យល់ថា អាមេរិក មិនរត់ចោលទេ ក៏សុខ​ចិត្ត​ធ្វើ​ជា«អាយ៉ង» អាមេរិក ដើម្បីធ្វើរដ្ឋប្រហារទម្លាក់ សម្តេច សីហនុ ដែល សម្តេច សីហនុ ប្រកាន់​ជំហរ​នយោបាយអព្យាក្រិត្យប្រឆាំងការជ្រៀតជ្រែករបស់អាមេរិក។ តែអកុសល ជាតិ បែក​បាក់​ធ្ងន់ធ្ងរ​ចាប់​ពីពេលនោះ។
ទី២៖ ប្រជាជនខ្មែរ៨សែននាក់ ត្រូវព្រាត់ប្រាស់និងបានស្លាប់ដោយសារការទម្លាក់គ្រាប់ B-52 របស់ អាមេរិក។ ពេលអាមេរិក និយាយថា កម្ពុជាជំពាក់បំណុលជាង៤០០លានដុល្លារ សូម​ខ្មែរ​ហ៊ាន​ផ្តាំ​ទៅ​អាមេរិក​វិញ​ថា៖ «អាមេរិក ជំពាក់ឈាមនិងជីវិតខ្មែរច្រើនណាស់»។
ទី៣៖ ពេលអាមេរិក ដកកងទ័ពចេញ គឺបានបន្សល់នូវរបួសផ្លូវចិត្តនិងការសងសឹកធំធេងក្នុងសង្គមខ្មែរ និង​បើកផ្លូវឲ្យ ប៉ុលពត ឡើងកាន់អំណាច។ ទីបំផុត ពួកអ្នកបម្រើអាមេរិកត្រូវប៉ុល ពត ចាប់អារ-ក។ ប្អូន​របស់​លន់ ណុល គឺ លន់ ណុន និង ទ្រង់ស៊ីសិវត្ថិ សិរិមតៈ សុទ្ធតែត្រូវ ប៉ុលពត សម្លាប់ចោលដោយ អារ-ក។ នេះហើយផលវិបាកនៃការក្តាប់មិនជុំជំហរនយោបាយរបស់បរទេស។ ប្រយោជន៍​គេ​សោះ​ខ្មែរ​ខ្លះ​ធ្វើ​ជា​ឧបករណ៍គេដោយក្រអឺតក្រទម។ ទីបំផុតបានត្រឹមវិប្បដិសារីដូចក្នុងសំបុត្រទ្រង់សិរិមតៈ។
ទី៤៖ ឥឡូវនេះឆ្នាំ២០១៧ ស្ថានភាពអាមេរិក ក្នុងរដ្ឋការប្រធានាធិបតី Donal Trump ក៏ស្រដៀងគ្នាដែរ។ ការ​សម្រេចចិត្តអត្តនោម័តរបស់ ដូណាល់ ត្រាំ (Executive Decision) គឺ​គណៈរដ្ឋមន្រ្តី​ដែល​តែង​តាំង​ជំនាន់​គាត់ ត្រូវបានដកចេញ និងលាឈប់ស្ទើអស់ហើយ មានន័យថា នៅសេតវិមាន មាន​ភាព​រង្គោះរង្គើ​ខ្លាំង​ណាស់។ គេបានព្យាករណ៍ថា តើដូណាល់ត្រាំ អាច​ទប់​កៅអី​ប្រធានាធិបតី​បាន​ ៦ខែ​ទៀត​ដែរ​ឬ​យ៉ាង​ណា? ដូណាល់ត្រាំ ក៏មិនចង់ធ្វើសង្គ្រាមតទៀតដែរ។ សូម្បីកូរ៉េខាងជើងដែល​សំញ៉ែង​ឥទ្ធិពល​អាវុធ​នុយក្លេអ៊ែរ​យ៉ាងណា ប៉ុន្តែ អាមេរិក ក៏​នឹងមិន​ធ្វើ​សង្គ្រាម​ដែល​គ្មាន​ចំណេញ​ដល់​ផល​ប្រយោជន៍​ខ្លួន​នោះ​ទេ។ ដូណាល់ត្រាំ ក៏នឹងមិនពង្រីកសង្គ្រាមនៅមជ្ឈិបបូព៌ាទៀតទេ មានតែដកថយ ដូច​នៅ​សង្គ្រាម​វៀតណាម។ ក្នុងករណីនេះ ខ្មែរខ្លះដែលចង់ធ្វើជា «ទ្រង់សិរិមតៈទី២» សូម​សិក្សាស្ថានភាព​ជំហរ​នយោបាយ អាមេរិក ឲ្យច្បាស់លាស់។ កុំចាប់ដៃបានត្រឹមអាម៊ីអាថោងផឹកកាហ្វេបង្ហោះហ្វេសបុក រួច​អួត​អាមេរិកៗ។ ប្រយ័ត្ន! ម៉ត់ ដូចម្រេចបុក!!។
ទី៥៖ គ្មានផលប្រយោជន៍ អាមេរិក នៅក្នុងប្រទេសតូចដូចនៅកម្ពុជានេះទេ។ វាមិនមែន​ជារឿង​សិទ្ធិ​មនុស្ស ឬប្រជាធិបតេយ្យនោះទេ។ ជម្លោះនៅវៀតណាម គឺ​ជារឿង​ប្រគួត​ឥទ្ធិពល​មនោគមន៍វិជ្ជា​សង្គ្រាម​ត្រជាក់​រវាង ឥន្ទ្រី និង ខ្លាឃ្មុំ គឺ អាមេរិក និង រុស្ស៊ី តែប៉ុណ្ណោះ។ ពិតណាស់បច្ចប្បន្ននេះ អាមេរិក ត្រូវ​ការ​ផលប្រយោជន៍​សេដ្ឋកិច្ច និងនយោបាយនៅអាស៊ី តែ អាមេរិក ក៏មិនងាកមក​អាស៊ី​តាម​រូបភាព​សង្គ្រាម​ទៀតទេ។
ទី៦៖ ហេតុអ្វីបានជា អាមេរិក មួយចំនួនតូចខិតខំការពាររឿងអត់ច្បាប់នៃ «អង្គការ» របស់ខ្លួនដូចជា NDI ជាដើម? ពីព្រោះអង្គការទាំងនេះ គឺជា «ភ្នាក់ងារ» នៃផលប្រយោជន៍អាមេរិក។ បើ​ប្រទេស​អធិបតេយ្យ​មួយ​ទាត់ចោលភ្នាក់ងារទាំងនេះអាមេរិក មានសន្លឹកបៀរឯណាសម្រាប់លេង!? ជាការកត់សំគាល់ថា បរិបទ​​ឥឡូវនេះគោលដៅរបស់អាមេរិក មិនមែនកម្ពុជាទេ តែគឺ ចិន និង រស្ស៊ី។
ទី៧៖ រឿងរ៉ាវការពិតក្នុងប្រវត្តិសាស្ត្រនិងនយោបាយដែលខ្មែរយើងគួរដឹង គឺត្រូវតែដឹង។ យើង​ត្រូវ​តស៊ូ​មតិ​ដោយ​ឆ្លាតវៃ ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងនាមរដ្ឋឯករាជ្យ និងរដ្ឋអធិបតេយ្យ។ ខ្មែរ​ទាំង​មួយ​ចំនួន​នោះ ក៏សូមជៀសវាងការខិតខំធ្វើឲ្យជាតិយើងបែកបាក់គ្នាសារជាថ្មីទៀត ដោយសារតែភាពល្ងិតល្ងង់ និង​ការ​បម្រើបរទេសដោយល្ងង់ខ្លៅ។ ប្រយ័ត្នការចាប់សម្ព័ន្ធភាពជាមួយអ្នកចាំកេង និង​អ្នក​ត្រៀម​រត់​ម្តង​ទៀត ដូចនៅសង្គ្រាមវៀតណាម។ យើងខ្ញុំសូមផ្តាំថា៖ «សូមកុំក្លាយជាទ្រង់ ស៊ីសុវត្ថិ សិរិមតៈទី២»៕

ប្រភព ៖ Freshnews












No comments:

Post a Comment