Friday, December 22, 2017

គំនិត​ផ្តួចផ្តើម​ផ្លូវមួយខ្សែក្រវ៉ាត់មួយ​របស់ ចិន​ជួបនឹងការ​ប្រឈមសន្តិសុខ​ថ្មីក្នុងឆ្នាំ ២០១៨​

ប្រទេសជាង ១៤០ និងអង្គការអន្តរជាតិចំនួន ៨០ កំពុងគាំទ្រ និងចូលរួមក្នុងគំនិត  ផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI) គំនិតនេះត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសចិនដែលត្រូវបានគេរំពឹងថា នឹងឈានចូលដំណាក់កាលថ្មីនៅក្នុងឆ្នាំ ២០១៨។ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថ្មីៗនេះបានអះអាងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍អន្តរជាតិ និងការទូតរបស់ចិននៅក្នុងឆ្នាំ ២០១៧ ដែលប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីនីមួយៗដើម្បី «ពង្រឹងកម្លាំងជំរុញថ្មីសម្រាប់ការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្លូវមួយខ្សែក្រវ៉ាត់មួយ»។

ប៉ុន្តែ គេគួរកត់សម្គាល់ផងដែរថា ហានិភ័យសន្តិសុខថ្មីកំពុងគំរាមទៅលើគំនិតដ៏ធំ   មហិមារនេះ។ ទោះបីជាទាំងរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើរដ្ឋអ៊ីស្លាមក៏ដោយ ក៏ការគំរាមកំហែងរបស់ភេរវករដែលកំពុងធ្វើឲ្យគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយប្រឈមមុខគឺពិតជាកំពុងតែកើនឡើងជាជាងការធ្លាក់ចុះ។ ប្រសិនបើកាលពីមុន កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ថិតនៅក្នុងផែនការ BRI ត្រូវជៀសវាងការគំរាមកំហែងរបស់ភេរវករ តាមរយៈការជៀសវាងកន្លែងដែលក្រុមភេរវករប្រមូលផ្តុំ ហើយយុទ្ធសាស្រ្តនេះនឹងលែងមានប្រសិទ្ធិភាពទៀតហើយ។

ពួកសកម្មប្រយុទ្ធត្រូវបានអូសទាញចេញពីមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយត្រូវបានបែកខ្ញែកគ្នានៅទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង អាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលទីកន្លែងទាំងអស់នេះជាទីតាំងសំខាន់ៗស្ថិតនៅក្នុងផែនការ BRI ។ ជាពិសេស តំបន់ភ្នំ និងបណ្តាញភេរវកម្មដែលមានស្រាប់នៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានធ្វើឱ្យប្រទេសទាំងពីរទំនងក្លាយជាការផ្តោតថ្មីរបស់រដ្ឋអ៊ីស្លាមដែលមិនបានដាក់អាវុធរបស់ខ្លួន។ នេះមានន័យថា ការគំរាមកំហែងរបស់ភេរវករកាន់តែខិតចូលទៅជិតប្រទេសចិន ដែលជាអ្នកផ្តួចផ្តើមនៃផែនការ BRI និងគម្រោងស្នូលនៃ BRI ជាច្រើនដូចជាច្រកសេដ្ឋកិច្ចចិន – ប៉ាគីស្ថាន។

អស្ថិរភាពនយោបាយបង្កឱ្យមានការព្រួយបារម្ភមួយទៀតចំពោះផែនការផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI)។ បរិយាកាសនយោបាយនៃប្រទេសដែលមិនមានស្ថិរភាពស្ថិតនៅក្នុងផែនការ BRI មិនសូវមានការរីកចម្រើន។ យោងទៅតាមសន្ទស្សន៍ស្តីពីភាពប្រេះឆានៃបណ្តា រដ្ឋ (FSI) ដូចជា យេម៉ែន សូម៉ាលី ស៊ីរី អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់នៅតែជាប្រទេសងាយផុយស្រួយបំផុតនៅលើពិភពលោក។ ការសម្លាប់លោក Ali Abdullah Saleh ដែលជាអតីតប្រធានាធិបតីយេម៉ែនដោយពួកឧទ្ទាមហ៊ូរី និងកុបកម្មនៅក្នុងតំបន់   Kurdish របស់អ៊ីរ៉ាក់បានបង្ហាញថា ស្ថានភាពនៃប្រទេសទាំងនេះអាចនឹងធ្លាក់ចុះថែមទៀត។

បន្ថែមពីលើនោះ អស្ថិរភាពនយោបាយកាន់តែរីករាលដាលនៅក្នុងប្រទេសមួយចំនួនដែលបានដាក់នៅក្នុងឋានៈជាប្រទេសមានស្ថិរភាព នៅក្នុងកំឡុងផ្លូវមួយខ្សែក្រវ៉ាត់មួយ ។ ឧទាហរណ៍ដូចជាតួកគី ដែលសន្ទស្សន៍ស្តីពីភាពប្រេះឆារបស់រដ្ឋបានធ្លាក់ចុះ ៣,៥ ពិន្ទុ នៅពេលដែលប្រទេសនេះកំពុងតែប្រឈមមុខទៅនឹងការតស៊ូប្រដាប់អាវុធដ៏ធ្ងន់រវាង   រដ្ឋាភិបាល និងក្រុមចលនា PKK របស់ពួក Kurdistan ក៏ដូចជាទទួលការលំបាកពីវិបត្តិស៊ីរី។ ឧទាហរណ៍ប្រទេសមួយផ្សេងទៀតគឺប្រទេស Ethiopia មានការបែកបាក់នយោបាយ និងសង្គមធ្ងន់ធ្ងរ។ ជាងនេះទៅទៀតនោះ មានប្រទេសមួយចំនួនដែលស្ថិតនៅក្នុងផែនការផ្លូវមួយខ្សែក្រវ៉ាត់មួយរាប់បញ្ចូលទាំងរុស្ស៊ី កម្ពុជា ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ីនឹងជួបប្រទះការបោះឆ្នោតឆ្នាំ ២០១៨។ ហានិភ័យមួយដ៏ចម្បងនៃការផ្ទេរអំណាចនៅក្នុងបណ្តាប្រទេសទាំងនេះគឺលុបចោលនៅក្នុងនយោបាយរដ្ឋាភិបាលចំពោះប្រទេសចិន និងផែនការ BRI នេះ។ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ ចិនប្រហែលជាក្លាយទៅជាប្រធានបទយុទ្ធនាការសម្រាប់បេក្ខភាពទៀតផង។ បេក្ខភាពមួយចំនួនអាចប្រកាន់យកទស្សនៈប្រឆាំងចិន និងប្រឆាំងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់ ដើម្បីទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ហើយស្ថានភាពនេះបានកើតឡើងរួចស្រេចទៅហើយ អំឡុងពេលការបោះឆ្នោតប្រធានា ធិបតីនៅប្រទេសម៉ុងហ្គោលីកាលពីខែមិថុនា។

ក៏ប៉ុន្តែវាមិនចប់ត្រឹមហ្នឹងទេ ការកើនឡើងនូវយុទ្ធសាស្រ្តរបស់មហាអំណាចធំៗនៅក្នុងផ្នែកជាច្រើននៃពិភពលោកទំនងជាធ្វើឲ្យជម្លោះតំបន់កាន់តែអាក្រក់។ សរុបសេចក្តីទៅការ ការបែកខ្ញែកនៃក្រុមភេរវករ ការកើនឡើងអស្ថិរភាពនយោបាយនៅក្នុងប្រទេសកំពុងរីកចម្រើនមួយចំនួនស្ថិតនៅក្នុងផែនការ BRI និងការធ្វើឲ្យជម្លោះក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើងបង្កជាភាពប្រឈមថ្មីដល់ផែនការ BRI ក្នុងឆ្នាំខាងមុខ ដោយអំពាវនាវឱ្យមានការឆ្លើយតបទៅនឹងហានិភ័យសន្តិសុខដែលបានរីករាលដាលជាងពេលមុន៕

ប្រភព: The Diplomat ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧


No comments:

Post a Comment