Friday, December 22, 2017

អភិបាលខេត្តស្វាយរៀងបញ្ជាក់ថា លោកស្វាគមន៍ និងគាំទ្រជានិច្ច ចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួន។

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស បានសម្ដែងនូវការអរគុណចំពោះលោកអភិបាលខេត្ត ដែលកន្លងមក តែងតែសម្របសម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោក អាចដំណើរការបានងាយស្រួល រលូន និងមានការរីកចម្រើនជាលំដាប់។ ជាមួយនេះ លោកក៏បានសំណូមពរដល់លោកអភិបាលខេត្ត សូមបន្តជួយគាំទ្រ ចំពោះគម្រោងវិនិយោគផ្សេងៗទៀត របស់ក្រុមហ៊ុននាពេលខាងមុខ។

មានប្រសាសន៍ក្នុងជំនួបនេះ លោក ម៉ែន វិបុល ក៏បានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើតការងារជាច្រើនកន្លែង សម្រាប់ប្រជាជនខេត្តស្វាយរៀង ដែលបានជួយឱ្យជីវភាពរស់នៅរបស់ពួកគាត់ មានភាពប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងក៏សូមចូលរួមអបអរសាទរ ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលចេះតែមានការរីកចម្រើនជាលំដាប់ ដែលមិនត្រឹមតែផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ប្រជាជន និងខេត្តស្វាយរៀងទាំងមូលផងដែរ។

ទន្ទឹមនេះ លោក ម៉ែន វិបុល ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តសូមស្វាគមន៍ គាំទ្រ និងសម្របសម្រួលសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគនានា របស់ក្រុមហ៊ុន ដែលជាផ្នែកមួយដ៏សំខាន់ ចូលរួមចំណែកក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត៕



No comments:

Post a Comment