Friday, December 22, 2017

ខេត្តកំពង់ឆ្នាំងរៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣

កំពង់ឆ្នាំង៖ ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំវេទិកាសាធារណៈ ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងកំពង់ឆ្នាំង និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

វេទិកាសាធារណៈនេះបានធ្វើឡើង នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំង ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន៤០០នាក់។

នៅក្នុងវេទិកាសាធារណៈនោះដែរ តំណាងប្រជាពលរដ្ឋបានលើកឡើង អំពីក្តីកង្វល់ និងសំណូមពរដល់គណៈអធិបតីដូចជា៖ សុំចាក់ផ្លូវ ក្នុងភូមិផ្សារលើ ដើម្បីភ្ជាប់ផ្លូវត្រពាំងបី, សុំដាក់បង្គោលអគ្គីសនី បំភ្លឺតាមផ្លូវភូមិផ្សារលើ និងភូមិសំរោង, បញ្ហាអគ្គីសនី, សុំបញ្ចុះតម្លៃទឹក, សុំស្ពានពីដើមពោធិ៍ទៅភូមិកណ្តាល និងបញ្ហាផ្សេងៗមួយចំនួនទៀត។

ជាការឆ្លើយតបទៅនឹងសំណូម ក៏ដូចជាក្តីកង្វល់របស់ប្រជាពលរដ្ឋគណៈអធិបតី និងមន្ទីរជំនាញបានទទួលយកដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដោយមានតម្លាភាព សមស្របតាមគោលការណ៍ច្បាប់ ហើយសំណូមពរដែលនៅសេសសល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ នឹងសិក្សាដោះស្រាយជូនជាបន្តបន្ទាប់ទៀត។

លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែគិតគូរដល់បងប្អូនជានិច្ច ហើយរដ្ឋាភិបាលមិនចង់ឱ្យប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយគឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។ លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រព្រឹត្តអំពើល្មើសច្បាប់, កុំបង្កអំពើហឹង្សាក្នុងគ្រួសារ និងសង្គម, ត្រូវទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់, ជួយអប់រំដល់កូនក្មួយអោយធ្វើអ្វីត្រូវគោរពតាមច្បាប់ និងកុំធ្វើអ្វីដែលសង្គមស្អប់ខ្ពើម ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ដោយអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ថៃ្ងនេះ ថៃ្ងស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍)៕




No comments:

Post a Comment