Friday, December 22, 2017

ខេត្តព្រះសីហនុរៀបចំខួបលើកទី១១ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ សាលាខេត្តព្រះសីហនុបានរៀបចំខួបលើកទី១១ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៧ ក្រោមប្រធានបទ « រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាព និង ពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សពីការជួញដូរ » ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ។

នាឱកាសនោះដែលលោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានថ្លែងអោយដឹងថា ការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៧ មានគោលបំណងបន្តយកចិត្តទុកដាក់ ក្នុងការការពារប្រជាពលរដ្ឋ ពីភាពរងគ្រោះដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបង្កអោយមានវិនាសសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងកា្លយជាទាសភាពសម័យទំនើប គួរអោយខ្លាច និងគួរអោយស្អប់ខ្ពើម។

លោកស្រីក៏បានរំលឹកការធ្វើទេសន្តប្រវេសន៍ គឺជាជម្រើសរបស់ប្រជាពលរដ្ឋ ដែលមិនអាចហាមឃាត់បាន ហើយក៏មិនមែនសុទ្ធតែជាហានិភ័យ ដែលគួរអោយជៀសវាងដែរ ប៉ុន្តែពលករមួយចំនួនធំ បានទទួលកម្រៃល្អ និងអាចលើកកម្ពស់ជីវភាពបានប្រសើរជាងមុន រួមទាំងទទួលបានជំនាញ បច្ចេកទេសកាន់តែប្រសើរគួរឲ្យមោទនៈ។ ប៉ុន្តែអ្វីដែលជាការបារម្ហនោះ ការធ្វើទេសន្តប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំអោយប្រឈមនឹងហានិភ័យដោយអំពើកេងប្រវ័ញ្ចនិងជួញដូរមនុស្ស។ លោកស្រីក៏បានថ្លែងនូវរបាយការណ៏ សង្ខេបដោយបង្រ្កាបបានចំនួន១៩ ករណី ២៥ មុខសញ្ញា កិច្ចប្រតិបត្តិការសង្រ្គោះជនរងគ្រោះចំនួន១៧ករណី មានជនរងគ្រោះជាស្រ្តីចំនួន២២នាក់ បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តចំនួន២៣ ករណី ២៦ មុខសញ្ញា។

ឆ្លៀតក្នុងឱកាសនោះដែលលោក យន្ត មីន ក៏បានថ្លែងនូវសុន្ទរកថា ដោយរំលេចនូវការកោតសរសើរចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំក្រុង/ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្ត និងអន្តរជាតិ ដែលបានរួមគ្នាដោះស្រាយប្រឆាំងដាច់ខាត ទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជនស្របទៅតាមទិសដៅ គោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកក៏បានបន្តទៀតថា ដើម្បីរួមគ្នាប្រឆាំងទៅនឹងអំពើជួញដូរមនុស្សនេះបាន គឺទាមទារមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ មានការរួមសហការគ្នា រួមទាំងមានការយល់ដឹងដូចគ្នា មានឆន្ទៈនិងការប្តេជ្ញាខ្ពស់ ដើម្បីអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាចុងក្រោយលោកក៏បានសំនូមពរ អោយសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមគ្នាដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ៕



No comments:

Post a Comment