Friday, December 22, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកដល់ក្រសួងការងារបញ្ជូនសាច់ប្រាក់ទៅឱ្យ ប.ស.ស ដើម្បីត្រៀមផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនី និងមន្រ្តីរាជការដែលឆ្លងទន្លេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនរំលឹកដល់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជូន​សាច់ប្រាក់​ទៅឱ្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ស​ម្រាប់​ការអនុវត្ត​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​កម្មការិ​នី មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់​អា​វុធ ​ដែល​ឆ្លង​ទ​ន្លេ ចាប់ពីម៉ោង​សូន្យ ខែមករា ឆ្នាំ​២០១៨។  លោកបានថ្លែងដូចនេះនៅថ្ងៃសុក្រ៥ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ វេ​លាម៉ោង៨ និង៣០នាទីព្រឹក ក្នុងឱកាស​អ​ញ្ជើ​ញ​ជាអធិបតី​បើក​​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចឱ្យក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់ និង​នេ​សាទ យ​ក​សេចក្តីព្រាងកម្មវិធីសកម្មភាពជាតិធ្វើការកែសម្រួលឡើងវិញ អោយបាន​ពេញ​លេ​ញ​ ដើ​ម្បី​ឱ្យ​ស្រប​ទៅ​តាម​​សក្តានុពលដីកសិកម្មដែលមាន ​​និងតម្រូវការ​អភិវឌ្ឍជាក់​ស្តែង​រប​ស់​ព្រះ​រា​ជា​ណាចក្រកម្ពុជាក្នុង​វិស័យ​​កសិកម្ម​​។ ដោយឡែកសម្រាប់គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័​យ​ឧស្សា​ហកម្ម​កម្ពុជា​​ឆ្នាំ​២០១៥-២០២៥ ត្រូវ​បាន​អនុ​ម័ត ​​ដោយគណៈ​រដ្ឋមន្រ្តី កាល​ពី​ថ្ងៃទី០៦ ខែ​មីនា​ ឆ្នាំ​២០១៥ និង​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី២៦​ ខែសីហា ឆ្នាំ​២០១៥ ដែលជា​មគ្គុទេ្ទស​ក៍ផងដែរដើម្បី​ជំរុញ​ការ​អភិ​វឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ ដែល​នឹង​រួម​ចំណែ​ក​ដល់​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកប​ដោ​យ​ចីរភាព​ និង​បរិយាប័ន្ន តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ ការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ និង​ការ​លើក​កម្ពស់​ផលិត​ភាព។

ចក្ខុ​វិស័យ​នៃ​គោល​នយោបាយអភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម​កម្ពុជា​​ឆ្នាំ​២០១៥-២០២៥ ​នេះ គឺ​ជំរុញ​កែ​ប្រែ​ និង​ធ្វើ​ទំនើប​កម្ម​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម​ឈាន​ទៅ​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥ ដោយ​ខិត​ខំ​សម្រេច​គោល​ដៅ​បី​សំខាន់​ គឺ៖​ទី១-ប​ង្កើន​ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម​ ជាពិសេស​វិស័យ​កម្មន្ត​សាល​ ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប, ទី២-ជំរុញ​ពិពិធ​កម្ម​មុខ​ទំនិញ​នាំ​ចេញ​ក្រៅ​ពី​សម្លៀកបំពាក់​ និង​ការ​នាំ​ចេញ​កសិផល​កែ​ច្នៃ, និង​ទី៣- គាំ​ទ្រដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​។ ដើម្បី​សម្រច​បាន​នូវ​ចក្ខុវិស័យ​ ​និង​គោល​ដៅ​ខាង​លើ​នេះ​ រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​​នូវ​យុទ្ធ​សាស្រ្តគន្លឹះ​បួន៖ ទី១-​ការកៀរគរ និង​ទាក់​ទាញ​​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​វិនិយោគ​ឯកជន​ក្នុង​ស្រុក​ ទី២- ការ​អភិវឌ្ឍ និង​ធ្វើ​ទំនើប​កម្ម​សហគ្រាស​ធុនតូច​ និង​មធ្យម​, ទី៣- ការ​កែ​លម្អបរិស្ថាន​និយត​កម្ម​ដើម្បី​​ពង្រឹង​ភាព​ប្រកួត​ប្រជែង និង​ទី៤-ការ​សម្រប​សម្រួល​គោល​នយោបាយ​គាំ​ទ្រ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំ​ និងជំរុញ​ថ្នាក់​ដឹកនាំ​ ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ និង​អា​ជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ដាច់ខាតបន្ត​ និងខិតខំ​អនុវត្តកម្មវិធី​កំណែ​ទម្រង់ នៅ​​​ចុងអាណត្តិ​ទី៥ នៃ​រដ្ឋ​ស​ភា​របស់​រាជ​រដ្ឋាភិបាល​តាម​រយៈ​ទិសស្លោក «ឆ្លុះ​កញ្ចក់ ងូត​ទឹក​ ដុសក្អែល ព្យាបាល»​​ ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​ទទួលបាន​ជោគជ័យ​​ថែមទៀត។​​ នៅចុងបញ្ចប់ លោកក៏បានថ្លែង​អំណរគុណ​ កោត​សរសើរ ដល់​មន្រ្តី​រាជការ កងកំលាំង​ប្រដាប់​អាវុធ​​គ្រប់​ប្រភេទ ដែលបានខិតខំបំរើការងារ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ​អស់​រយៈពេលពេញ​មួយឆ្នាំ​២០១៧ និងជូនពរ​សុខភាព​ល្អ  សិរីសួសួរស្តី សុខភមង្គល​ក្នុងគ្រួសារ​ក្នុង​ឱកាសបុណ្យចូលឆ្នាំ​ថ្មី ឆ្នាំសកល​ ​២០១៨ ខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះគឺដើម្បី​ឆ្លង៖ ១- សេ​ចក្តី​ព្រាងកម្មវិធីសកម្មភា​ពជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ឱន​ភាពដី​ឆ្នាំ ២០១៧-២០២៦​ ២ សេចក្តី​ព្រាងរបាយការណ៍ស្តីពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥  និង៣- បញ្ហា​ផ្សេងៗ៖ សំណើសុំ​ការ​យល់​ព្រម​ពី​គណៈ​រដ្ឋមន្រ្តី​ដើម្បី​សុំ​សច្ចាប័ន​​​ពី​ស្ថាប័ន​នីតិ​បញ្ញត្តិលើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ សេវាកម្ម​ក្រោម​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​ស្តីពី​សហ​ប្រតិ បត្តិ​ការ​សេដ្ឋ​កិច្ច​ទូលំ​ទូលាយ​រវាង​សមាគម​​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​សាធា​រណរដ្ឋ​ឥណ្ឌា៕







No comments:

Post a Comment