Friday, December 22, 2017

លោក ហ៊ុន ម៉ាណែត ថ្លែងថា នយោបាយល្អ ឬអាក្រក់ត្រូវមើលលើលទ្ធផលមិនមែនលើការនិយាយល្អនោះទេ

លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា នយោបាយល្អ ឬអាក្រក់ គឺត្រូវមើលលើលទ្ធផល មិន​មែនលើការនិយាយល្អនោះទេ។ បើលទ្ធផលនៃនយោបាយមួយធ្វើឱ្យប្រទេសចប់សង្គ្រាម រីកចម្រើនលឿនជាងគេ បានចំណាត់ថ្នាក់លេខ៦លើពិភពលោក (របាយការណ៍ធនាគារពិភពលោក) បើលទ្ធផលនយោបា យធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានឱកាសនេះហើយជាគោលន​យោ​បាយត្រឹមត្រូវ។ តែបើគ្រាន់តែគោលនយោបាយស្តាប់ទៅពិរោះ ហើយធ្វើមិនបាន នេះមិនមែនជានយោបាយល្អនោះទេ ព្រោះអ្នកណាក៏អាចនិយាយល្អបានដែរ យើងធ្លាប់មានមេរៀនរួចមកហើយដូចកាលរបបខ្មែរក្រហមជាឧទាហរណ៍។ លោកបានថ្លែងដូចនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យកម្ពុជា (UC) រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ។

លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះប្អូនៗ និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះ ហើយនេះជាលទ្ធផល នៃភាពជោគជ័យរបស់ប្អូនៗក្នុងការសិក្សាអស់រយៈពេល៤ឆ្នាំ ជាពិសេសគឺចូលរួមត្រេកអរចំពោះអាណាព្យាបាលដែលបានលះបងគ្រប់បែបយ៉ាអោយកូនៗបានសិក្សារហូតទទួលជោគជ័យ។ ជាមួយគ្នានេះលោកបានថ្លែងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើវិស័យអប់រំ បើប្រៀបធៀបទៅវិស័យផ្សេងៗព្រោះនេះដូចជាការវិនិយោគ ហើ​យការវិនិយោគធនធានមនុស្ស គឺជាការវិនិយោគធនធានមិនចេះរីងស្ងួតសម្រាប់ប្រទេសជាតិ យើងមានធនធានមនុស្សកាន់តែច្រើន និងជួយអភិវឌ្ឍប្រទេសយើងបានកាន់តែច្រើន។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះវិស័យអប់រំ រដ្ឋាភិបាលបានផ្តោតលើមុខព្រួញសំខាន់ពីរ ទី១- បរិមាណ គឺជាលទ្ធភាពដែលរដ្ឋាភិបាលខិតខំកសាងសាលាឱ្យដល់គ្រប់មូលដ្ឋាន និងបើកឱកាសឱ្យមានការចូលរួមចំណែកវិនិយោគពីវិស័យឯកជននានា ទី២-បង្កើនគុណភាពសិក្សាតាមរយៈកំណែទម្រង់ប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាព។ លោកបានបញ្ជាក់​ថា រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងប្រកបកិច្ចការដោយការប្រកួតប្រជែង ដោយភ្ជាប់ការជោគជ័យរបស់ខ្លួនឱ្យជាប់ជាមួយការជោគជ័យរបស់សង្គមជាតិ កុំឱ្យភាពជោគជ័យរបស់យើងម្នាក់ ទៅបំផ្លាញអ្នកដ៏ទៃឬសង្គមទាំងមូល។ លទ្ធផលនៃសន្តិភាពប្រជាពលរដ្ឋអាចធ្វើអ្វីៗគ្រប់បែបយ៉ាង មានការអភិវឌ្ឍគ្រប់វិស័យទាំងអស់រួមទាំង ពុទ្ធចក្រ និងសាសនាដ៏ទៃ ជាក់ស្តែងថ្ងៃនេះមានព្រះសង្ឃបានបញ្ចប់ និងទទួលសញ្ញាបត្រផងដែរ។

ទន្ទឹមគ្នានេះ លោក ក៏បានថ្លែងបញ្ជាក់ទៀតថា ប្អូនៗជាជំនាន់មួយនៃគ្រួសារ មានឱកាសបញ្ចប់កាសិក្សា និងទទួលសញ្ញាបត្រ ដែលខុសពីជំនាន់ឪពុកម្តាយយើង ពួកគាត់មិនមានឱកាសរៀនដូចយើង សូមរក្សានូវដំណែលសន្តិភាពនេះដើម្បីជាឱកាសដល់កូនចៅយើងទទួលបានជោគជ័យដល់ជំនាន់ក្រោយៗទៀត។ កន្លងទៅមានសិស្សនិស្សិតខ្មែរជាច្រើន បានចូលរួមប្រគួកប្រជែងជាមួយសិស្សនិស្សិតប្រទេសដ៏ទៃ ហើយទទួលបានជោគជ័យ និងបានមេ​ដាយជាច្រើន ដែលនេះបានបង្ហាញថាប្រព័ន្ធអប់រំរបស់ប្រទេសយើងក៏មិនអន់ជាងប្រទេសគេទេ។ លោកក៏បានផ្តាំទៅប្អូនៗត្រូវរៀនឱ្យចប់ រៀនឱ្យចេះ និងច្បាមយកអ្វីដែលថ្មីបន្ថែម ប្អូនៗមានឱកាសច្រើន តែឱកាសនោះត្រូវមានការប្រកួតប្រជែង បញ្ហាធ្វើឱ្យយើងខិតខំ ខិតខំធ្វើឱ្យយើងជោគជ័យ។ យើងមានជម្រើសច្រើនដែលខុសពីជំនាន់ឪពុកម្តាយយើងមានតែមួយជំរើស គឺតស៊ូឱ្យរស់សិន៕

(ប្រភព៖ Fresh News)






No comments:

Post a Comment