Friday, December 22, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបងប្អូនជនរួមជាតិចូលរួមបុណ្យសមុទ្រនៅខេត្តកែបឱ្យបានច្រើនកុះករ

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកដោយបានអំពាវនាវឱ្យបងប្អូនជនរួមជាតិចូលរួមបុណ្យសមុទ្រនៅខេត្តកែបឱ្យបានច្រើនកុះករ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងពេលដែលខ្យល់អាកាសត្រជាក់បន្តធ្លាក់នៅស្ទើរគ្រប់ទីកន្លែងពិសេសនៅតាមតំបន់មាត់សមុទ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «ខ្យល់អាកាសនៅបន្តធ្លាក់មកជាមួយធាតុអាកាសត្រជាក់ស្ទើរគ្រប់ទីកន្លែង ជាពិសេស​ នៅតាមតំបន់មាត់សមុទ្រ។ សូមបងប្អូនជនរួមជាតិថែរក្សាសុខភាពអោយបានល្អ ទន្ទឹមនឹងនេះ​ សូមកូន​ក្មួយមើលថែ​រក្សា​លោកយាយ លោកតា និងឪពុកម្តាយអោយបានល្អក្នុងខែរងារនេះ។ សូមអញ្ជើញបងប្អូនជនរួមជាតិទៅចូលរួមបុណ្យសមុទ្រនៅខេត្តកែបនៅចុងសប្តាហ៍នេះឱ្យបានច្រើនកុះករ និងសូមជូនពរជន​រួមជាតិជួបតែសេចក្តីសុខ និងធ្វើដំណើរមានសុវត្ថិភាពគ្រប់ទីកន្លែង»។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៦ (ជុំទី២) នៅខេត្តកែប ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ហើយនឹងបញ្ចប់នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។ ពិធីបុណ្យសមុទ្រ ឆ្នាំ២០​១៧នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» អ្វីដែលពិសេសជាងនេះទៀត ពិធីបើកដំណើរការជាផ្លូវការនៃព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ៕


No comments:

Post a Comment