Friday, December 22, 2017

ប្រយោជន៍​ផ្ទាល់ខ្លួន​បានកំណត់​គោលនយោបាយ​ របស់ចិន​ទៅលើ​សណ្តាប់ធ្នាប់​អន្តរជាតិ​

​ការ​កើន​ឡើង​យ៉ាង​លឿន​​ខាង​អំណាច​សេដ្ឋកិច្ច​ យោធា​ និង​អំណាច​ទន់​របស់​ចិន​ចាប់ពី​ទសវត្សរ៍ទី ៩០ មក​បាន​បង្កើន​ការ​ព្រួយ​បារម្មណ៍​ជា​លំដាប់​ដែល​ប៉េកាំង​ស្វះ​ស្វែង​ទាត់​ចោល​​សណ្តាប់​ធ្នាប់​អន្តរជាតិ​សេរី។ សណ្តាប់ធ្នាប់​ដែល​បង្កើត​ឡើង​ដោយ​អាមេរិក​ក្រោយ​សង្គ្រាម​នេះ​រួម​មាន​​បទដ្ឋាន​និង​ស្ថាប័ន​ជា​ច្រើន​ដែល​លើក​កម្ពស់​ពាណិជ្ជកម្ម​សេរី​​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ “បើក​ចំហរ​” ផ្សេង​ៗទៀត​ និង​បង្កើត​ជា​នីតិវិធី​ផ្អែក​លើ​ច្បាប់​សម្រាប់​ដោះ​ស្រាយជម្លោះ​រវាង​រដ្ឋ​និង​រដ្ឋ​ដោយ​សន្តិវិធី។​

អ្នកខ្លះ​ជឿ​ថា ចិន​បាន​ស្វែង​រក​ការ​ផ្លាស់ប្តូរ​សណ្តាប់​ធ្នាប់​នេះ​ក្នុង​វិធី​​ផ្សេង។ ឧទាហរណ៍ Amitav Acharya បាន​សរសេរ​ថា “វា​ជា​ការ​យល់​ខុស​ក្នុងការ​សន្និដ្ឋាន​ថា ដោយ​សារតែ​ចិន ឥណ្ឌា និង​មហាអំណាច​ដែល​កំពុង​លេច​មុខ​ផ្សេងៗ​ទៀត​បាន​ទទួល​ផល​ប្រយោជន៍​ពី​សណ្តាប់​ធ្នាប់​ដ៏​អានុត្តរៈភាព​សេរី​នោះ ពួក​គេ​នឹង​ធ្វើ​តាម​បទដ្ឋាន​និង​ស្ថានប័ន​​ទាំង​នោះ។ ពួក​គេ​ប្រហែលជា​មិន​ស្វែង​រក​ការ​រំលំ​វា​ចោល​នោះទេ ប៉ុន្តែ​អាច​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដែល​អាច​កែ​សម្រួល​ច្បាប់​និង​ស្ថាប័ន​​ក្នុង​សណ្តាប់​ធ្នាប់​បច្ចុប្បន្ន​នេះ”។​

ប៉ុន្តែ ទំនាក់ទំនង​របស់​ចិន​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ​សេរី​នោះ​គឺ​ដូច​គ្នា​ទៅ​នឹង​ទំនាក់​ទំនង​របស់​រដ្ឋ​ធំៗ​ផ្សេងទៀត។ នេះ​ក៏​ដោយ​សារតែ​សណ្តាប់​ធ្នាប់​នេះ​បាន​បម្រើ​ដល់​ផល​ប្រយោជន៍​ចិន។ ចិន​បាន​ចូល​រួម​ក្នុងកិច្ច​ព្រមព្រៀង​និង​ស្ថាប័ន​ដែល​បាន​បង្កើត​សណ្តាប់​ធ្នាប់​នេះ និង​គោរព​តាម​​ដូច​ដែល​រដ្ឋធំៗ​ផ្សេងទៀតដែរ​។ ចិន​បាន​ស្វែង​រក​ការ​មាន​ឥទ្ធិពល​លើ​សណ្តាប់ធ្នាប់​នេះ ប៉ុន្តែ​​នឹង​មិន​ផ្តួល​រំលំ ឬ​កែប្រែវា​ធំដុំ​នោះទេ។​

ទស្សនៈ​ជា​ច្រើន​ទៀត​ដែល​គេ​លើកឡើង​សម្រាប់​អ្វីដែល​បានជំរុញ​ដល់​គោល​នយោ​បាយ​ការ​បរទេស​របស់​ចិន​នោះ។ ទស្សនៈ​មួយ​ក្រុម​បាន​មើលឃើញ​ថា ចិន​កំពុង​លើក​កម្ពស់​មនោ​គម​វិជ្ជា​​ ឬ​ចក្ខុវិស័យ​ពិសេស​មួយ​នៃ​ប្រព័ន្ធ​អន្តរជាតិ​ និង​តួនាទី​របស់​វា​ ដូច​ជា​គោល​ការណ៍​​អធិបតេយ្យ​​ ពិភព​លោក​ពហុប៉ូល គោល​តម្លៃ​អាស៊ី ឬ​ការ​មាន​ប្រៀប​របស់ចិន។ ជា​ជំនួស​វិញ គោល​នយោ​បាយ​របស់​ចិន​អាច​ត្រូវ​គេ​មើលឃើញ​ថា ជា​ការ​ឆ្លើយ​តប​ជាក់ស្តែង​ទៅ​នឹង​ផល​ប្រយោជន៍​ជាតិ​របស់គេ​ ដូចជា​ការ​ការ​ពារ​សុខមាលភាព​របស់ខ្លួន ការ​លើក​កម្ពស់​ឥទ្ធិពល​របស់ខ្លួន​ និង​ការ​លុប​បំបាត់​ឥទ្ធិ​ពល​របស់​មហាអំណាច​កំពុង​ប្រគួត​ប្រជែង​ដូចជា​អាមេរិក។ ការ​ពិនិត្យ​មើល​ឡើង​វិញ​ដល់​​ការ​គ្រប់​គ្រង​​អន្តរជាតិ​ចោះ​ៗ​នោះ​បាន​គាំទ្រ​ដល់​ទស្សនៈ​ដែល​ថា អំណាច​ចរចា​របស់​ចិន​គឺផ្អែក​លើ​ផល​ប្រយោជន៍​ជាជាង​លើ​​​ការ​ធ្វើ​បដិវត្តន៍​ទាំងស្រុង។​

នៅ​ក្នុងការ​ចរចា​ពាណិជ្ជកម្ម​តំបន់​ ចិន​ចង់​បាន​ទីផ្សារ​ពិភព​លោក​កាន់តែ​បើក​ចំហរ​ថែម​ទៀត​ដល់​ការ​នាំ​ចេញ​ទំនិញរបស់ខ្លួន។ នៅពេល​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​​កំពុង​ត្រូវ​គេ​ចរចា ចិន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​នឹង​វា ប៉ុន្តែ​មិន​ចង់​ចូល​រួម ដោយ​សារតែក្របខណ្ឌ​​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ដាក់លក្ខខណ្ឌ​ដល់​កម្លាំង​ពល​កម្ម​និង​បរិស្ថានដែល​អ្នក​ធ្វើ​គោល​នយោ​បាយ​​ចិន​បានចាត់​ទុក​ថា មិន​ល្អ។ ជា​ជំនួសវិញ ចិន​បាន​ចូល​រួម​ ឬ​បង្កើត​កិច្ច​ព្រមព្រៀង​ទ្វេភាគី​និង​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេង​ទៀត​ ដូចជា​កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-ចិន និង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​របស់​តំបន់​ ដែល​បង្កើត​ស្តង់ដារទាប​ជាង​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​លើ​ការ​ការ​ពារ​សង្គម​និង​បរិស្ថាន។​

ការ​ចូល​រួម​របស់​ចិន​ក្នុង​ការ​គ្រប់​គ្រង​អាវុធ​និង​ការ​កាត់​រំលាយ​អាវុធ​នាពេល​បច្ចុប្បន្ន​​ក៏​បាន​គាំ​ទ្រ​ស្ថានភាព​យុទ្ធ​សាស្ត្រ​បច្ចុប្បន្ន​។ ចិន​បាន​គាំទ្រ​​ការ​ប្រឆាំង​ការ​អភិវឌ្ឍន៍​នុយក្លេអ៊ែ​កូរ៉េខាង​ជើង​និង​អ៊ីរ៉ង់​ ហើយ​ខ្លួន​បាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ការ​គ្រប់គ្រង​អាវុធ​បន្ថែម​ទៀត។ ប៉ុន្តែ​ ចិន​បាន​គាំ​ទ្រ​​សេចក្តី​ប្រកាស​តំបន់​គ្មាន​នុយក្លេអ៊ែរ ដែល​អាមេរិក ក្នុង​នាមជា​មហាអំណាច​នុយក្លេអ៊ែរ​​ប្រៀប​លើស​គេ មិន​បាន​គាំទ្រ។​ ស្រដៀង​គ្នា​ដែរ ចិន​បាន​គាំទ្រ​បំរាម​លើ​ការ​ប្រើ​ប្រើដំបូង​នៃ​អាវុធ​នុយក្លេអ៊ែរ​ ការ​អភិវឌ្ឍន៍​​មីស៊ីល​ប្រឆាំង​មីស៊ីល​ និង​ការ​ប្រណាំង​ប្រជែង​អាវុធ​នៅ​លំហ​រ​អាកាស​ ជាចំណុច​ទាំង​ដែល​អាមេរិក​ទទួល​បាន​ផល​ប្រយោជន៍​។​

ជា​រួម​ ចិន​គឺជា​អ្នកគាំទ្រ​​​លើ​ការ​គ្រប់​គ្រងនិង​ការ​រំសាយ​អាវុធ​ ប៉ុន្តែ​ដូច​ប្រទេស​ផ្សេង​ទៀត​ដែរ ចិន​ចង់​ទាញ​ផល​ប្រយោជន៍​ផ្ទាល់​ដោយ​គោរព​ទៅ​តាម​របៀប​ដែល​ច្បាប់​នោះ​​ត្រូវ​គេ​ប្រើ​និង​បង្កើត​ឡើង។​

ក្នុង​ពេល​ ២៥ ឆ្នាំ​កន្លង​ទៅ​នេះ ចិន​ក៏​បាន​ពង្រីក​ឥទ្ធិពល​ច្រើន​គួរ​សម​ដែរ​ទៅ​លើ​របៀប​​ដែល​ការ​គោរព​សិទ្ធិមនុស្ស​អន្តរ​ជាតិ​​មាន​ដំណើរ​ការ​។ ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​ ចិន​និង​ប្រទេស​សហការ​ណ៍​ផ្សេងទៀត​បាន​ជំរុញ​ឲ្យ​មាន​គោល​ការ​សាកល។

ស្រដៀង​គ្នាដែរ ចិន​គឺជា​អ្នក​លើក​កម្ពស់​មួយ​ដល់​ការ​ផ្តួច​ផ្តើម​គំនិត​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​​ដើម្បី​ឲ្យ​រដ្ឋ​នីមួយ​ៗ​​ដាក់បញ្ជូន​ផែនការ​សកម្ម​ភាព​សិទ្ធិមនុស្ស ដែល​អនុញ្ញាត​ឲ្យ​រដ្ឋ​នីមួយៗ​​ដើម្បីជំរុញ​​ការ​បក​ស្រាយ​ផ្ទាល់​ខ្លួន​នូវ​របៀប​ដែល​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​គួរ​តែ​ត្រូវ​បក​ស្រាយ​​សម្រាប់​ការ​ដាក់ពាក្យ​សុំ​នៅ​ក្នុង​ប្រទេស​នោះ។​ ឥទ្ធិពល​រួម​នៃ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ផ្សេងទៀត​​ ដូចជា​ការ​រឹត​បណ្តឹង​​ឥទ្ធិពល​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដើម​​ គឺ​ដើម្បី​ពង្រឹង​ជំហរ​ចិន​​ស្របតាម​អាទិភាព​​ដែល​ខ្លួន​កំណត់​ឡើង​ និង​​ការ​ពារ​ខ្លួន​​ពី​សម្ពាធ​ធ្ងន់ធ្ងរ​​តាម​រយៈ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ ដោយ​សារតែ​សមិទ្ធ​ផល​ការ​ទូតទាំង​នេះ ប៉េកាំង​​ហាក់ដូចជា​មិន​ចង់​កែប្រែធំៗ​ណា​មួយ​ក្នុង​របប​នោះ ឬ​ការ​បោះបង់​វា​ចោល​ទេ។​

ដូចគ្នា​ដែរ ចិន (ដូចប្រទេស​ផ្សេង​ទាំង​អស់ទៀត​ដែរ) បាន​បក​ស្រាយ​ច្បាប់​សមុទ្រ​​ដោយ​លម្អៀង​មក​លើ​ខ្លួន​។ បន្ទាប់ពី​បាន​​យល់​ព្រម​ទទួល​យក​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ច្បាស់​សមុទ្រ​នៅ​ឆ្នាំ ១៩៩៦ ចិន​បាន​បក​ស្រាយបទ​បញ្ញត្តិ​ច្បាប់​នោះ​លើ​ខ្ពស់​រាបបាតសមុទ្រ​និង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ដើម្បី​ទាមទារ​គ្រប់គ្រង​លើ​ផ្ទៃ​សមុទ្រ​ធំៗ។ ចិន​បាន​បង្ហាញការ​ទាម​ទារ​លើ​ទម្រង់​ដី​នៅ​សមុទ្រ​ដែល​ផ្អែក​លើ​បទ​បញ្ញត្តិ​ច្បាប់​អន្តរជាតិ​ដូចជា​ការ​បន្តការ​កាន់កាប់។ ចិន​បាន​បក្ស​ស្រាយ​លើ​បទ​បញ្ញត្តិ​​ស្តីពី​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ ដូចជា​ការ​បដិសេធ​ការ​ធ្វើ​ដំណើរបស់​នាវា​ជើង​ទឹក​អាមេរិក​និង​យន្ត​ហោះ​ទ័ព​អាកាស​អាមេរិក​ នូវ​សិទ្ធិ​ក្នុងការ​ធ្វើ​ប្រតិបត្តិការណ៍​ស៊ើបយក​ការ​ និង​សេរី​ភាព​នៃ​ការ​ប្រតិបត្តិការ​នៃនាវា​ចរ​ក្នុង​ដែន​ទឹក​ចិន​ដោយ​គ្មានការ​អនុញ្ញាត​ពី​ចិន។​

លើ​ការ​ប្រែប្រួល​អាកាសធាតុ​ ចិន​បាន​គាំទ្រ​​គោល​ការ​ពិធីសារ​ Kyoto និង​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស​​ឆ្នាំ ២០១៦។ ចិន​ក៏​បាន​លើក​ឡើង​ថា ខ្លួន​នឹង​បន្ត​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នោះ ទោះជា​ប្រធានាធិបតីអាមេរិក​ប្រកាស​ថា អាមេរិក​នឹង​ដកខ្លួន​ចេញពីកិច្ច​ព្រម​ព្រៀង​នោះ​ក៏​ដោយ។​

ជា​រួម ឥរិយាបថ​របស់​ចិន​ក្នុ​ង​សណ្តាប់ធ្នាប់​អន្តរជាតិ​មិន​បាន​បង្ហាញ​នូវ​ការ​លើក​កម្ពស់​ “គំរូ​ចិន​” ខុស​ប្លែក​គេ ឬ​ចក្ខុវិស័យ​​ផ្សេង​​ដល់​សណ្តាប់ធ្នាប់​ពិភព​លោក​នោះទេ។ ប្រសិន​បើ​មាន​ការ​ផ្លាស់ប្តូរ​ធំ​នោះ ចិន​ចង់​ក្លាយជា​មហាអំណាច​អភិរក្ស ពោល​គឺ ខ្លួន​ប្រឆំាង​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​អាមេរិក​និង​ដៃគូរបស់ខ្លួន​ក្នុងការ​គ្រប់គ្រង​ច្បាប់​ដែល​ខូ​ច​ប្រយោជន៍​របស់​ចិន។ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​របស់ខ្លួន​ជា​មួយ​វ៉ាស៊ីន​តុន​និង​សម្ព័ន្ធ​មិត្ត​របស់គេ​នោះ ចិន​ ជា​រឿយៗ​ បាន​ការ​ពារ​ការ​បក​ស្រាយ​អធិបតេយ្យ​ភាព​តាម​បែប​ចាស់​ទល់​នឹង​ការ​បក​ស្រាយ​មាន​កម្រិត​។ ដូច្នេះ​ វា​លំបាក​ក្នុង​ការ​ស្រមៃ​​ដល់​សេនារីយ៉ូ​ប្រាកដនិយម​ដែល​ថា ចិន​នឹង​ព្យាយាម​ធ្វើ​បដិវត្តន៍​ ឬ​ផ្តួល​រំលំ​បទដ្ឋាន​ពិភព​លោកណាស់៕

ប្រភព៖ East Asia Forum ចុះថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៧


No comments:

Post a Comment