Tuesday, December 06, 2016

ក​ម្ពុជា-កូរ៉េផ្លាស់​ប្តូរបទ​ពិសោ​ធន៍ និង​​ទស្សនៈ​ស្តី​ពីការផ្សព្វ​ផ្សាយតាម​ប្រព័ន្ធឌី​ជីថល​

(ភ្នំពេញ) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ មានការរៀបចំសិក្ខាសាលាមួយ ស្តីពីការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនទាន ស្តីពីការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅសណ្ឋាគារសូហ្វីធែល។
ក្នុងឱកាសនោះផងដែរ លោក សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីភាពបានបញ្ជក់ថា សាធារណរដ្ឋកូរ៉េ ជាប្រទេសឈានមុខគេមួយក្នុងការបង្កើតអភិវឌ្ឍន៍ និងផលិតសម្ភារដែលបម្រើឲ្យការងារផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ហើយសម្ភារទាំងអស់នោះ ក៏ត្រូវបានចែកចាយទូទាំងពិភពលោកផងដែរ។
លោក គីម យ៉ុងតេ ប្រធានសមាគមន៍លើកកម្ពស់វិទ្យុកូរ៉េ ក៍បានថ្លែងឱ្យដឹងផងដែរថា ថ្ងៃនេះ គឺជាថ្ងៃដ៍វិសេសវិសាល ដែលបានដាក់ឱ្យដំណើរការសាកល្បងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដែលជាមូលដ្ឋានគ្រិះសម្រាប់ការផ្លាស់ប្ដូរការផ្សព្វផ្សាយ។ លោកថា តាមរយៈនេះយើងសង្ឃថា ប្រជាពលរដ្ឋកម្ពុជា នឹងបានទស្សនាការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដែលផ្ដល់ជូននូវប្រព័ន្ធរូបភាពច្បាស់ ជាងការផ្សាយតាមប្រព័ន្ធ អាណាឡូស (Analoge)។
កម្មវិធីសិក្ខាសាលានេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នេះ ដោយរួមមានការធ្វើបទបង្ហាញ ស្តីពីប្រភេទសម្ភារៈ ដែលត្រូវបានប្រើប្រាស់ក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ការផ្លាស់ប្តូរបទពិសោធន៍ទាក់ទង នឹងព័ត៌មាន និងការពិភាក្សាគ្នារវាងស្ថាបនផ្សព្វផ្សាយកម្ពុជា និងកូរ៉េផងដែរ។ សិក្ខាសាលានេះដែរ បានទទួបានកិច្ចសហការឧបត្ថម្ភពីក្រសួងវិទ្យាសាស្ត្រ អាយស៊ីធី និងផែនការអនាគត នៃសាធារណរដ្ឋកូរ៉េ (MSIP), ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា, សមាគមន៍លើកកម្ពស់វិទ្យុកូរ៉េ(RAPA) និងសមាគមឧបករណ៍អេឡិចត្រូនិកកូរ៉េ (KEA)៕


No comments:

Post a Comment