Wednesday, January 10, 2018

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំថ្មីនៃអាជ្ញាធរកំចាត់មីនកម្ពុជាត្រូវប្រឹងប្រែងបន្តបេសកកម្មបោសសំអាតមីននៅកម្ពុជា

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អនុ​ប្រធានទី១ អគ្គលេខាធិការ និងអគ្គលេខាធិការរងនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំ​ចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ដែលប្រ ព្រឹត្តទៅនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានធ្វើការផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំថ្មីនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំ​ចាត់មីន និងសង្រ្គោះជនពិការដោយសារ មីនធ្វើការខិតខំប្រឹងប្រែងបន្តបេសកកម្មបោសសំអាតមីននៅកម្ពុជាដើម្បីជួយសង្រ្គោះប្រជាពល​រដ្ឋ ជាពិសេសដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានកោតសរសើរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដែលបានដឹកនាំប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនទៅមុខជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកក៏បានថ្លែងអំ ណរគុណដល់ភាគីអន្តរជាតិនានាដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាដើម្បីធ្វើសកម្ម​ភាព​ដោះមីននៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដីធ្លី ដែលជាការចូលរួមចំណែកក្នុងការកាត់បន្ថ​យភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានថ្លែងកោតសរសើរផងដែរដល់ប្រ តិ​បត្តិករបោសសំអាតមីនជាតិ និងអន្តរជាតិដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្តធ្វើការរំដោះផ្ទៃដីសម្រាប់បង្កបង្កើនផលនៅក្នុងវិស័យកសិកម្មនាពេលកន្លងមក។

លោកទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ថ្មីនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានបញ្ជាក់ថា កន្លងមកសកម្មភាពកំចាត់មីននៅកម្ពុជាទទួលបានសមិទ្ធិផលធំធេងណាស់ដែលបានរំដោះដីជូនប្រជាពលរដ្ឋក្រីក្រដើម្បីបង្កបង្កើនផល ប្រែក្លាយពីដីដែលគ្រោះថ្នាក់ទៅជាដីដែលធ្វើស្រែចំការបាន ក្លាយទៅជាដីដែលនាំចំ​ណូលជូនពួកគាត់ដើម្បីកសាងជីវភាពរស់នៅ។ លោកបន្តថាការងារដែលនៅសេសសល់ជាបន្តទៀតគឺការបោសសំអាតមីនឱ្យអស់នៅលើទឹកដីកម្ពុជាយើងដោយត្រូវបញ្ចប់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។

លោកទេសរដ្ឋមន្រ្តី លី ធុច ក៏បានបញ្ជាក់ថា នឹងខិតខំគៀងគរធនធានហិរញ្ញវត្ថុពីប្រទេសជាមិត្ត សហគមន៍ផ្តល់ជំនួយដែលកន្លងមករួមមាន ជប៉ុន អាមេរិក កាណាដា អូស្រ្តាលី ចិន ។ល។ រួមជាមួយរាជរដ្ឋាភិបាលរបស់យើងដែលបានផ្តល់នូវកញ្ចប់ថវិកាដល់មន្រ្តីរាជការដើម្បីបន្តធ្វើកិច្ចការនេះឱ្យបានចប់ជាស្ថាពរនៅឆ្នាំ២០១៥ ដែលយើងបានខិតខំប្រឹងប្រែងជាង២៥ឆ្នាំកន្លងមកហើយ៕












No comments:

Post a Comment