Wednesday, January 10, 2018

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ចិនជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ប្រទេសចិន គឺជាដៃគូដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជា ធាតុផ្សំដ៏សំខាន់ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

ក្នុងបទសម្ភាសន៍ មុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកកាន់ ប្រទេសកម្ពុជា នោះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ អាកាស យានដ្ឋាន ពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ហើយប្រទេសចិនបាន ដើរតួនាទី និងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ «កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគឺល្អឥតខ្ចោះ ពីព្រោះផ្លូវជាតិភាគច្រើននៅកម្ពុជា ត្រូវបានសាងសង់ក្រោម កម្ចីសម្បទាន និងជំនួយឥតសំណងពីប្រទេសចិន»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា មានផ្លូវថ្នល់ជាង ២,០០០គីឡូម៉ែត្រ ស្ពានធំៗឆ្លងកាត់ទន្លេចំនួន៧ និងកំពង់ផែកុងតឺន័រថ្មីមួយនៃកំពង់ផែស្វយ័តភ្នំពេញត្រូវបានស្ថាបនាក្រោមជំនួយរបស់ចិន។ ក្រៅពីផ្តល់ជំនួយហិរញ្ញវត្ថុប្រទេសចិន ក៏បានផ្តល់ជំនួយបច្ចេកទេស និងជួយបណ្តុះបណ្តាលមន្រ្តី ដឹកជញ្ជូនកម្ពុជាផងដែរ។ លោក ស៊ុន ចាន់ថុល បានបង្ហាញថាប្រទេសចិន នឹង វិនិយោគលើគម្រោង ព្រលានយន្តហោះអន្តរជាតិថ្មីមួយ និងគម្រោងផ្លូវហាយវេប្រវែង ១៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ទៅកាន់ ខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងសម្បទាន BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ) កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងទាំងនេះ នឹងត្រូវចុះហត្ថលេខានាពេលឆាប់ៗរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានគូសបញ្ជាក់ថា «ព្រលានយន្តហោះថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយជាមួយនឹងការកើនឡើងចំនួនភ្ញៀវទេសចរទៅកាន់តំបន់បេតិកភណ្ឌពិភពលោកអង្គរ។ សម្រាប់គម្រោងផ្លូវហាយវេភ្នំពេញ-ព្រះសីហនុ វានឹងក្លាយជាមធ្យោបាយដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចដោយសារវាភ្ជាប់ប៉ារ៉ាម៉ែត្រសេដ្ឋកិច្ចរាជធានីភ្នំពេញ និងកំណាត់សេដ្ឋកិច្ចព្រះសីហនុ»។
លោកបន្តថា «បង្គោលសេដ្ឋកិច្ចធំៗទាំងពីរត្រូវភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកដោយផ្លូវហាយវេ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចបន្ថែមទៀត»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលចិន ជាប្រទេសបានផ្តល់កម្ចី សម្រាប់ សាងសង់ផ្លូវ និងស្ពាននៅកម្ពុជា ច្រើនជាងគេមានទំហំទឹកប្រាក់រហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក។ ស្ពានឆ្លងកាត់ទន្លេសរុបចំនួន ៧ខ្សែដែលបានសាងសង់រួចនោះរួមមាន៖ ស្ពានស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានតាខ្មៅ។ ក្រៅការផ្តល់កម្ចីសាងសង់ស្ពានឆ្លងកាត់ទន្លេទៅ រដ្ឋាភិបាលចិន បានផ្តល់កម្ចីជួយសាងសង់ផ្លូវនៅកម្ពុជា រួចរាល់ បានប្រវែងជិត ២ពាន់គីឡូម៉ែត្រ និងកំពុងសាងសង់ជិត ៧រយគីឡូម៉ែត្រ និងត្រៀមសាងសង់មួយ ចំនួនទៀតផងដែរ ៕





No comments:

Post a Comment