Thursday, April 23, 2020

ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍សរុប៨គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

ព្រះវិហារ៖ នៅរសៀលថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០២០ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅមេរោគអេដស៍ សរុបចំនួន ៨គ្រួសារ នៅភូមិទំនប់ សង្កាត់ប៉ាលហាល និងបន្តសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំនៅមណ្ឌល​ចត្តាឡីស័ក កំរិត២ នៅទីតាំងផ្ទះសំណាក់គ្រូ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរ លោកប្រធានសាខាខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលលោកទាំងទ្វេតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ លោកក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគ​កូវីដ​១៩។

ចំពោះសម្ភារៈផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ថវិកាមួយចំនួន គ្រួសារកុមារីពិការ បន្ថែមជូន រទះរុញជនពិការ ១ សារុង៣ ក្រមា១ មុង១ និងភួយ១។ រីឯក្រុមគ្រូពេទ្យ ទទួលបានទឹកសុទ្ធចំនួន ២កេស ម៉ាស់ ១ដំ អាល់កុល ៥លីត្រ និងថវិកាចំនួន ២៦០,០០០ រៀលផងដែរ៕





No comments:

Post a Comment