Wednesday, November 11, 2020

ពិធីប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

 បាត់បំបង៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ឧត្តមសេនីយ៍ ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញចូលរួម ខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅមុខសាលាខេត្ត ដោយមានការចូលរួមពីដឹកនាំមន្រ្តីរាជការគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ផងដែរ។

លោក ងួន រតន: បានអានសារលិខិតទាំងស្រុង និងបានថ្លែងថា ៩វិច្ឆិកាជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្ត នៃការប្រកាសឯករាជ្យពេញលេញ របស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
ប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នា តែងតែចងចាំ និងចារឹកជាប់ជានិច្ច ក្នុងជីវិតនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជា ព្រះកាយពល និងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ទាមទាឯករាជ្យនៅកម្ពុជាឲ្យរួចផុតពីអាណានិគមនិយមបារាំង។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទីវង្គតហើយក៏ដោយ។
ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់គ្នាចូលរួមអបអរសាទរខួបលើកទី៦៧ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថា សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈនិងការអភិវឌ្ឍន៏ជាតិ។

ប្រការនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានដ៏រឹងមាំ គ្រប់ផ្នែក គ្រប់វិស័យធ្វើឲ្យកិត្យានុភាពរបស់ប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងផ្ទៃប្រទេស ក៏ដូចនៅលើពិភពលោកក្នុងនោះខេត្តបាត់ដំបង ក្រោមការណែនាំ និងតម្រង់ទិសរបស់លោក ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដមបង បានធ្វើឲ្យខេត្តបាត់ដំបងមានការរីកចម្រើនលើគ្រប់វិស័យ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម។ ស្ថិតក្នុងស្ថានភាពនៃរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលកើតឡើងវិញនៅរាជធានីភ្នំពេញ រដ្ឋបាលខេត្តនៅតែបន្តយកចិត្តទុកដាក់ណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចុះផ្សព្វផ្សាយ និងអប់រំនូវវិធានការ ការពារនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសរាល់ការជួបជុំគ្នាក្នុងពិធីផ្សេងៗ និងការបិទក្លឹបកំសាន្តជាពិសេសជំរុញការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងប្រកាន់ខ្ជាប់អនាម័យជាប់ជានិច្ច។

ក្នុងនាមរដ្ឋបាលខេត្ត ក៏សូមជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងក្នុងការចាត់វិធានការនានាដើម្បីបង្ការទប់ស្កាត់ នូវផែនការទុច្ចរិតរបស់ក្រុមប្រឆាំងរាជរដ្ឋាភិបាលសំដៅថែរក្សានូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជាតិទាំងមូលរបស់យើង៕







No comments:

Post a Comment