Wednesday, November 11, 2020

អភិបាលរងខេត្តសៀមរាប ស្នើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គមឱ្យបានល្អប្រសើរ

 សៀមរាប៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាស្រុកស្រីស្នំ បានរៀបចំប្រកាសចូលកាន់ដំណែងលោក ឡុត ញាន ឋានន្តរសកិ្តនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុក និងលោក ហម សុផល ឋានន្តរសកិ្ត ក្រមការដើមខ្សែ ជានាយករដ្ឋបាលសាលាស្រុកស្រីស្នំ ក្រោម អធិបតីភាពរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី លោក លោកស្រី នាយក-នាយិកា សាលាអនុវិទ្យាល័យ វិទ្យាល័យ និងអ្នកពាក់ព័ន្ធសរុបចំនួន៨៥នាក់។

លោកអភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកស្រីស្នំ ដែលបានរួមសាមគ្គីគ្នាក្នុងការកសាងអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ លោក បានបន្តទៀតថា សមិទ្ធផលដែលស្រុកសម្រេចបានកន្លងមកនេះជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលហើយក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលបានអនុវត្តចាប់តាំងពីឆ្នាំ២០០២ និងសម្រេចបាននូវសមទ្ធិផលជាច្រើនគួរជាទីមោទកភាព។ លោក ក៏លើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីដែលបានកំណត់ក្នុងច្បាប់ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

លោកអភិបាលរងខេត្ត បានស្នើដល់លោក អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកស្រីស្នំ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម៖
– ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឱ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នានានៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។
– បន្តខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមលក្ខណៈសម្បត្តិទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងស្មើភាព។
– ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវាសាធារណៈដែលប្រកាសដោយអន្តរក្រសួង ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមមាន ការសាងសង់សំណង់ផ្សេងៗ ឲ្យផុតពីដីចំណីផ្លូវ ការសាងសង់ផ្លូវថ្មី ពង្រីកផ្លូវ និងការកំណត់ដីចំណីផ្លូវ អូរ ប្រឡាយ ជាដើម។
– ជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ ស្រុក និងឃុំ ឲ្យ ទទួលបានជោគជ័យ។
– បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស ពិសេសការដឹកជញ្ជូន គ្រប់រូបភាព និងត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស លុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់គ្រប់រូបភាពក្នុងទឹកដីស្រុកស្រីស្នំ ទាំងមូល និងការយកកម្រៃមិនស្របច្បាប់ផ្សេងៗ។
– ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងចនាសម្ព័ន្ធរដ្ឋបាលស្រុក ដោយ អវត្តតាមសេចក្ដីណែនាំលេខ ០៥៥ សណន របស់ក្រសួងមហាផ្ទៃដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ខ្ពស់ ពិសេស អនុវត្តន៍ តាមអភិក្រមទាំង ០៥ គឺ ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ ។
– តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យយបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ៕






No comments:

Post a Comment