Wednesday, November 11, 2020

រាជរដ្ឋាភិបាលខិតខំដាក់ចេញយុទ្ធសាស្ត្រ កំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិរក្សានូវសន្តិសុខស្បៀងអាហារ

 ក្រចេះ៖ នៅព្រឹកថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណមន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ក្នុងក្រុងក្រចេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចុះសាកសួរសុខទុក្ខនិងបានចែកជូនពូជស្រូវ​ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទន្លេ នាពេលកន្លងមក ដែលមានស្រុកចំនួន០៤និងក្រុង១ស្មើនឹង១៨ឃុំ ៣សង្កាត់ត្រូវនឹង៨០ភូមិ ស្មើនឹង២.៣៧២គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជាដើមទុនសម្រាប់ធ្វើការដាំដុះឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គក្នុងឆ្នាំ២០២០នេះ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្ត លោក លោកស្រី ជាប្រតិភូអមដំណើរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋរងគ្រោះផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដោយមិនទុកឲ្យប្រជាពលរដ្ឋ​ណាម្នាក់អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។ លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រ កំណែទម្រង់ស៊ីជម្រៅនិងអភិវឌ្ឍលើគ្រប់វិស័យជាពិសេសវិស័យកសិកម្មឧស្សាហកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិរក្សានូវសន្តិសុខ​ស្បៀងអាហារជូនប្រជាជនកម្ពុជានិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ។

បងប្អូនប្រជាកសិករទាំង២.៣៧២ គ្រួសារ ក្នុងមួយគ្រួសារទទួលបានស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន១០ម៉ឺនរៀលដើម្បីស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះនិងភ្លៀងធ្លាក់ខ្លាំងរយៈពេលកន្លងទៅក្នុងភូមិសាស្រ្តខេត្តក្រចេះ បានទទួលរងគ្រោះនូវទឹកជំនន់ទន្លេមេគង្គតាមបណ្តាក្រុង ស្រុក បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៣ស្រុក/១ក្រុង ក្នុងនោះរួមមាន ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ៕






No comments:

Post a Comment