Wednesday, September 13, 2017

លោកស្រី ម៉ែន សំអន ចុះកិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយសហព័ន្ធនារីវៀតណាម

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសហព័ន្ធនារីវៀតណាម ឆ្នាំ២០១៧-២០២២ ដើម្បីបន្តកិច្ចសហ ប្រតិបត្តិការទ្វេភាគី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ។ លោកស្រី បានមានប្រសាសន៍ថា យោងតាមអនុវត្តតាមកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀត​ណាមឆ្នាំ២០១៣-២០១៧ និងយោងកិច្ចព្រមព្រៀងរវាងនារីបណ្តាខេត្ត ដែលជាប់ព្រំដែនគឺ ខេត្តស្វាយរៀង និងកំពង់ចាម ជាមួយខេត្តតៃនីញ ខេត្តស្វាយរៀង និងខេត្តឡុងអាន ខេត្តព្រៃវែង ជាមួយងខេត្តដុងថាប ខេត្តតាកែវ ជាមួយខេត្តអានយ៉ាង ខេត្តព្រះសីហនុ កំពត និងកែប ជាមួយខេត្តគៀងយ៉ាង ខេត្តក្រចេះជាមួយខេត្តប៊ីញភឿក ខេត្តមណ្ឌលគីរី ជាមួយខេត្តដឹតណុង សមាគមយើបានអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងសកម្ម ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ បានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្ស របស់សមាគមនារីយើងខ្ញុំ ដើម្បីគ្រប់គ្រង ដឹកនាំចលនាស្ត្រី នៅគ្រប់ថ្នាក់ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ក្នុងការបំពេញភារកិច្ច ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ជំរុញការចូលរួមរបស់ស្ត្រីឱ្យបានកាន់តែច្រើន នៅក្នុងការងារនយោបាយ និងការងារសង្គម រួមចំណែកក្នុងការអនុវត្តិឱ្យបានសម្រេចនូវទិសដៅ ជាយុទ្ធសាស្ត្ររបស់បក្ស និងរាជរដ្ឋាភិបាល។ ជោគជ័យទាំងនេះពិតជាមិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភ គាំទ្រយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសព្វបែបយ៉ាងពីសំណាក់បក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរបស់បងប្អូននារីទាំងអស់បានឡើយ។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ ក៏នៅមានចំណុចខ្វះចន្លោះមួយចំនួន ដូចជា៖ការខ្វះខាតខាងទំនាក់ទំនង ការផ្លាស់ប្តូរគណៈប្រតិភូ ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកមិនទាន់ធ្វើបានរលូន និងជាប់ជាប្រចាំនៅឡើយដែលទាមទារត្រូវកែលំអរនិងបំពេញបន្ថែម។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទីក្រុងហូជីមិញ បានមកពិនិត្យជម្ងឺជូនប្រជាពលរដ្ឋក្រីក្រកម្ពុជា នៅតាមបណ្តាខេត្ត និងចែកអំណោយជាថវិកា និងស្បៀងអាហារ បានចំនួន២៣,២២៨នាក់ ក្នុងនោះពិនិត្យនិងវះកាត់ភ្នែក បានចំនួន ១ម៉ឺន៨ពាន់៣៥៨នាក់ ពិនិត្យជម្ងឺទូទៅ និងរោគស្រ្តីបានចំនួន៩៧១០នាក់ ចែកអំណោយជូនប្រជាពលបានចំនួន ៣៥០២គ្រួសារ និងចែករទេះដល់ជនពិការបានចំនួន៣១០នាក់ ៕





No comments:

Post a Comment