Wednesday, September 13, 2017

ដំណើរទស្សនកិច្ច របស់គណៈប្រតិភូសហព័ន្ធ​នារីវៀតណាម​ គឺដើម្បីបន្ត​កិច្ចសហប្រតិបត្តិការ​ល្អរវាងប្រទេស​ទាំងពីរ​ កម្ពុជា​-វៀតណាម​

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូសហព័ន្ធនារីវៀតណាម ដឹកនាំដោយលោកស្រី ង្វៀង ធីធូហា សមាជិកគណៈកម្មាធិការកណ្តាល មជ្ឈឹមមបក្សកុម្មុយនីស្ត និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោក សាយ ឈុំ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយសហព័ន្ធនារីវៀតណាម នឹងរៀបចំវេទិកា ដើម្បីពួនជ្រុំកិច្ចសហប្រតិបត្តិការ នៅទីក្រុងហូជីមិញ។ ក្នុងកិច្ចសហប្រតិបត្តិការ រវាងសមាគមនៃប្រទេសទាំងពីរ គឺផ្តោតសំខាន់លើការឃោសនា អប់រំយុវជន ដើម្បីស្វែងយល់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកផងដែរ។

ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាម ស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ដែលត្រូវបានបង្កើតឡើងដោយអតីតព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតថ្នាក់ដឹកនាំវៀតណាមជំនាន់មុន។ លោក សាយ ឈុំ មានសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹងរួមចំណែកក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាម។ ជំនួយគាំទ្ររបស់សហព័ន្ធនារីវៀតណាម បានផ្តល់លទ្ធភាពជាច្រើនដល់សមាគមនារី ដើម្បីរួមចំណែកពង្រឹងស្ថាប័ន និងសមត្ថភាពមន្រ្តីរបស់សមាគមនារីកម្ពុជា។

ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានលើកឡើងទៀតថា តាមរយៈជំនួយគាំទ្រទាំងអស់នេះ ត្រូវបានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ននេះ ប្រជាជននៃប្រទេសទាំងពីរ កំពុងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងយូរអង្វែង។
លោកស្រី ង្វៀង ធីធូហា បានជម្រាបជូន ប្រមុខរដ្ឋស្តីទី អំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហព័ន្ធនារីវៀតណាម នៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ក្នុងនោះសមាគមនារីនៃប្រទេសទាំងពីរបានធ្វើការវាយតម្លៃ និងបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៣ ដល់២០១៧ ព្រមទាំងបានចុះអនុស្សារណៈយោគយល់គ្នាថ្មី ២០១៧ ដល់២០២០។ លោកស្រី ក៏បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនចំពោះថ្នាក់ដឹកនាំកំពូល នៃកម្ពុជាផងដែរ៕



No comments:

Post a Comment