Wednesday, September 13, 2017

បទវិភាគ៖ លោកទូតអាមេរិកកំពុងបន្តបំភ័ន្តប្រជាជាតិខ្មែរថាខ្លួនជាឯកអគ្គរដ្ឋទូតសហគមន៍អន្តរជាតិ

សម័យព័ត៌មានវិទ្យាទំនើបទៅហើយ បែរជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ នៅ​តែបន្តចាត់ថ្នាក់ប្រទេសរបស់គាត់ថាជាសហគមន៍អន្តរជាតិទៀត មិនចេះខ្មាស់អៀនសោះ​។ តាមរយៈព័ត៌មានវិទ្យាទំនើប គឺគ្រប់គ្នាបានដឹងច្បាស់ណាស់ថា ពិភពលោកបានវិវត្តន៍ទៅជា «ពហុប៉ូល» ដែលមាន «បងធំ» ច្រើន ពោលគឺមិនមែនមានតែសហរដ្ឋអាមេរិកតែម្នាក់នោះទេ។ សូម្បីតែលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីរបស់លោក William A. Heidt ក៏បានយល់ដឹងអំពីទិដ្ឋភាពពិតនៃពិភពលោកបច្ចុប្បន្ននេះផងដែរ។

តុល្យភាពមហាអំណាចពិភពលោក បានផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរណាស់ដល់ប្រទេសតូចៗក្នុងការពង្រឹងឯករាជ្យអធិបតេយ្យជាតិ តតាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង​ពីសហរដ្ឋអាមេរិក។ ជាក់ស្តែងបច្ចុប្បន្ននេះ ដូចជានៅតំបន់អាស៊ីគ្នេយ៍មានប្រទេសថៃ, ហ្វីលីពីន ជាដើម បានផ្លាស់ប្តូរនយោបាយការបរទេសរបស់ខ្លួន ដោយបានបញ្ចប់ទំនាក់ទំនង «ឯកប៉ូល» ជាមួយសហរដ្ឋអាមេរិកងាកទៅរក «ពហុប៉ូល» ក្នុងទំនាក់ទំនងល្អជាមួយចិន និងរុស្ស៊ី។ នេះមានន័យថាជាការផ្តាច់ចេញពីភាពចំណុះរាប់សិបឆ្នាំមកហើយក្រោម «ឯកប៉ូល» របស់សហរដ្ឋអាមេរិក ឬអាចនិយាយបានម៉្យាងទៀតថា ដោយបុព្វហេតុឯករាជ្យអធិបតេយ្យ និងដៃគូអភិវឌ្ឍន៍ចម្រុះប្រកបដោយប្រសិទ្ធភាពនៃយុគសម័យថ្មីប្រទេសទាំងនោះ លែងចាត់ទុកសហរដ្ឋអាមេរិកជាបងធំតែមួយគត់របស់ពួកគេទៀតហើយ។

ដោយឡែកកម្ពុជាក្នុងអតីតកាល ក៏បានស្គាល់រសជាតិអាណានិគមអាមេរិកក្នុងសម័យសាធារណៈរដ្ឋខ្មែររបស់លោក លន់ ណុល ច្បាស់ណាស់ដែរ។ ដូច្នេះ ស្របទៅនឹងបច្ចប្បន្នភាពពិភពលោក កម្ពុជាបច្ចុប្បន្ន ប្រកាន់​យកគោលនយោបាយ «អព្យាក្រឹត្យអចិន្ត្រៃយ៍» គឺជានយោបាយពង្រឹងភាពជាដៃគូ «ស្មើភាព និង ស្មើសិទ្ធិ» ពោលគឺ លែងដាក់ខ្លួនឱ្យអាមេរិកាំងមកធ្វើជាចៅហ្វាយនាយទៀតហើយ។

ដូច្នេះ ការចាប់ខ្លួនលោក កឹម សុខា ពីទោសក្បត់ជាតិ ព្រោះតែប្រព្រឹត្តបទ «សន្ទិដ្ឋិភាព» ជាមួយបរទេសគឺសហរដ្ឋអាមេរិកហ្នឹងឯង។ ចំណាត់ការផ្លូវច្បាប់នេះជាទឡ្ហីករណ៍បញ្ជាក់ពីការការពារអធិបតេយ្យភាពជាតិ និងសន្តិសុខរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។ បើទោះបីសហរដ្ឋអាមេរិកខំព្យាយាមប្រតិកម្មការពារអាយ៉ងរបស់ខ្លួនក៏ដោយ ប៉ុន្តែការលើកឡើងរបស់លោក កឹម សុខា បញ្ជាក់ថា អ្វីៗទាំងអស់ គឺធ្វើតាមអាមេរិក។ អញ្ចឹងសំខាន់គឺ អាមេរិកខ្លួនឯង ចាត់ទុកអ្វីដែលលោក កឹម សុខា អះអាងនោះ «ពិត ឬ មិនពិត»។ ប្រហែលជាសម្រាប់លោក William A. Heidt ពិបាកប្រកែកណាស់ ព្រោះពិភពលោក នរណាក៏គេជឿថាវាប្រាកដជាអញ្ចឹងមែនហើយ! ដូចពាក្យដំនៀលខ្មែរបូរាណពោលថា «មានប្រឡាយទើបទឹកវាហូរ មានសម្រាមទើបឆ្កែវាជុះ»៕

(ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)


No comments:

Post a Comment