Wednesday, January 27, 2021

លោក អ៊ុ រាត្រី​ ជំរុញឱ្យមន្ត្រីក្រោមឱវាទបន្តខិតខំដោះស្រាយ​បញ្ហាប្រឈមនានា​ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ​

 បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក ដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលាស្រុកថ្មពួក នោះធ្វើការដោះស្រាយហើយបញ្ហាដែលនៅសេសសល់ និងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត។

នៅក្នុងវេទិកាសាធាណៈនេះ ត្រូវបានតំណាងប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក បានលើកឡើងឱ្យរាជរដ្ឋាភិបាលអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធបន្តជួយដោះស្រាយ មានចំនួន៥៧ សំណូមពរ បញ្ហា គឺបញ្ហាក្តីព្រួយបារម្ភលើកង្វះទឹកធ្វើស្រែប្រាំង ការជួស ជុលផ្លូវដែលរងការខូចខាតនៅតាមមូលដ្ឋាន ប្រព័ន្ធធារាសាស្រ្ត និងមានបញ្ហាប្រឈមលើ ការអភិវឌ្ឍមូលដ្ឋានមួយចំនួនទៀតដែលតម្រូវឱ្យជួយដោះស្រាយជាបន្ទាន់។

នៅក្នុងឱកាសនោះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ ប្រជាពលរដ្ឋ ទាំងប្រុសទាំងស្រីក្នុងកិច្ចដំណើរការរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានបន្តទៀតថា ការបើកវេទិកានេះឡើងបានផ្តល់ឱកាសក្នុង ការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាល ថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ ប្រកបដោយសុចរិតភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គម ឱ្យកាន់តែល្អប្រសើរឡើង ម្យ៉ាង ទៀតក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះ ប្រជាពលរដ្ឋ និងសង្គមជាតិទៀតផង ហើយមានគោលបំណងសំខាន់លើគោលនយោបាយ ការកែលម្អនូវប្រព័ន្ធអភិបាលកិច្ច នៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងការជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកិច្ច នៅតាម មូលដ្ឋានដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស៕





No comments:

Post a Comment