Thursday, April 08, 2021

លោក អ៊ុំ រាត្រី ចុះត្រួតពិនិត្យគោលដៅអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ

 បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ខេត្តបាត់ដំបង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត ក្នុងគោលបំណងពង្រឹងការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

នៅក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។ នៅចំពោះមុខកងកម្លាំងគ្រប់គោលដៅ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តវិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់នូវគោលបំណង នៃបទបញ្ជាដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត ក៏បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ១០០គក, ទឹកបរិសុទ្ធ២០យួរ, មី៦កេសតូច, ទឹកត្រី៥យួរ, ទឹកស៉ីអ៉ីវ៥យួរ, ត្រីខ១កេស
និងឧបត្ថម្ភម្ហូបដល់កម្លាំង ក្នុងមួយគោលដៅ ថវិកា ៨០ មឺនរៀល។

គោលដៅ ដែលខេត្ត បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៧សំខាន់ៗរួមមាន៖
១- ស្រុកមង្គលបូរី០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
២- ស្រុកម៉ាឡៃ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
៣- ព្រះនេត្រព្រះ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀមរាប
៤- ស្រុកភ្នំស្រុក០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀម និងឧត្តរមានជ័យ
៥-ស្រុកថ្មពួក ០២ គោលដៅ ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ

សូមបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល បានធ្វើឡើងក្នុងគ្រាដែលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ កំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ និងរីកសាយភាយទៅកាន់ខេត្តជាច្រើន ដែលតម្រូវឱ្យមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមក ពីខេត្តមួយទៅខេត្តមួយ៕





No comments:

Post a Comment