Thursday, April 08, 2021

អភិបាលរងខេត្តក្រចេះ ចុះត្រួតពិនិត្យក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

 ក្រចេះ ÷ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោក គង់ គឹមនី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត បានចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្តទាំង២(ក្រចេះ-មេមត់ និងក្រចេះ-កែវសីម៉ា) ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ដោយអនុវត្តតាមសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំលេខ០០៤សណន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក គង់ គឹមនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថកិច្ចរឹតបណ្តឹងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះ លោកបានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ចដែលបានឈរជើងនៅគោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។

លោកអភិបាលរងខេត្ត បានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាលបានគិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូនក្នុងគ្រួសារ និងសង្គមជាតិ ហើយចំពោះអ្នកចំណូលស្រុកត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬនៅមណ្ឌលចត្តាឡីស័ក អោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ (៣ការពារ ៣កុំ) របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។

ក្នុងឱកាសនោះ លោកក៏បាននាំយកសម្ភារៈមួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅទាំង២ខាងលើ រួមមាន ÷ អង្ករ អាល់កុល ម៉ាស់ និងថវិកាចំនួន១លានរៀលក្នុង១គោលដៅ៕





No comments:

Post a Comment