Wednesday, March 25, 2015

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន បាន​​ដាក់​​ចេញ​​អនុសាសន៍​​១២​​ចំណុច​​ក្នុង​​សន្និបាត​​ប្រចាំ​ឆ្នាំ​​របស់​​ក្រសួង​​អប់រំ

 
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​នាព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៥ បាន​កោត​សរសើ​ចំពោះ​ការរៀបចំ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​របស់​ ក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​ចាត់​ទុថា ជាវេទិការ​ជួបជុំ​សម្រាប់​ប្រមូល​ផ្តុំ​នូវ​ធាតុ​ចូល ដើម្បី​កែទម្រង់ និង​លើក​កំពស់​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស។
ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ឯកឧត្តម​ បណ្ឌិតសភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ការ​ជួបជុំ​គ្នា​ថ្ងៃ​នេះ គឺ​ជាព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​យ៉ាងជ្រាល​ជ្រៅ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ នូវការ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ របស់​រាជ​រដ្ឋាភិ​បាល ក្នុង​ការ​អភិវឌ្ឍ​វិស័យអប់រំ​យុវជន និង​កីឡា​នៅកម្ពុជា។ ព្រឹត្តិការណ៍​នេះ​ក៏​ជាវេ​ទិ​កា​ដ៏​ល្អ​សម្រាប់​អ្នកជំនាញ​អ្នក​ស្រាវជ្រាវ និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​ក្នុង​វិស័យ​អប់រំ ផ្លាស់​ប្តូរ​យោបល់ និង​បទពិសោធន៍ ព្រម​ទាំង​ការអនុវត្ត​ល្អៗ​សម្រាប់​ជា​ធាតុចូល ក្នុងការ​បង្កើន​ប្រសិទ្ធ​ភាព​ថែមទៀត​នៃការ​អនុវត្តគោល​នយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ យុវជន និង​កីឡា ព្រមទាំង​សម្រាប់​លើកទិស​ដៅ​ការងារ​របស់​ក្រសួង​ក្នុង​ឆ្នាំសិក្សា​ថ្មី​ ឱ្យបាន​កាន់​តែ​ប្រសើរ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ថ្មីៗ​នៃ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ ប្រកប​ដោយ​គុណភាព​ខ្ពស់​ទាំង​ចំណេះ​ដឹង ចំណេះ​ធ្វើ គុណធម៌ និង​សីលធម៌។
នៅ​ក្នុង​ការរៀបចំ​សន្និបាត​បូកសរុប​ការងារ ​ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៥ នេះ​ក្រសួងអប់រំ​យុវជន និង​កីឡា បាន​សំរេច​ដាក់ចេញ​នូវគោលនយោបាយ​ចំនួន​៧ ចំនុច​ដើម្បី​ពង្រឹង​វិស័យអប់ នៅ​កម្ពុជា​រយៈពេល​៤ឆ្នាំ។ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានលើក​ឡើង​ក្នុងសន្ទរកថា​ថា ​ការដាក់ចេញ​នូវ​គោល​នយោបាយ​ទាំង ៧​ចំណុច​នេះ គឺ​ដើម្បី​បង្កើន​លទ្ធភាពទទួល​បានការអប់រំ​នៅ​កម្រិត​មធ្យម​សិក្សា និង​ក្រោយ​មធ្យម​សិក្សា​ប្រកប​ដោយ​គុណភាព។ គោល​នយោបាយ​ទាំង៧ ចំណុច​នោះ​រួមមាន ការ​អប់រំ​លើ​កុមារ​តូច ការអប់រំ​ថ្នាក់​បឋម​សិក្សា ការ​អប់រំ​ថ្នាក់​មធ្យម​សិក្សា និង​អប់រំ​បច្ចេកទេស ​ការអប់រំ​ថ្នាក់​ឧត្តមសិក្សា ការអប់រំ​ក្រៅ​ប្រព័ន្ធ ការ​អភិវឌ្ឈ​យុវជន ព្រម​ទាំង​ការអប់រំ​កាយ និង​កីឡា​ផងដែរ។
ឯកឧត្តម ហង់ ជួន ណារ៉ុន ក៏​បានបញ្ជាក់​បន្ថែម​ទៀត​ថា ការ​ដាក់​ចេញនូវ​គោល​នយោបាយ
ទាំង៧ ចំនុច​របស់​ក្រសួង​អប់រំ​នៅពេល​នេះ គឺ​សំដៅ​ផ្តល់​ការយក​ចិត្តទុក​ដាក់​លើការ​បំ​ពេញ​ការងារ​គណនេយ្យភាព និង​លទ្ធភាព​ច្បាស់លាស់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ដំណាក់​កាល​ទី​៣ របស់​រដ្ឋាភិបាល និង​អាទិភាព​អប់រំ​នៅក្នុង​ផែន​ការយុទ្ធ​សាស្ត្រអ​ភិវឌ្ឈន៍​ជាតិ ២០១៤​-​២០១៨​។
គិត​ត្រឹម​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ​២០១៤ ក្រសួងអប់រំ​យុវជន និង​កីឡា ខិតខំ​កសាង​អគារ សិក្សា​នៅទូទាំង​ប្រទេស ដែល​ក្នុងនោះ​លទ្ធផល​សំរេច​បាន​ទាំងសាលារៀន​ចំណេះ​ទូទៅ សាធារណៈ និង​ឯកជន​សរុប​ចំនួន ១២៨៦៣ ក្នុង​នោះ​រួមមាន សាលា​មត្តេយ្យ​សិក្សា​ចំនួន ៣៦៧៨ សាលាបឋម​សិក្សា​ចំនួន ៧៣៤៦ អនុវិទ្យាល័យ​ចំនួន ១២៩៥ និង​អនុវិទ្យា​ល័យ​ចំនួន ៥៤២។ ចំនែក​ឯ​គ្រឹះស្ថាន​ឧត្តមសិក្សា​មាន​ចំនួន​១១០ ក្នុងនោះ គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​រដ្ឋ​មាន​៤៣ និង​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជន​មាន​៦៧ ដែល​មាន​ទីតាំង​សិ្ថត​នៅ​តាម​រាជធានី ខេត្ត​ចំនួន​១៩។
ចំណែក​សិស្ស​ដែល​បានចូល​សិក្សា​ទាំង​ សាលារដ្ឋ និង​សាលាឯក​ជនពី​មតេ្តយ្យ​សិក្សា ដល់​មធ្យម​សិក្សា​មាន​ចំនួន ៣ ១១២ ៩៦៩នាក់ ក្នុង​នោះ​មាន​សិស្ស​ស្រី ១ ៥២០ ៣១១​នាក់ ស្មើ​នឹង​៤៨,៨%។ រីឯ​និស្សិត​ចាប់​ពីបរិញ្ញាបត្ររង​ដល់​ថ្នាក់​បណ្ឌិត​មាន​ចំនួន ២៤៩ ០៩២នាក់ នារី ១០៣ ៦៦១​នាក់ ស្មើ​នឹង​៤១,៦%។
ជាមួយគ្នា​នោះ​ដែរ ក្រសួង​មានគ្រូ​អក្ខរកម្ម​ចំនួន១​ ២១១​នាក់ ក្នុងនោះ​មាន​ស្រី ៤៨៣​នាក់ និង​មាន​អ្នកចូលរៀន​ចំនួន ២៦ ៦០១នាក់ ស្រ្តី​មាន​ចំនួន​៦៧,៧%។
ឯកបណ្ឌិត​សភាចារ្យ សុខ អាន បាន​កោត​សរសើរ​ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ ឯកឧត្ដម លោក​ជំទាវ អស់​លោក លោក​ស្រី ជា​មន្ត្រីអប់រំ​គ្រប់​លំដាប់​ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មាតា​បិតា​សិស្ស-និស្សិត សហគមន៍ សប្បុរស​ជន និង​អាជ្ញាធរ​ដែនដី​ទូទាំង​ប្រទេស ព្រម​ទាំង​អង្គការ​ជាតិ ​និង​អន្តរជាតិ និង​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​ទាំង​អស់ ដែលបាន​យក​ចិត្ត​ទុក​ដាក់​លើ​ការលើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ការចូល​រួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​បំពេញ​ការងារ​ក្នុង​ឆ្នាំ​សិក្សា​កន្លង​ទៅ​នេះ​ប្រកប​ដោយ​ជោគ​ ជ័យ។
ឯកបណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់​ថា ​ការ​ចូល​រួម​ចំណែក និង​ការជួយ​គាំទ្រ​ទាំង​បច្ចេកទេស និង​ហិរញ្ញ​វត្ថុ​ពី​គ្រប់​មជ្ឈដ្ឋាន គឺជា​សក្ខីកម្ម​បញ្ជាក់​ពី​ការយក​ចិត្តទុកដាក់​ខ្ពស់​លើ​ការ​អនុវត្ត «ការ​អប់រំ​សម្រាប់ទាំង​អស់​គ្នា ហើយ​ទាំង​អស់​គ្នា​សម្រាប់​ការអប់រំ» ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។ ដើម្បី​ជាធាតុ​ចូល​បន្ថែម​លើ​ប្រធាន​បទ​ពិភាក្សា​ទាំង​២១ ដែលក្រសួងអប់រំ​ដាក់​ចេញក្នុង​ឱកាសថ្លែង​បើកសន្និបាត ឯក​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ផ្តល់ជូន​នូវអនុសាសន៍​ចំនួន ១២​ចំណុច​សម្រាប់​សមាជិក​អង្គសន្និបាត​ធ្វើ​ការ​ពិភាក្សា​ផងដែរ។ ខ្លឹម​សារ​អនុសាសន៍​ទាំង​នោះ​រួមាន៖
ទី១-ដើម្បី​អនុវត្ត​ឱ្យបាន​សម្រេចគោលដៅ​ អប់រំ​ជាតិ និង​គោលដៅ​សហស្សវត្ស​ដែល​តម្រូវ​ឱ្យ​ប្រទេស​នីមួយៗខិតខំ​រំដោះ​ អនក្ខរភាព​ឱ្យបាន​សម្រេច​ជាស្ថាពរ​នៅ​ឆ្នាំ​២០១៥ នេះ ក្នុង​ក្រប​ខ័ណ្ឌ​នៃ «ការអប់រំ​សម្រាប់ទាំង​អស់គ្នា» ការអប់រំ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ជា​ការងារ​ដ៏​មាន​សារៈ​សំខាន់។ ហេតុ​នេះ មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី-ខេត្ត គួរ​ខិតខំ​ថែម​ទៀត ក្នុង​ការ​ជំរុញ​កុមារ​ដល់​វ័យសិក្សា កុមារ​លើស​អាយុសិក្សា និង​កុមារបោះ​បង់ចោល​ការ​សិក្សា កុមារ ​និង​យុវជននៅក្រៅ​សាលា​រៀន ព្រម​ទាំង​កុមារ​និង​យុវជន​ដែល​ទទួលរង​គ្រោះ​ពីការ​រំលោភ​បំពាន ​និង​អំពើហិង្សាជា​ដើម​ ឱ្យ​បានទទួល​សេវាអប់រំ​ក្នុងប្រព័ន្ធ និងក្រៅ​ប្រព័ន្ធ​ឡើង​វិញ តាមរយៈ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សិស្ស-និស្សិត​ក្រីក្រ ដើម្បីធានាឱ្យ​បាន​នូវ​ការទទួល​បាន​ការអប់រំ ប្រកប​ដោយ​សមធម៌​។
ទី២-គួរ​បន្ត និង​បង្កើន​កិច្ចសហការ​ល្អ​បន្ថែមទៀត​ជាមួយ​មាតាបិតា និង​អាណា​ព្យាបាល​សិស្ស ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​អប់រំ ណែនាំ កែ​លម្អ និង​ទប់​ស្កាត់​បាន​ទាន់​ពេលវេលា កុំ​ឱ្យក្មួយៗ​សិស្សា​នុសិស្ស និង​យុវជន​ធ្លាក់​ក្នុងអំពើ​អសកម្ម​ជាយថាហេតុ​ណា​មួយ សំដៅ​​បង្កើនការ​អនុវត្ត​ចលនា​របស់​កុមារ យុវជន តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ»
ទី៣-លើក​កម្ពស់​ការកសាង​ហេដ្ឋា​ រចនាសម្ព័ន្ធ សម្ភារៈ​បង្រៀន និងរៀន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​នៃ​ការ​អប់រំ ជាពិសេស​គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់ការ​ផ្គត់ផ្គង់​សៀវភៅសិក្សា​ គ្រប់​មុខវិជ្ជា​ឱ្យ​បានកាន់​តែទូលំ​ទូលាយ​ថែមទៀត សំដៅ​ធានា​ប្រសិទ្ធភាព​នៃការ​អនុវត្ត​កម្មវិធី​សិក្សា​ ចាប់​ពីកម្រិត​មត្តេយ្យ​រហូត​ដល់​ឧត្តមសិក្សា។
ទី៤-គប្បី​ផ្តោត​ឤទិភាពលើ​គុណភាពអប់រំ​ ជាចម្បង។ ក្នុងន័យ​នេះ ខ្ញុំ​សូមលើក​ទឹកចិត្ត​ដល់​ថ្នាក់​ដឹក​នាំ​និង​ មន្ត្រីរាជការ​ទាំងអស់​របស់​ក្រសួងអប់រំ យុវ​ជ​ន និងកីឡា ចូលរួម​យ៉ាង​សកម្ម​ក្នុងការងារ​កំណែ​ទម្រង់និង​អភិវឌ្ឍ​វិស័យអប់រំ​ បន្ថែមទៀត ប្រកប​ដោយ​​ឆន្ទៈ​ពិត​ប្រាកដ ​និងភាព​ជាម្ចាស់ ដោយ​ហេតុថា វិស័យនេះ​គឺជា​វិស័យគន្លឹះសម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ និង​ការអភិវឌ្ឍ​វិស័យ​ដទៃៗ​ទៀត។ ដូចនេះ ក្រសួង​គួរ​បន្ត​យកចិត្ត​ទុកដាក់ធ្វើ​វិក្រឹតការ​គ្រូ​បង្រៀន ដើម្បី​បន្តកសាង​សមត្ថភាព​វិជ្ជាជីវៈ សំដៅ​លើក​កម្ពស់​គុណភាព​អប់រំ​បន្ថែមទៀត ដើម្បី​ធ្វើ​ឱ្យ​សិស្ស-និស្សិត​បញ្ចប់​ការសិក្សាទទួល​បានភាព​ប្រកួត​ប្រជែង​ នៅ​ក្នុង​ទីផ្សារ​ការងារ។
ទី៥-ចំពោះ​គ្រឹះស្ថាន​ឧត្ត​មសិក្សា​ គួរ​លើកកម្ពស់​ការ​សិក្សាស្រាវជ្រាវ​ ប្រកបដោយ​គុណ​ភាពខ្ពស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​និង​ប្រសិទ្ធផលក្នុង​ការ​បង្រៀន និង​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅ​នឹង​ការ​អនុវត្ត​ជាក់​ស្តែង ហើយ​លទ្ធផល​នៃការ​ស្រាវជ្រាវ​ត្រូវ​ទទួល​ការ​លើកទឹកចិត្តឱ្យ​បោះពុម្ភ​ក្នុង ទិនានុប្បវត្តិ​វិទ្យាសាស្រ្ត ជាពិសេស​ទិនានុប្បវត្តិ​វិទ្យាសាស្រ្ត​ក្នុង​តំបន់​និង​អន្តរជាតិ។​ ដើម្បី​ធានា​ឱ្យ​មាន​គុណភាព​ខ្ពស់​និងការ​បោះពុម្ភ​ផ្សាយ​ជាអន្តរជាតិ ឯកសារ​ស្រាវជ្រាវគួរ​ត្រូវបាន​ត្រួតពិនិ​ត្យ​ដោយ​អ្នកឯកទេស​ឯករាជ្យ​ លើ​ប្រធានបទ​ស្រាវជ្រាវ​នោះ។ លើស​ពី​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​គួរ​ប្រកាន់ខ្ជាប់ ជា​និច្ចនូវ​សីលធម៌​អាជីព​របស់​ខ្លួន​ម្នាក់ៗ ដើម្បី​ជៀស​វាងឱ្យបាន​នូវការ​ប្រើប្រាស់​ស្នាដៃ​របស់​អ្នក​ស្រាវ​ជ្រាវ​ ដទៃទៀត ដែលពុំបាន​ផ្តល់​នូវ​ប្រភព​ត្រឹមត្រូវ និង​សេចក្តី​ទុច្ចរិតក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ។ ខ្ញុំមាន​ជំនឿយ៉ាងមុតមាំថា សកម្មភាពនៃការសិក្សាស្រាវជ្រាវ​នេះ​នឹង​ពិត​ជារួម​ចំណែក​ដល់ការ​ផ្សព្វ​ ផ្សាយ​នូវគុណ​ភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា នៅលើឆាក​អន្តរជាតិ។
ទី៦-គួរបន្ត​យកចិត្តទុក​ដាក់​លើការ​កែលម្អ​ ជីវភាព​រស់នៅរបស់​លោកគ្រូ អ្នកគ្រូ និង​សាស្ត្រា​ចារ្យ ព្រម​ទាំង​បុគ្គលិក​សិក្សា​ទាំងអស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារអប់រំឱ្យ​កាន់​តែ​ប្រសើរ​ថែមទៀត។
ទី៧-ខ្ញុំ​សូមអំពាវ​នាវ​ដល់ស្ថាប័នជាតិ និង​អន្តរជាតិ វិស័យ​ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល ដែល​បំពេញ​ការងារ​ក្នុងវិស័យអប់រំ មេត្តា​ពិនិត្យ​លើ​ឤទិភាព​សំខាន់​ក្នុង​ផែនការ​យុទ្ធ​សាស្ត្រ​របស់​ រាជរដ្ឋាភិបាល និងបន្ត​ផ្តល់​ការ​គាំទ្រថែម​ទៀត តាម​សមត្ថកិច្ច និង​លទ្ធភាព​របស់​ខ្លួន​ទាំង​បច្ចេកទេស ហិរញ្ញវត្ថុ និង​សម្ភារៈ។
ទី៨-​ចំពោះគ្រឹះស្ថានឧត្តមសិក្សា គួរ​បន្ដ​កៀរគរ​បញ្ញវ័ន្ដ​កម្ពុជា ដែល​មាន​សញ្ញា​បត្រ​ខ្ពស់ ជាពិសេស​ សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជាអន្តរជាតិ និងមាន​​បទ​ពិសោធន៍​ខ្ពស់ ​រួមចំណែកដល់​ការ​អភិវឌ្ឍវិស័យ​អប់រំ​នៅ​កម្ពុជា​ប្រកប​ដោយគុណភាព​ខ្ពស់ តាមរយៈ​ការ​បង្រៀន និងការ​សិក្សា​ស្រាវជ្រាវ។
ទី៩-គួរ​យកចិត្តទុក​ដាក់​អនុវត្ត​គោលនយោបាយ ​ជាតិ ស្តីពី​ការអភិវឌ្ឍ​យុវជន​កម្ពុជា សំដៅ​អភិវឌ្ឍ​យុវជន ទាំង​ខាង​ចំណេះ​ដឹង ចំណេះ​ធ្វើ បំណិន​ជីវិត សុខភាព កាយសម្បទា និង​សីល​ធម៌ (Soft Skills) ឱ្យ​ក្លាយ​ទៅ​ជាមូលធន​មនុស្ស ប្រកប​ដោយ​សក្តានុពល និងធានា​បាន​នូវការបង្កើត​កាលានុវត្តភាព​ការងារ​សម្រាប់​យុវជន ជា​ពិសេស​តាមរយៈ​ការបង្កើត​វេទិកា​ស្វែង​រកការងារ​សម្រាប់​យុវជន។
ទី១០-ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គួរ បង្កើត​យន្តការ​សម្រប​សម្រួល ដើម្បី​បញ្ជៀស​ឱ្យបាន​ជាអតិបរមា​នូវភាព​ត្រួតជាន់​គ្នា​នៃ​ការ​ងារ​សំដៅ​ បង្កើន​ប្រសិទ្ធភាព និងគុណភាព​នៃ​ការអប់រំ និងបណ្ដុះ​បណ្ដាល ឱ្យកាន់តែ​ខ្ពស់​ថែម​ទៀត។
ទី១១-ក្រសួង​អប់រំ យុវជន និងកីឡា គួរ​សហការ​ជាមួយ​ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​បង្កើត​ឱ្យមាន​មុខវិជ្ជាស្ពានចម្លង (Bridging Courses) សំដៅ​អនុញ្ញាត​​ឱ្យសិស្ស​ផ្នែកអប់រំ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ អាចបន្តការ​សិក្សា​ទៅថ្នាក់ឧត្តម​សិក្សា​បាន។
ទី១២-​គួរជំរុញ​ការ​អភិវឌ្ឍ​កម្ម​វិធី​ សិក្សាជា​ប្រចាំ និងបង្កើនការ​ផ្សារ​ភ្ជាប់ការ​អប់រំទៅ​នឹង​ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច​ ឱ្យកាន់តែប្រសើរ​ឡើង​ថែម​ទៀត តាមរយៈ​ការបង្រួម​ឱ្យបាន​ជា​អតិបរមា​នូវគម្លាត​រវាង​ការផ្តត់​ផ្តង់ និង​តម្រូវការ​ជំនាញ​ក្នុង​ទីផ្សារ​ការងារ។ នេះគឺទាមទារ​ឱ្យមាន​ការ​កែទម្រង់ស៊ី​ជម្រៅនៃ​ប្រព័ន្ធអប់រំ​នៅកម្រិត​ឧត្តម​ សិក្សា ជាពិសេស​ការ​ពង្រឹង​ការ​គ្រប់គ្រង​ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ សំដៅ​ជំរុញឱ្យគ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំង​រដ្ឋ​ ទាំង​ឯកជន ផ្តល់​ការ​បណ្តុះ​បណ្តាល​មានគុណភាពខ្ពស់ ដើម្បី​បង្កើន​ផលិតភាព (Productivity) និង​កាលានុវត្ត​ភាព​ការ​ងារ​សម្រាប់និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា អាច​រកការងា​រធ្វើ​បាន។ គុណភាព​នៃកា​រអប់រំ និងបណ្ដុះ​បណ្ដាល​ពិត​ជាជំរុញ​ផលិតភាព ដែល​ជា​កត្តាដ៏សំខាន់​ក្នុង​ការ​ជំរុញកំណើន​ប្រាក់ឈ្នួល និងការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច សំដៅបង្កើន​ភាពប្រកួត​ប្រជែង​ឱ្យ​កាន់​តែ​ខ្ពស់ ដើម្បី​ទាញយក​ផល​ប្រយោជន៍ជា​អតិបរមា​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដែលនឹង​ចាប់​ដំណើរការ​នៅចុងឆ្នាំ២០១៥ នេះ។
មានចំណាប់​អារម្មណ៍​ក្នុងពិធី​បើកសន្និបាត​ អប់រំ​នេះ​ដែរ លោក​ជំទាវ អាន ឡឺមេស (Ann Lemaistre) ប្រធានក្រុម​ការងារ​វិស័យ​អប់រំ (ESWG) និង​ជា​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជាបាន​គាំទ្រ និង​កោត​សរសើ​ចំពោះ​ដំណើរការ​កំណែទម្រង់​របស់ក្រសួងអប់រំ​នាពេល​កន្លង​មក និង​បាន​សម្តែង​ការសង្ឃឹម​ថា កម្មវិធី​កំណែទម្រង់​ទៅមុខ​ទៀត​នឹង​បាន​ជោគ​ជ័យ៕

No comments:

Post a Comment