Wednesday, March 25, 2015

នាយក​រដ្ឋមន្ត្រី​កម្ពុជា ស្នើឲ្យ​អាមេរិក​ជួយ​ឲ្យ​ចប់​កម្ម​វិធីជួយ​ស្ត្រី រហូត​ដល់ឧត្តម​សិក្សា


ចេញផ្សាយថ្ងៃ: ( ២៥ - មិនា - ២០១៥ )
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យសហរដ្ឋ អាមេរិក ជួយដល់កម្ពុជាឲ្យចប់ចុងចប់ដើម លើកម្មវិធីគាំទ្រការអប់រំក្មេងស្រី ឲ្យបន្តការសិក្សា រហូតដល់ថ្នាក់មហាវិទ្យាល័យ ដើម្បីក្មេងស្រីក្រីក្រនោះ អាចមានលទ្ធភាព បន្តការសិក្សា នៅ ថ្នាក់ឧត្តមសិក្សា។ ការថ្លែងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីពេលនេះ នៅក្រោយ៤ថ្ងៃ នៃដំណើរ ទស្សនកិច្ច របស់លោកជំទាវទី១ សហរដ្ឋអាមេរិក មីសែល អូបាម៉ា  មកកាន់ ព្រះរាជាណាចក្រ កម្ពុជា។

ថ្លែងនៅក្នុងពិធីប្រគល់​សញ្ញាបត្រ​គ្រូបង្រៀនកម្រិត​ឧត្តមជំនាន់ទី១៩ ​និងសញ្ញាបត្រ​គ្រូបង្រៀ ន កម្រិតមូលដ្ឋាន ​ឯកទេសភាសាបារាំង-ខ្មែរ ជំនាន់ទី១៦ នៅវិទ្យាស្ថាន​ជាតិអប់រំ នាព្រឹកថ្ងៃទី ២៥ មីនានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យសហរដ្ឋអាមេរិកពង្រីកកម្មវិធី ជួយ ក្មេង ស្រីតាមរយៈ​គំរោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា ឬ  Let Girls Learn ៤ឆ្នាំ បន្ថែមទៀត ដើម្បីបន្ថែមលទ្ធភាព​ក្មេងស្រីក្រីក្រ​ទាំងនោះ​ អាចបញ្ចប់ការសិក្សានៅថ្នាក់ឧត្តម តាមរយៈការ ពង្រីកវិសាលភាពពី ៦ឆ្នាំ ឲ្យដល់១០ឆ្នាំ។

គម្រោង Let Girls Learn គឺជាគម្រោង ដែល​ត្រូវបាន​​គាំទ្រ ដោយ​ស្ថានទូត​​អាមេរិក​តាមរយៈ             ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍ USAID ដោយជ្រើសរើសក្មេងស្រីក្រីក្រ និង​ជួយ​ពួកគាត់ឲ្យបន្តសិក្សា នៅថ្នាក់​អនុវិទ្យាល័យ រហូតដល់វិទ្យាល័យ ។

សម្តេចតេជោ បានគាំទ្រនូវ​យុទ្ធនាការ លើការផ្តល់ឱកាស​ឲ្យសិស្សស្រី​បានសិក្សា រឺ Let Girls Learn របស់​សហរដ្ឋអាមេរិក​ដែលនឹងផ្តល់ឱកាស​ច្រើនដល់ស្រីក្រីក្រ​អាចបន្តសិក្សា​ ប៉ុន្តែ​សម្តេច​​តេជោ បានបញ្ជាក់ថា អាមេរិកបានទំលាក់ការទទួលខុសត្រូវ​ទាំងស្រុងលើការ​សិក្សា​នៅ​ ថ្នាក់មហាវិទ្យាល័យមកក្រសួងអប់រំទៅវិញ។ សម្តេច ទទូចឲ្យអាមេរិកធ្វើការងារនេះ ឲ្យ​បាន ចប់ចុងចប់ដើម ជួយឲ្យដល់ថ្នាក់មហាវិទ្យាល័យ។​

ទោះបីយ៉ាងណា​ក៍ដោយ សម្តេចតេជោ​ ហ៊ុន សែន និងសម្តេច​កិត្តព្រឹទ្ធិបណ្ឌិ​ត​ បានសំរេច​ប្រើប្រាស់​កញ្ចប់ផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនក្មេងស្រីទាំង ១០ ដែលកំពុងសិក្សា​នៅវិទ្យាល័យ​បាគង ខេត្តសៀមរាប ដើម្បីបន្តការ សិក្សានៅថ្នាក់ឧត្តម​ ដោយសម្តេចនឹងផ្តល់​ថវិកា​១៥០០​ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំ ជាមួយនឹងការស្នាក់នៅអន្តេវេសិកដ្ឋាន និងសំភារៈសិក្សាមួយ​ចំនួនទៀតផងដែរ។

គួរបញ្ជាក់ថា នៅក្នុងឱកាសជួប​សំណេះ​សំណាល​ជាមួយក្មេងស្រី នៅវិទ្យាល័យហ៊ុន សែន បា្រសាទ​បាគង នៅជាយក្រុង​សៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា លោក​ជំទាវទី១ សហរដ្ឋអាមេរិក Micchelle Obama  បានអំពាវនាវឲ្យក្មេងស្រីកម្ពុជា បន្តការរៀន​សូត្រ​ក្នុងសាលា ដើម្បីជំរុញ មានភាពស្មើគ្នា និងដើម្បីផ្តល់ឲ្យក្មេងស្រីទទួល​បានសំលេង​មួយ​នៅក្នុង សហគមន៍ នៅក្នុងប្រទេស។ លោកជំទាវទី១ សហរដ្ឋអាមេរិក បានអះអាងថា នៅ​ទូទាំងពិភពលោកមានស្ត្រី​ប្រមាណ៦២លាននាក់មិនបានទទួលការសិក្សា​ ដោយសារមូលហេតុសេដ្ឋកិច្ចនិងវប្បធម៌។

តាមការវាយតំលៃរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា       អត្រាក្មេងស្រី និង​ក្មេង​​​ប្រុសចូលរៀននៅថ្នាក់បឋមសិក្សាមានកំរិតប្រហាក់ប្រហែលគ្នា ប៉ុន្តែអត្រាចូលរៀន​របស់​ក្មេងស្រីនៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យមានចំនួនទាបជាងក្មេងប្រុស រហូតដល់​ថ្នាក់​ឧត្តមទៀតសោត ក៍កាន់តែមានចំនួនតិចតួច ទាំងនោះដោយសារកត្តាសេដ្ឋកិច្ច កត្តា​គ្រួសារ និងកត្តាវប្បធម៌ជាដើមជាឧបសគ្គដ៍ធំ៕
 

No comments:

Post a Comment