Wednesday, March 25, 2015

ឯកឧត្តម​​បណ្ឌិត​សភាចារ្យ សុខ អាន អញ្ជើញ​​ជាអធិបតី​​ក្នុង​​ពីធី​​ប្រកាស​​បើក​​ទី​វា​យោគៈ​​អន្តរជាតិ​​ដែល​រៀប​ចំ​​ដោយ​អង្គការ The Art of Living


ចេញផ្សាយថ្ងៃ: ( ២៥ - មិនា - ២០១៥ )
នា​រសៀលថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ២០១៥ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​បើក​កម្មវិធី «កិច្ចសន្ទនា​ជាមួយ​ព្រះគ្រូ Sri Sri Ravi Shangkar ស្តីពី​ការ​ជំរុញ​ក្រម​សីលធម៌​ផ្នែកធុរកិច្ច​ការអភិវឌ្ឍ​ខ្លួន ការរស់​នៅដោយ​ក្តី​រីករាយ និង​ការ​ប្រកាស​បើក​ទិវា Yoga អន្តរជាតិ» ដែល​ជាកម្មវិធី​សហការ​រៀបចំ​ដោយ​អង្គការ​The Art of Living និង​ស្ថានទូត​នៃសាធារណៈរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា។
ថ្លែង​ក្នុង​កម្មវិធីនោះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន មាន​ប្រសាសន៍​ថា ខ្ញុំ​គិត​ថា កម្ម​វិធី​ដែល​រៀបចំ​ដោយ​អង្គការ The Art of Living នេះ​ពិត​ជាមាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រជា​ជនកម្ពុជា និង​ពិភពលោក ជាពិសេស​នៅក្នុង​បរិបទ​សង្គម​បច្ចុប្បន្ន ដែល​ទាម​ទារ​ឱ្យ​មាន​ល្បឿន​លឿន និង​ផ្តល់សារៈ​សំខាន់​លើ​ការងារ​ការ​ប្រកួត​ប្រជែង និងភាព​ឥត​ខ្ចោះ។ វា​គឺ​ជាកម្មវិធី​ពិសេស ព្រោះ​ថា នៅ​ជាមួយ​យើង​ទាំង​អស់​គ្នា​នៅ​ទីនេះ យើង​មាន​វត្តមាន​របស់ ​ព្រះគ្រូ Sri Sri Ravi Shangkar ដែលជា​មេដឹកនាំ​លក្ខណៈ​សាសនា និង​មនុស្ស​ធម៌ដ៏​ល្បី​ល្បាញ​ប្រកប​ដោយ​ទស្សនវិស័យ​ ផ្តោតលើ​ពិភពលោក​មួយ​ដែល​គ្មាន​អំពើ​ហិង្សា និង​គ្មាន​ស្រ្តេស (stress) ហើយ​គំនិត​ផ្តួចផ្តើម​របស់ព្រះគ្រូ រួមមាន ការដោះ​ស្រាយ​ជម្លោះ ការ​កាត់​បន្ថយ​ស្រ្តេស ការកាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​សិក្សា​សម្រាប់​ទាំង​អស់គ្នា ដើម្បី​ចែក​រំលែក​នូវទស្សនាទាន​ បែប​ទស្សនៈវិជ្ជា ចំពោះ​ជីវិត​ដែល​គាត់​បាន និង​កំពុង​ផ្តល់​ដល់​ពិភពលោក​អស់រយៈ​ពេល​ជាង​៣០ឆ្នាំ​មក​ហើយ។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មានប្រសាសន៍​ឲ្យដឹងថា តាមរយៈ​នយោបាយ​ឈ្នះ-ឈ្នះ​ដាក់​ចេញ​ដោយ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​បញ្ចប់​ទាំង​ស្រុង​នូវ​រចនា​សម្ព័ន្ធ​នយោបាយ និង​យោធានៃរបបខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៩៨ ប្រទេស​យើង (កម្ពុជា) បាន​និង​កំពុង​ទទួល​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ដែល​មិន​ដែល​ធ្លាប់មាន​នៅក្នុង ​ប្រវត្តិសាស្រ្ត​៥០០ឆ្នាំ​ចុងក្រោយ​របស់កម្ពុជា។
ជាមួយ​នឹងស្ថានភាព​អនុគ្រោះ​ទាំង​នេះ រាជរដ្ឋាភិបាល​បាន​ឈាន​ទៅរៀប​ចំគោល​នយោ​បាយ​ផែនការ និង​យុទ្ធសាស្រ្ត​នានា ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​របស់​ប្រជាជន​ជាបណ្តើរៗ ដើម្បី​លើក​កម្ពស់​សេចក្តីសុខ​របស់​ប្រជាជន រាជរដ្ឋាភិបាល​បានធ្វើ​ការវិនិយោគ​យ៉ាង​ច្រើនទៅ​លើ​វិស័យ​សុខាភិបាល​សាធារណៈ និង​មជ្ឈមណ្ឌលកីឡ។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ Art of living បាន​ឲ្យដឹងថា អង្គការ Art of living ប្រចាំ​នៅ​កម្ពុជា ជាអង្គការ​មានប្រភព​ដើម​មក​ពីប្រទេស​ឥណ្ឌា​មិនរកកម្រៃ និងផ្តល់ការ​ធ្វើ​លំ​ហាត់​ប្រាណ​ដែលមិន​ត្រឹមតែធ្វើ​ឲ្យ​មាន​សុខភាព​ល្អទេ តែនឹង​ជួយធ្វើ​ឲ្យមនុស្ស​ចេះ​គ្រប់​គ្រង​សតិអារម្មណ៍​បាន​ល្អផងដែរ។ អង្គការ Art of Living មាន​វត្តមាន​នៅ ១៥៤ ប្រទេស​ទូទាំង​សកលលោក រួមទាំង​កម្ពុជា​ផងដែរ៕

No comments:

Post a Comment