សម្តេចក្រឡាហោម, សម្ដេចពិជ័យសេនា, ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរស្វាគមន៍ ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។ នេះគឺជាការជួបជុំទ្រង់ទ្រាយធំលើកទី ១ របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយខ្ញុំ ក៏សូមលើកទឹកចិត្តឱ្យមានការជួបជុំបែបនេះនៅឆ្នាំក្រោយៗបន្តទៀត សំដៅបង្កើនមិត្តភាព ការផ្លាស់ប្តូរមតិយោបល់និងឧត្តមានុវត្តន៍ជាក់ស្តែងល្អៗ សម្រាប់អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់កម្ពុជា។
ខ្ញុំសូមថ្លែងអំណរគុណក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានសហការរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដ៏មានសារៈសំខាន់នេះឡើង។ ពិធីនេះផ្តល់ឱកាសដល់សហគ្រិន ធុរជន និងនវធុរជនបានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាអង្គពិធីទាំងមូលបានជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធល្អៗ ពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកដល់ការជំរុញកំណើន ការងារប្រសិទ្ធភាព សមធម៌ និងចីរភាពនៅកម្ពុជា។
តាមរបាយការណ៍ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាបច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ ៧០ ម៉ឺនមូលដ្ឋាន (ស្មើនឹងជាង ៩០%) ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន (ស្មើនឹងប្រមាណ ៧%) ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ ពាន់មូលដ្ឋាន។
[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]
(១) តាមរយៈសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មនៅកម្ពុជា បច្ចុប្បន្នយើងប្រើប្រាស់ផលិតផលកែច្នៃក្នុងស្រុក
ចំណុចនេះ អនុញ្ញាតឱ្យខ្ញុំបានសម្ដែងនូវមោទនភាព និងកោតសរសើរចំពោះការខិតខំទាំងអស់ ដែលប្រឹងប្រែងនៅក្នុងការធ្វើឱ្យរីកចម្រើនរីកលូតលាស់ នូវឧស្សាហកម្មកែច្នៃពាក់ព័ន្ធទៅនឹងម្ហូបអាហារ ដែលមានប្រមាណរហូតដល់៨០%នៃសកម្មភាព។ កាល(ពីពេល)មុននេះយើងធ្លាប់តែនាំចូលនូវអ្វីៗទាំងឡាយសម្រាប់បម្រើឱ្យសេចក្ដីត្រូវការនៅក្នុងប្រទេស ប៉ុន្តែតាមរយៈនៃសកម្មភាពសហគ្រាសធុនតូចនិងមធ្បម និងសិប្បកម្មនៅកម្ពុជា បច្ចុប្បន្នបានប្រើប្រាស់ផលិតផលដែលកែច្នៃក្នុងស្រុក ហើយចាប់ផ្ដើមពីវត្ថុធាតុដើមនៅក្នុងស្រុក។ ប្រសិនបើប្រជាពលរដ្ឋកម្ពុជារបស់យើងផ្ដល់នូវលទ្ធភាពប្រើប្រាស់ផលិតផលក្នុងស្រុក ប្រាកដណាស់វានឹងរីកចម្រើនថែមទៀត។ នៅក្នុងរយៈពេលកន្លងទៅនេះ នៅពេលមានគ្រោះអាសន្នគ្រោះទឹកជំនន់ម្ដងៗ និងមានទាក់ទិនជាមួយនឹងបញ្ហាដែលកើតមាន ត្រូវផ្ដល់ជំនួយសង្គ្រោះ រាជរដ្ឋាភិបាលបានពឹងពាក់ស្ទើរតែទាំងស្រុងនូវការផ្គត់ផ្គង់ផលិតផល ដែលចេញពីការប្រើប្រាស់ ការកែច្នៃនៅក្នុងស្រុកដែលទាក់ទងជាមួយនឹងម្ហូបអាហារតែម្ដង។
[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]
សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បាន និងកំពុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ពីព្រោះសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មមានចំនួនច្រើននៅក្នុងខឿនសេដ្ឋកិច្ចជាតិ ជាពិសេសប្រទេសតូចៗ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ជាប្រភពចម្បងនៃការបង្កើតការងារច្រើន ជាថ្នាលបង្កើតទ្រព្យ- សម្បត្តិជាតិ និងជាតួអង្គដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្រួមវិសមភាពសេដ្ឋកិច្ចជូនប្រជាជនកម្ពុជាទូទៅ។ ជាលទ្ធផល រាជរដ្ឋាភិបាលតែងតែចាត់ទុកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូ មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
កន្លងមក រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ដែលជាយន្តការអន្តរក្រសួង-ស្ថាប័នសម្រាប់សិក្សា ស្រាវជ្រាវ វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។ រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសធុនតូច និងមធ្យម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម ជាប្រព័ន្ធ និងគាំទ្រសហគ្រិន ធុរជន និងនវធុរជនក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងចីរភាព។
ក្នុងឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានបង្កើតធនាគារសហគ្រាស ធុនតូច និងមធ្យមកម្ពុជាសម្រាប់ចូលរួមផ្តល់ការគាំទ្រ និងដាក់ចេញ នូវយន្តការគាំទ្រនានាដល់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។ ទន្ទឹមនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុង ផ្តល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យមតាមរយៈគម្រោង ហិរញ្ញប្បទានធំ ២ គឺ ១).គម្រោងហិរញ្ញប្បទានដោយផ្ទាល់និង២).គម្រោងសហហិរញ្ញប្បទាន ដែលគិតមកដល់ ខែកញ្ញា ឆ្នាំ២០២២ នេះ ធនាគារបានបញ្ចេញឥណទានសរុបចំនួនជាង ៤០០ លានដុល្លារអាម៉េរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ០៨៥។ ចំពោះវិធានការផ្នែកពន្ធដារ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និងបទប្បញ្ញតិសម្រាប់លើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត និងដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។ ចំពោះវិធានការផ្នែកគយ រាជរដ្ឋាភិបាលបានរៀបចំ គោលនយោបាយពន្ធអាករ និងយន្តការលើកទឹកចិត្តផ្នែកគយ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនភាពប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ម៉្យាងទៀត រាជរដ្ឋាភិបាលបាន និងកំពុងខិតខំលើកកម្ពស់ ប្រសិទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធថ្នាលជាតិចុះបញ្ជីអាជីវកម្មតាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធដារតាមអនឡាញជាដើម។ លើសពីនេះ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំលើកស្ទួយសហគ្រាសធុនតូច និងមធ្យម តាមរយៈការកែលម្អអភិបាលកិច្ច គុណភាព និងសមត្ថភាពស្ថាប័នសាធារណៈដើម្បីកាត់បន្ថយ ចំណាយប្រតិបត្តិការក្នុងអាជីវកម្ម ការដាក់ឱ្យដំណើរការវេទិការដ្ឋ និងវិស័យឯកជន ដើម្បីពន្លឿនការដោះស្រាយបញ្ហាប្រឈមរបស់ធុរជន ការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ដើម្បីបង្កើនសមត្ថភាពរបស់សហគ្រិនធុរជន និងនវធុរជន ជាដើម។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី
ដើម្បីរួមចំណែកដល់ការបង្កើនសម្ទុះនៃការអភិវឌ្ឍសហ-គ្រាសធុនតូចនិងមធ្យម ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច ឱ្យកាន់តែប្រសើរ ខ្ញុំសូមឆ្លៀតឱកាសនេះ លើកទឹកចិត្ត និងផ្តល់នូវ ទស្សនៈមួយចំនួនដូចខាងក្រោម ៖
ទី១. ខ្ញុំសូមលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាបង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន។ ជាមួយនេះ ខ្ញុំសូមលើកទឹកចិត្ត ឱ្យក្រសួង-ស្ថាប័នខិតខំបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហា ប្រឈមទាំងឡាយ ក៏ដូចជាការកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ច សំដៅជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា។
ទី២. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ត្រូវសហការជាមួយក្រសួងពាណិជ្ជកម្ម សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេច- តេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល សម្រាប់លើកកម្ពស់សមត្ថភាពរបស់សហគ្រិន ធុរជន នវធុរជន និងសមត្ថភាពស្ថាប័នរបស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងភាពធន់នៃធុរកិច្ច។
[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]
(២) ជួបសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម បើនិយាយឲ្យទូលាយស្មើជួបក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ចំណុចនេះ គឺជាចំណុចដែលគប្បីត្រូវយកចិត្តទុកដាក់ដោយស្ថាប័នរបស់រាជរដ្ឋាភិបាល។ យើងទាំងអស់គ្នានៅទីនេះកំពុងតែស្ថិតនៅជាអ្នកដែលហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កន្លងទៅមានទស្សនៈមួយចំនួនបានលើកឡើងថា ពួកគេតាំងខ្លួនជាសមាគមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ប៉ុន្តែពួកគេមិនទាន់បានដឹងទេថា តើរាជរដ្ឋាភិបាលកំពុងធ្វើអ្វី? នោះគឺការផ្ដល់នូវលទ្ធភាពគ្រប់យ៉ាង ដើម្បីពង្រីកនូវសេដ្ឋកិច្ចគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឯង។ យន្តការមួយដែលបានដាក់ចេញ ហើយក្របខណ្ឌនៃការជួបគ្នាល្ងាចនេះគឺជាជំនួបរវាងរាជរដ្ឋាភិបាល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និយាយឲ្យទូលំទូលាយ ប៉ុន្តែយើងប្រើពាក្យសហគ្រាសធុនតូចនិងមធ្បម និងសិប្បកម្មតែប៉ុណ្ណោះ។ ចំណុចដែលខ្ញុំត្រូវលើកទឹកចិត្តតទៅទៀតនោះ ឱ្យខិតខំយកចិត្តទុកដាក់ជំរុញការកែច្នៃទៅលើផលិតផលដែលមានស្រាប់នៅក្នុងប្រទេសរបស់យើង ជាពិសេសសម្រាប់សិប្បកម្ម សហគ្រាសធុនតូចនិងមធ្បមដែលពាក់ព័ន្ធនិងការកែច្នៃចំណីអាហាររបស់កម្ពុជាតែម្ដង។
[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]
ទី៣. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសិក្សាវាយតម្លៃសេចក្តីត្រូវការជំនាញ ដើម្បី អភិវឌ្ឍជំនាញស្របតាមតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាកង្វះជំនាញ ដែលសហគ្រាសធុនតូច និងមធ្យម បាន និងកំពុង ជួបប្រទះ។
[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]
(៣) នឹងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់យុវជនក្រីក្រ ១លាន ៥សែន នាក់ ដែលរដ្ឋាភិបាលជាអ្នកបង់ថ្លៃ
ចំណុចនេះជាចំណុចកាន់តែពិសេស ដែលសុំឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ពិភាក្សាជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចដែលខ្ញុំបានប្រកាសរួចហើយថា នៅពេលខាងមុខយើងនឹងផ្ដល់នូវការបណ្ដុះបណ្ដាលសម្រាប់យុវជនក្រីក្ររបស់យើង ១លាន ៥សែននាក់។ ដូច្នេះ ខ្ញុំគិតថាយើងក៏នៅទីនេះ មុខរបរនៅទីនេះនិងទទួលបាននូវចំណែកភាគច្រើននៃការបណ្ដុះបណ្ដាល ដែលខ្ញុំសង្ឃឹមថារៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីជំរុញផ្នែកនេះចូលទៅក្នុងក្របខណ្ឌនៃការបណ្ដុះបណ្ដាល។ បើយោងទៅលើអ្វីដែលជាការគិតផ្ទាល់របស់ខ្ញុំ នៅក្នុងចំណោម១លាន ៥សែននាក់ ដែលត្រូវបណ្ដុះបណ្ដាលនៅពេលខាងមុខ គឺគ្របដណ្ដប់យកចេញពីវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនេះប្រមាណជា១លាននាក់ នេះគឺជាប៉ាន់ស្មានរបស់ខ្ញុំ ជំនាញនេះគឺជាជំនាញដែលយើងមានលទ្ធភាពអាចនឹងទទួលបាន។ ហើយខ្ញុំសូមបញ្ជាក់ថាជំនាញដែលត្រូវទៅរៀននេះមិនត្រូវបានបង់ថ្លៃនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលនិងបង់ថ្លៃជូនអ្នកដែលត្រូវទទួលការបណ្ដុះបណ្ដាល ដើម្បីឱ្យពួកគេទទួលបាននូវជំនាញ ហើយមិនអស់ប្រាក់កាក់ដើម្បីបង់ថ្លៃក្នុងការរៀនសម្រាប់ជំនាញនោះឡើយ។
[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]
ទី៤. ក្រសួងពាណិជ្ជកម្មត្រូវដឹកនាំសម្របសម្រួលបង្កើត ក្រុមការងារបច្ចេកទេសអន្ដរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្មសំដៅកាត់បន្ថយថ្លៃ នៃការធ្វើពាណិជ្ជកម្ម ជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ កម្ពុជា និងជំរុញការពង្រីកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយ។
[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]
(៤) មួយផ្នែកជំរុញប្រជាជនកម្ពុជាប្រើផលិតផលក្នុងស្រុក, មួយទៀតជំរុញការនាំចេញនៅនឹងកន្លែងក្នុងទេសចរណ៍
ចំណុចនេះ គឺជាចំណុចក៏កាន់តែសំខាន់ផងដែរ ក្នុងហ្នឹងមាន២ផ្នែក។ មួយផ្នែកត្រូវខិតខំដើម្បីឱ្យប្រជាជនកម្ពុជាយើងប្រើប្រាស់នូវផលិតផលដែលផលិតបានក្នុងស្រុក ដែលកែច្នៃដោយសហគ្រាសធុនតូចនិងមធ្បម និងសិប្បកម្មរបស់យើង។ ឯមួយផ្នែកទៀតត្រូវនាំចេញនៅនឹងកន្លែងតាមរយៈវិស័យទេសចរណ៍។ ទេសចរបន្ទាប់ពីកូវីដ-១៩ កំពុងតែមានការកើនឡើងជាប្រចាំ បើយើងផ្គត់ផ្គង់ទៅកាន់តំបន់ដែលមានទេសចរ តាមរយៈនៃផលិតផលដែលមានស្រាប់ ដូចជាគ្រាប់ស្វាយចន្ទីជាដើម មិនមានការចាំបាច់ណាដើម្បីនាំពីបរទេសមកផ្គត់ផ្គង់ឱ្យទេសចរក្នុងស្រុកនោះទេ។ ផលិតផលនានាដែលកើតចេញពីការកែច្នៃ និងការផលិតរបស់កសិកររបស់យើង ត្រូវនាំចូលទៅកាន់បណ្ដាសណ្ឋាគារដែលមានជនបរទេសស្នាក់នៅ ដែលយើងហៅថាការនាំចេញនៅនឹងកន្លែង។ ជាមួយគ្នានោះដែរ យើងមានទីផ្សារកាន់តែធំតាមរយៈកិច្ចព្រមព្រៀង RCEP, តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន, តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ និងតាមរយៈកិច្ចព្រមព្រៀងដែលទើបនឹងបញ្ចប់ការចរចាជាមួយអារ៉ាប់អេមីរ៉េត។ ប៉ុន្តែខ្ញុំក៏សូមឱ្យយកចិត្តទុកដាក់ផងដែរជាមួយនឹងទីផ្សារប្រទេសជិតខាងរបស់យើង ដូចជាវៀតណាម, ថៃ, ឡាវ ជាដើម ដែលនោះសុទ្ធតែជាទីផ្សារសម្រាប់ការនាំចេញ ប្រសិនបើការផលិតណាមួយមិនមានទីផ្សារនោះទេ យើងមិនអាចជំរុញការផលិតបន្ថែមពីសំណាក់កសិករនិងពីសិប្បកររបស់យើងនៅក្នុងក្របខណ្ឌសហគ្រាសធុនតូចនិងមធ្បម និងសិប្បកម្មនោះដែរ។ ដូច្នេះទីផ្សារនៅតែដើរតួនាទីសំខាន់ដើម្បីស្រូបបង្កើតនូវផលិតផលបន្ថែមនៅក្នុងប្រទេសរបស់យើង សម្រាប់បម្រើឱ្យសេចក្ដីត្រូវការក្នុងស្រុកផង និងសម្រាប់បម្រើឱ្យការនាំចេញផង។
[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]
ទី៥.គ្រប់ក្រសួង-ស្ថាប័ន រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង-ស្ថាប័ន រៀងៗខ្លួន និងជំរុញការបណ្តុះបណ្តាលមន្ត្រីក្រោមឱវាទឱ្យចេះ ប្រើប្រាស់បច្ចេកវិទ្យាឱ្យបានទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនធុរជន វិនិយោគិន និងប្រជាជន ទូទៅក៏ដូចជាការរួមចំណែកដល់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលបាននូវសិរីសួស្តី វិបុលសុខ និងជោគជ័យ តាមភារកិច្ចរៀងៗខ្លួននៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ខាងមុខនេះ សូមទទួលបាននូវពុទ្ធពរទាំង ៥ ប្រការអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត។
សូមអរគុណ!
No comments:
Post a Comment