Sunday, July 05, 2015

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ធំចំ​នួន​៦ ចូលជួប​សំដែងការ​​គួរ​សម

នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៥ ដែលជាថ្ងៃទី៣នៃការស្នាក់អាស្រ័យ អញ្ជើញចូលរួម​កិច្ច​ប្រជុំ​​កំពូល​មេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឲ្យថ្នាក់ដឹកនាំ​ក្រុមហ៊ុន​វិនិយោគទុនធំៗចំនួន៦ ក្នុង​នោះរួមមាន ក្រុមហ៊ុន Mitsui ក្រុមហ៊ុនប្រេង Mitsui Oil ក្រុមហ៊ុន Denso Comporation ក្រុមហ៊ុន Sumitomo Wiring Systems ក្រុមហ៊ុន Minebea និងក្រុមហ៊ុន Yazaka Comporation ចូលជួបសំ​ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបដាច់ដោយឡែកពីគ្នានៃក្រុមហ៊ុនវិនិយោគទាំង៦ សម្តេចតេ​ជោនាយករដ្ឋមន្រ្តី មាន​ប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំនៃក្រុម ហ៊ុនទាំង៦​របស់ប្រទេសជប៉ុន ដែលបានមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានមាន​ប្រសាសន៍បន្តថា កម្ពុជាមានសក្តានុពល​យ៉ាងខ្លាំងក្នុងទាក់ទាញអ្នកវិនិយោគ​ពីគ្រប់ទិស​ទី​ទាំង​​អស់ ក្នុងការទៅបណ្តាទុកក្នុងប្រទេសកម្ពុជា ពិសេសទៅទៀត នោះច្បាប់វិនិយោគ​របស់​កម្ពុជាបានផ្តល់នូវភាពអនុគ្រោះយ៉ាងខ្លាំង ដល់គ្រប់ហ៊ុនវិនិយោគបរទេសទាំង​អស់ ដែល​មានបំណងទៅបណ្តាក់ទុននៅកម្ពុជា ពោលគឺក្រុមហ៊ុនអាចធ្វើការបណ្តាក់ទុន១០០% ដោយ​មិនចាំបាច់ពីដៃគូក្នុងស្រុក​ និងដោយមិនមានការកំណត់ទុន។
តាមការគូសបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានឲ្យដឹងថា វិនិយោគទុនរបស់ប្រទេស​ជប៉ុន​នៅកម្ពុជា កាលពីឆ្នាំ២០១៤មានទឹកប្រាក់៦៨លានដុល្លារ ក្នុងរយៈពេល២ខែដើម​ឆ្នាំ​២០១៥ មានទឹកប្រាក់ចំនួនជាង២០លានដុល្លា ការវិនិយោគទាំងអស់​នោះ រួមមាន ការ​វិនិ​យោគ​​លើវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ការកែច្នៃឈើ គ្រឿងចក្រ និងការ តម្លើង​រថយន្តជាដើម។
ក្នុងជំនួបពិភាក្សាគ្នានោះ ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ បាន​សំដែងនូវការថ្លែង​អំ​ណរគុណ​យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏​មានតម្លៃបំផុតរបស់សម្តេច អនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ដែលមានវត្ត​មាននៅ​ពេល​នេះ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ពិសេសបានសិក្សាស្វែងយល់​ថែម​ទៀតពីសម្តេច ក្នុងការតំរង់ទិសដល់ការងារវិនិយោគក្នុងប្រទេសកម្ពុជា។
តាមរយៈជំនួប​ពិភាក្សា​គ្នានោះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុនបានសំដែងនូវការកោតសរសើរ និង​វាយ​តម្លៃខ្ពស់ជូនចំពោះសកម្មភាពដឹកនាំរបស់សម្តេច ដែលបានផ្តល់អាទិភាព​ដល់អ្នក​វិនិ​យោ​គ​​ទុនបរទេស មិនថាតែវិនិយោគមកពីប្រទេសជប៉ុននោះទេ ពោល គឺផ្តល់អាទិភាពដល់​វិនិ​យោគ​ទុនបរទេសទាំងអស់ ដែលមានបំណងមកបណ្តាក់ទុនពិតប្រាកដនៅកម្ពុជា។
ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងអស់ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលមានកំណើនគួរឲ្យកត់សំគាល់ ពិសេសក្រោមការ​ដឹកនាំដោយផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរាជ​ទូត​ជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន រៀបចំពិធីអាហារពេលល្ងាចជាមហា​កិត្តិយ​ស ជូន សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិ​បាល​កម្ពុជា ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុង តូក្យូ ប្រទេស​ជប៉ុន​។
ឯកឧត្តម Fumiaki Takahashi ក៏បានថ្លែងនូវការគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលរក្សានូវកំណើនជាង៧%ក្នុងមួយឆ្នាំ ដែលនោះ​គឺ​ជា​ការប្តេជ្ញា​ចិត្តយ៉ាងមុតមាំរបស់សម្តេច ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាព​ក្រីក្រ​និងការអភិវឌ្ឍ​ប្រទេស​ប្រកបដោយនិរន្តរភាពបំផុតនោះ។
ឯកឧត្តមប្រធានមានប្រសាសន៍បន្តថា សមាគមន៍នៃប្រទេសទាំងពីរ បានភ្ជាប់នូវទំនាក់ទំនង​ជា​មិត្តភាពជាមួយនិងបណ្តាប្រទេសនានា លើសកលលោក និង​សំបូរទៅដោយ​បញ្ញា​វ័ន្ត​វ័យ​ក្មេង តាមរយៈឯកឧត្តមមានការរីករាយខ្លាំងណាស់ ក្នុងការបង្កើនកិច្ចសហប្រតិ បត្តិការជា​មួយ​​និងប្រទេសកម្ពុជា ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងជួយដល់យុវជនជំនាន់​ក្រោយរបស់យើង កាន់តែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់​តែ​ប្រសើរឡើង។     
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយខ្លាំងណាស់ ដោយ​​​បានអញ្ជើញមកកាន់ទីក្រុងតូក្យូប្រទេសជប៉ុនសាជាថ្មីម្តងទៀត ដើម្បីចូលរួមកិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​ ។ សម្តេចតេជោមាន​ប្រសាសន៍​បន្តថា វត្តមានរបស់សម្តេចមកកាន់ ប្រទេសជប៉ុននៅពេលនេះ មិនគ្រាន់តែផ្តល់ឱកាស​ឲ្យ​រូប​សម្តេចធ្វើការជាមួយភាគីជប៉ុន និងថ្នាក់ដឹកនាំ នៃប្រទេសមេគង្គ ដែលទាក់ទិនទៅ​និងការរួម​គ្នា​ដោះស្រាយ និងការបង្កើនកិច្ចសហប្រតិបត្តិការសំរាប់តំបន់​មេគង្គ ជាមួយនិងប្រទេសជប៉ុន​ប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់សម្តេចមកកាន់ប្រទេសជប៉ុននៅពេលនេះ គឺក្នុងន័យដើម្បីផ្តល់​ឱកាស​ឲ្យរូបសម្តេចបាន ជួបប្រាស្រ័យជាមួយនិងថ្នាក់ដឹកនាំជប៉ុន ក្នុងគោលបំណង​ពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រ​ទេសទាំងពីរកម្ពុជា ជប៉ុនឲ្យកាន់តែរឹង​មាំទ្វេឡើង​ថែម​ទៀត។
សម្តេច មានប្រសាសន៍បន្តថា សម្តេចនិងខិតខំប្រឹងប្រែងឲ្យអស់​ពី​សមត្ថភាព​ក្នុងការ ពង្រីក​ចំណង​ទាក់ទងជាមួយនិងប្រទេសជប៉ុន ឲ្យឈានដល់ចំណុចកំពូលថ្មីទៀត ពោលគឺនៅពេល​ខាង​មុខ រូបសម្តេចផ្ទាល់និងធ្វើការជាមួយថ្នាក់ដឹកនាំជប៉ុន ដើម្បីពង្រីកទំនាក់ទំនងនៃ​ប្រទេស​ទាំងពីរ ពី​ជាដៃ​គូយុទ្ធសាស្រ្ត ទៅកាន់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ គ្រួបង្វឹក និងក្រុម​កីឡាករបាល់ទាត់យុវជនអាយុ ក្រោម១៥ឆ្នាំចំនួន៣២នាក់ ដែលមានវត្តមានចូលរួមប្រកួតកីឡាជាលក្ខណៈមិត្តភាព ក្នុង​ប្រទេស​មេគង្គ ជប៉ុន ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។
សម្តេចតេជោនាយករដ្ឋមន្រ្តី​មានប្រសាសន៍នៅចំ​ពោះមុខថ្នាក់ដឹកនាំ គ្រូបង្វិក និងកីឡាករ​យុវជនទាំង៣២នាក់នោះថា បើទោះបីជាប្រទេសយើងតូច កីឡាកររបស់យើងមានកាយ​សម្បទានតូចក៏ពិតមែន ប៉ុន្តែនៅពេលចូលរួមប្រកួតគឺយើងមិនត្រូវខ្លបខ្លាចចំពោះ ឥទ្ធិពល​អ្វី​ទាំងអស់ ពោលគឺយើងប្រកួតទៅតាមលក្ខណៈបច្ចេកទេស និងជំនាញដែលយើងមានពិត​ប្រាកដ។
តាមរយៈកិច្ចសន្ទនាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ សំដែងនូវ​ការ​វាយតំលៃខ្ពស់ និងកោតសរសើរដល់ក្រុមយុវជនវ័យក្មេងរបស់កម្ពុជា ដែលអ្នកទាំង​អស់​គ្នា​នេះហើយគឺជាអ្នកបន្ត​វេន និងជាអ្នកនាំកិត្តិយសជូនប្រទេសជាតិ តាមរយៈកម្ពុជាដែល​នឹង​ជាម្ចាស់ផ្ទះកីឡាស៊ីហ្កេមនៅឆ្នាំ ២០២៣ខាងមុខ។
ដោយបានមានប្រសាសន៍ទៅកាន់កីឡាករវ័យក្មេងទាំងអស់នោះថាជាចៅៗ សម្តេចតេជោ មានប្រសាសន៍ជំរុញលើកទឹកចិត្តដល់កីឡាវ័យក្មេងទាំងនោះ ក៏ដូចជាកីឡាវ័យក្មេងដទៃ ទៀ​ត បន្ត​ខិតខំប្រែងប្រែងពីពេលបច្ចុប្បន្ននេះទៅ ហើយរហូតដល់ឆ្នាំ២០២៣​យុវជនវ័យ​ក្មេង​ទាំង​នេះ និងក្លាយជាអ្នកប្រកួតប្រជែងដ៏ខ្វិតស្វាញ និងនាំជ័យលាភីជូនប្រទេសជាតិ ហើយ​យុវជន​វ័យក្មេងទាំងនេះនឹង ក្លាយទៅជាកីឡាករជម្រើសជាតិ មិនគ្រាប់តែដើម្បីត្រៀមខ្លួន​ធ្វើម្ចាស់​ផ្ទះនោះទេ គឺក៏ដើម្បីត្រៀមខ្លួនសម្រាប់ កីឡាអូឡាំពិកនៅប្រទេស​ជប៉ុនក្នុងឆ្នាំ​២០២០​ផងដែរ។ បើតាមគូសបញ្ជាក់ពីអ្នកដឹកនាំក្រុមបានឲ្យដឹងថា ក្រុមកីឡាបាល់ទាត់យុវជន​អាយុ​ក្រោម១៥ឆ្នាំ បានធ្វើការប្រគួតពីថ្ងៃទី២៩មិថុនា រហូតដល់ថ្ងៃទី៥កក្កដា ក្នុងនោះលើកទី១ ក្រុម​​កម្ពុជាប្រគួតជាមួយនិងក្រុមជម្រើសយុវជនអាយុក្រោម១៥ឆ្នាំ របស់ប្រទេសជប៉ុន ដោយ​ប្រកួតចាញ់ក្រុមជប៉ុន ៥ទល់និង១ ប្រគយចាញ់ក្រុមជម្រើសជាតិវៀតណាម១សូន្យ ចាញ់​ក្រុម​លីក របស់ជប៉ុន១សូន្យ និងទាត់ស្មើរ២ទល់និង២ជាមួយនិងក្រុមប្រទេសថៃ។
បន្ទាប់​ពីការ​​បញ្ចប់ការប្រគួតនេះ ក្រុមយុវជនរបស់កម្ពុជានឹងបន្តស្នាក់នៅ​ហ្វឹកហាត់រយៈពេល​ប្រមា​ណ ២​សប្តាហ៍ទៀត ក្នុងប្រទេសប្រជប៉ុន ដើម្បីត្រៀមប្រកួតកីឡាបាល់​ទាត់អាយុ​ក្រោម​១៥ឆ្នាំ សម្រាប់​តំបន់អាស៊ីនៅពេលខាងមុខ៕   

No comments:

Post a Comment