Sunday, July 05, 2015

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចាកចេញ​ពីទីក្រុង​តូក្យូ ឆ្ពោះទៅបំពេញ​ទស្សនកិច្ច ទីក្រុង​ហ្សី​ម៉ូណូសីកគី

បន្ទាប់ពីបានស្នាក់អាស្រ័យនៅទីក្រុងតូក្យូរយៈពេល៣ថ្ងៃ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ -ជប៉ុន លើកទី៧ ដែលបានបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅ​ព្រឹកថ្ងៃទី៥ ខែកក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូ ជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាក​ចេញពីចំណតអាកាសយានដ្ឋានអន្តរជាតិ ហា ណេដា ទីក្រុងតូក្យូ តាមយន្តហោះពិសេស​របស់​ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរ​អញ្ជើញ​ទៅបំពេញ ទស្សនកិច្ចផ្លូវការទៅកាន់ ទីក្រុងគីតាគ្យូស៊្យូ (Kita-Kyushu) ខេត្តហ៊្វូគុអូកា (Fukuoka) និងទីក្រុងហ្សីម៉ូ ណូសីកគី (Shimonoseki) ខេត្តយ៉ាម៉ាហ្គូជី (Yamaguchi) ដែល​ជា​មណ្ឌលបោះឆ្នោតរបស់ឯកឧត្តម ហ្សិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។
នៅទីក្រុងហ្សីម៉ូ ណូសីកគី ខេត្តយ៉ាម៉ាហ្គូជី សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិ​ភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាផ្សារត្រីដ៏ល្បីល្បាញ ក្នុងទីក្រុងហ្សីម៉ូ ណូ​សីកគី ខេត្តយ៉ាម៉ាហ្គូជី ប្រទេសជប៉ុន។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនា​ដោយ​ផ្ទាល់​ពីការលក់ដូររបស់ប្រជាពលរដ្ឋជប៉ុន ក្នុងទីផ្សារលក់ត្រីដ៏ល្បីល្បាញបំផុតនេះ។ ផ្សារលក់​ត្រី​ដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងដ៏យូរលង់ណាស់មកហើយ ពេលគឺជាប្រជា​ពលរដ្ឋ​ក្នុង​តំបន់នេះ មានមុខរបរជាអ្នកប្រកបរបរនេសាទសមុទ្រទឹកប្រៃ និងនេសាទទឹក សាប ដែលជា​ផ្នែកមួយនៃដែនដីដ៏សំបូរបែបនេះ។ ទីក្រុងហ្សីម៉ូណូសីកគី ខេត្តយ៉ាម៉ាហ្គូជី គឺជាដែនកោះមួយដែលមានខ្សែទឹកសមុទ្រ ជាប់នឹងសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ និង​ស្ថិតនៅភាគ ខាងជើងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ ប្រជាពលរដ្ឋមាន​មុខរបរជាអ្នក​នេសាទ និងបានប្រែក្លាយពីការនេសាទ និងការលក់ដូរត្រីគ្រប់ប្រភេទឲ្យក្លាយ​ទៅជា​តំបន់ទេសចរណ៍ ប្រកបដោយការទាក់ទាញបំផុត ក្នុង ចំណោមប្រជាជនជប៉ុន។
ក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋ​ជប៉ុនប្រមាណពី១លាន៣សែននាក់ ទៅ២លាននាក់ មកពីគ្រប់​ទិសទីក្នុងប្រទេសជប៉ុន បាន​មកទទួលទានត្រីដ៏មានរស់ជាតិនៅក្នុងតំបន់នេះ ដោយបាន​ធ្វើឲ្យ​តំបន់នេះមានការ​ផ្លាស់​ប្តូរមុខមាត់ថ្មី តាមរយៈការអភិវឌ្ឍនៅនឹងកន្លែងផ្ទាល់តែម្តង។
ប្រជាពលរដ្ឋជប៉ុនដែល​បាន​មក​កាន់ទីនេះ ប្រសិនជាពួកគេមិនបានទទួលទាន​ត្រីក្នុង​តំបន់​នេះ​​ទេ គឺប្រាកដណាស់ថា ពួកគេហាក់មិនបានស្គាល់ដែនដីកោះដ៏អស្ចារ្យមួយផងដែរ។ ដោយ​​សារតែភាពល្បីល្បាញនេះ ធ្វើឲ្យតំបន់នេះទទួលបាននូវការទាក់ទាញ និងការពេញ​និយមពី​សំណាក់ប្រជាពលរដ្ឋទូទៅ រួមទាំងអ្នកទេសចរណ៍ អន្តរជាតិនានាផងដែរ។ ជាមួយ​និងការអញ្ជើញទស្សនាដល់ទីកន្លែង សម្តេចតេជោ បានទទួលនូវសាច់ត្រី​ស្រស់​ដែល​ផ្តល់ជូន​ដោយអ្នកលក់ក្នុងផ្សារ។ បើតាមការអះអាងពីមន្រ្តីថ្នាក់ដឹកនាំផ្សារដ៏ទំនើបនោះបានឲ្យដឹងថា ជាធម្មតាប្រជាពលរដ្ឋបានធ្វើការនេសាទរបស់ពួកគេ ក្នុងនាមជាលក្ខណៈគ្រួសារ ហើយអ្វី​ដែល​ពិសេសទៅទៀតនោះ សាច់ត្រីធម្មជាតិទាំងអស់មានរស់ជាតិឆ្ងាញ់យ៉ាងពិសេសបំផុត ដែលយើងមិនអាចមើលរំលងបាន។
ផ្សារលក់ផលិតផលសាច់ត្រីដ៏ទំនើបនេះ ក្រៅពីការលក់រាយជូនភ្ញៀវទេសចរណ៍​ក៏ដូចជាប្រជា​ពលរដ្ឋរស់នៅក្នុងទីក្រុង និងប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗទៀតនោះ ទីផ្សារ​នេះ​ក៏បាន​ធ្វើការលក់ដុំសម្រាប់ធ្វើការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិធំៗផងដែរ។
នៅក្នុងឱកាសនៃ ការអញ្ជើញទស្សនាដោយផ្ទាល់នោះ សម្តេចតេជោ​បាន​ទទួល​​នូវការ​ស្វាគមន៍​យ៉ាងស្និតស្នាល ពីសំណាក់ប្រជាពលរដ្ឋដែលជាអាជីវករ អ្នកទេស​ចរណ៍ ដែល​មាន​វត្តមានទិញផលិតផលសាច់ត្រី ក្នុងទីផ្សារដ៏ទំនើបនោះផងដែរ។ សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​មានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមូលដ្ឋាន ដែល​បានខិតខំថែរក្សានិងអភិរក្សទីផ្សារឲ្យស្ថិតនៅគង់វង់ ពិសេសគឺការប្រែក្លាយ​តំបន់នេះ​ឲ្យក្លាយ​ទៅជាតំបន់ទេសចរណ៍ ប្រកបដោយការទាក់ទាញបំផុតរបស់ប្រ ទេសជប៉ុន។
សូមបញ្ជាក់ដែរថា គីតាគ្យូស៊្យូ គឺជាទីក្រុងមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៦៣ មានផ្ទៃក្រឡា​ទំហំជាង៤៨៦គីឡូ ម៉ែត្រក្រឡា និងមានប្រជាជនរស់នៅជាង៩៨៣ពាន់នាក់។
ទីក្រុង​គីតាគ្យូស៊្យូ មានរោងចក្រ Nippon Steel Comporation Zenrin Company ដែលមាន​ជំនាញ​​ខាងផែនទី និងបង្កើត Sottwareនាវាចរណ៍ រោងចក្រ TOTO ដែលផលិតចាន​បង្គន់​ល្បី​​ឈ្មោះ ក្រុមហ៊ុន Yaskawa និងក្រុមហ៊ុន StarFlyer ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមាន​ការិយា​ល័យ​​កណ្តាលក្នុងទីក្រុង។ ថ្មីៗនេះគឺនៅឆ្នាំ២០០៩ Bridgestone Comporation បាន​បើក​ស្នាក់ការ​ក្នុងទីក្រុងនេះ ដើម្បីផលិតកៅស៊ូកង់រថយន្តប្រភេទធំសម្រាប់រថយន្ត ក្នុងវិស័យ​សំណង់​និង​រុករករ៉ែ៕
បន្ទាប់មកនៅវេលាថ្ងៃត្រង់នោះដែរ ឯកឧត្តម តូម៉ូអាគី ណាកាអូ អភិបាលក្រុងហ្សីម៉ូណូសីកគី បាន ប្រារព្ធរៀបចំពិធីទទួលទានអាហារថ្ងៃត្រង់ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូ​ជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញ​មកទស្សនាទីក្រុងហ្សីម៉ូណូសីកគី ខេត្តយ៉ាម៉ាហ្គូជី លើទឹកដីដ៏ពិសិដ្ឋនេះ។ ឯកឧត្តម តូម៉ូអាគី ណាកាអូ អភិបាលក្រុងហ្សីម៉ូណូសីកគី មាន ប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និង​សូមសំដែងនូវការធ្វើគារវកិច្ចយ៉ាងកក់ក្តៅបំផុត ក្នុងនាមថ្នាក់ដេកនាំនិង​ប្រជាជនទី​ក្រុង​ហ្សី​​ម៉ូណូសីកគី ជូនចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋ មន្រ្តី និងគណៈ​ប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកទស្សនាដែនដីដ៏ពិសិដ្ឋនេះ។
ក្នុង​ពិធីដ៏មានអត្ថន័យនោះ ឯកឧត្តមអភិបាលក្រុងហ្សីម៉ូណូសីកគី មានប្រសាសន៍ថា នេះគឺជា​លើកទី១ ហើយដែលមេដឹកនាំប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ ដែលបានអញ្ជើញ​មកធ្វើ​ទស្សន​កិច្ចផ្សារត្រីដ៏ល្បី ល្បាញបំផុតនេះ ដែលនោះបានបង្ហាញឲ្យឃើញ​ពីការយកចិត្ត​ទុក​ដាក់បផុត ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះទំនាក់ទំនងជា​ប្រពៃណីនៃ​ប្រទេស​យើង​ទាំងពីរកម្ពុជា‑ជប៉ុន។
ក្នុងពិធីទទួលទានអាហារថ្ងៃត្រង់នោះដែរ ឯកឧត្តម​អភិបាល​ក្រុងហ្សីម៉ូណូសីកគី បានជំរាប​ជូន​​សម្តេចតេជោនាយករដ្ឋមន្រ្តីពី សក្តានុពល កំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋរស់នៅទីក្រុងហ្សីម៉ូណូសីកគី ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ​បាន​ស្វែងយល់ផងដែរ។ ជាការឆ្លើយតបសម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថ្លែង​នូវ​អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋទីក្រុងហ្សីម៉ូណូសីកគី ដែលបានទទួលបដិសណ្ឋារកិច្ចនិងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេច​និង​​គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកកាន់ទីក្រុងហ្សីម៉ូណូសីកគី ដ៏ស្រស់បំព្រងនេះ។
សម្តេច​​តេជោនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីភាពជាអ្នកជិតខាងល្អ នៃទំណាក់ទំនង​កិច្ច​សហ​​ប្រតិបត្តិការ នៃប្រទេសនិងប្រជាជនទាំងពីរ ដែលបានឈានដល់​ភាពជាដៃ​គូ​យុទ្ធ​សាស្រ្ត ហើយ​នៅពេលខាងមុខថ្នាក់ដឹកនាំ ទាំងពីរនឹងខិតខំជំរុញ​ទំនាក់ទំនង​នៃ​ប្រទេសពីរ ឲ្យឈាន​ដល់​ភាពជាដៃគួយុទ្ធសាស្រ្តទូលំទូលាយ៕ 

No comments:

Post a Comment