Sunday, July 05, 2015

សម្តេច​តេជោ ពិសារ​អាហារ​ពេល​ព្រឹក​ជាមួយ សមាគមន៍​មិត្តភាព​សភា​កម្ពុជា-ជប៉ុន

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០១៥ ដែលជាថ្ងៃទី២នៃការស្នាក់អាស្រ័យ​អញ្ជើ​ញ​ចូលរួមកិច្ច​ប្រជុំ​កំពូលមេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុង​តូក្យូប្រទេសជប៉ុន សម្តេច​​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា អញ្ជើញពិសារអាហារ​ពេល​ព្រឹក​ការងារជាមួយ សមាគមន៍មិត្តភាព​សភាកម្ពុជាជប៉ុន ដឹកនាំដោយឯកឧត្តម Takeo Hiranuma ប្រធានសមាគម​មិត្តភាពសភាកម្ពុជា-ជប៉ុន។
ឯកឧត្តម Takeo Hiranuma មានប្រសាសន៍សំដែងនូវការស្វាគមន៍សាជាថ្មីម្តងទៀត ដែល​បាន​ជួប​ពិភាក្សាការងារ ក្នុងពេលអាហារពេលព្រឹកជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី។
ឯកឧត្តមមានប្រសាសន៍សំដែងនូវការវាយ តម្លៃខ្ពស់ចំពោះភាពរីកចំរើន​នៃទំនាក់ទំនង​របស់​ប្រទេសទាំងពីរកម្ពុជា ជប៉ុន ពិសេសក្នុងទំនាក់ទំនងក្នុងរយៈពេល៦០ឆ្នាំបន្ទាប់​ពីប្រទេស​ទាំង​ពីរ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។ ក្នុងជំនួបពិភាក្សាគ្នា នេះ ឯកឧត្តម​ប្រធាន​មាន​ប្រសាសន៍ជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ពីការចូលរួមរំលែកទុក្ខយ៉ាង ក្រៀម​ក្រំបំផុត ចំពោះការទទួលមរណៈភាពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្នុងនោះឯកឧត្តម​បាន​បញ្ជូនគណៈប្រតិភូរបស់សមាគមន៍សភាមិត្តភាពកម្ពុជា ជប៉ុន ទៅមកចូលរួមគោរព​វិញ្ញាណ​ក្ខន្ធ សព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដល់រាជធានីភ្នំពេញផងដែរ។
ឯកឧត្តម​ប្រធានក៏បានវាយ តម្លៃខ្ពស់ពីភាពរីកចំរើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំ​របស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ពិសេសទៅទៀតនោះ ការកសាង​ស្ពានភឿបាសាឆ្លង​កាត់​ទន្លេរអ្នកលឿង ដែលសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅ និងរួម​ចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឲ្យកាន់តែមានការកើនឡើងបន្លែមទៀ
ឯកឧត្តមបន្តថា ប្រទេសយើងទាំងពីរបានកសាងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យ និងពេលបច្ចុប្បន្នបានក្លាយទៅជាទំនាក់ទំនងក្នុងភាពជាយុទ្ធសាស្រ្ត។ ក្នុង​ជំនួប​​ពិភាក្សាគ្នា នោះដែរ ឯកឧត្តម Takeo Hiranuma មានប្រសាសន៍សំដែងនូវការគាំទ្រ ចំពោះ​ច្បាប់​ស្តីពីការគ្រប់គ្រងសមាគមន៍ និងអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែឯកឧត្តមក៏​មានការ​ព្រួយ​បារម្ភពីការអនុម័តច្បាប់​ ដ៏មានសារៈសំខាន់នោះ  ដែលកម្ពុជាគ្រោងនិងអនុម័ត​នៅ​ពេល​ខាង​មុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ឯកភាព ចំពោះការលើកឡើងរបស់ឯកឧត្តម Takeo
Hiranuma ដែលមានប្រសាសន៍លើកឡើងពីការរីកចំរើន នៃទំនាក់ទំនងរបស់​ប្រទេស​ទាំងពីរ ដែលបច្ចុប្បន្ន បានក្លាយទៅជាទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។ ទាក់ទិនទៅនឹងការព្រួយបារម្ភពីការបង្កើត​ ច្បាប់ស្តីពីការគ្រប់គ្រងសមាគមន៍ និងអង្គការក្រៅ​រដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាការពិតនៅលើពិភពលោក​យើង​នេះប្រហែលមានតែប្រទេសកម្ពុជាមួយគត់ ដែលមិនទាន់មានច្បាប់ស្តីពីការគ្រប់គ្រង​សមា​គម និងអង្គការក្រៅរដ្ឋាភិបាល។
សម្តេចតេជោបន្តថា ការបង្កើតច្បាប់នោះគឺ មិនមែនសម្លាប់សមាគម និងអង្គការ​ក្រៅ​រដ្ឋា​ភិបាលនោះទេ ផ្ទុយទៅវិញគឺដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាព​របស់សមាគម និង​អង្គការក្រៅរដ្ឋាភិបាលនានា ដែលបំពេញការងារក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនា​យករដ្ឋ​មន្រ្តីមានប្រសាសន៍ដែរថា ជាការពិតច្បាប់នោះត្រូវបានយកមកពិភាក្សាជាយូរណាស់មកហើ​យ ប៉ុន្តែកម្ពុជាបានពន្យារហូតមកដល់ពេលនេះ ទើបយើងយកមកពិនិត្យពិភាក្សា ហើយ នៅ​​ថ្ងៃទី១០កក្កដាខាងមុខ សេចក្តីព្រាងច្បាប់នោះនឹងបើកធ្វើ សិក្ខាសាលាដើម្បី​ពិភាក្សា​ជា​ជំហរ​ទៅលើច្បាប់ស្តីពី​ ការគ្រប់គ្រងសមាគមន៍ និងអង្គការក្រៅរដ្ឋាភិបាល មុននឹងឈាន​ទៅ​ធ្វើការអនុម័តក្នុងសភា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​​សំណូមពរដល់ឯកឧត្តម លោកជំទាវ ជាសមាជិកសភារបស់ប្រទេសជប៉ុន បន្តការ​គាំទ្រ​ដល់រដ្ឋាភិបាលជប៉ុន ក្នុងការអនុម័តនូវរាល់សេចក្តីសំរេចណាមួយដែល​ទាក់ទិន​ទៅនិង ការគាំទ្រដល់គំរោងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ប្រទេសក្នុងមហាអនុតំបន់មេគង្គ និងក្នុង​ក្រប​ខណ្ឌអាស៊ាន៕     

No comments:

Post a Comment