Sunday, July 05, 2015

ពិធីបើក​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើកទី៧

កិច្ចប្រជំកំពូលមេគង្គ-ជប៉ុន លើកទី៧ បានប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃ ទី៤កក្កដានេះ នៅផ្ទះភ្ញៀវរដ្ឋក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
មេដឹកនាំនៃប្រទេស មេគង្គទាំងប្រាំ រួមមានសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងស៊ីន ថាំម៉ា វង្ស នាយក​រដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ ឯក​ឧត្តម ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្រ្តីនៃសាធា​រណ​រដ្ឋ​សង្គមនិយមវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រថៃ ត្រូវបាន ស្វាគមន៍ យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកឧត្តម ហ្សិនហ្សូ អាបេ នាយករដ្ឋ មន្រ្តីជប៉ុន និង ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧។
នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧នេះ មេដឹកនាំនៃប្រទេសមេគង្គ និង ប្រទេសជប៉ុន បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការពង្រឹង កិច្ច សហប្រតិបត្តិការរវាងជប៉ុន និងបណ្តាប្រទេសនៅក្នុងតំបន់មេគង្គ ឲ្យកាន់តែរឹង មាំនិងស៊ីជំរៅថែម​ទៀត​។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃប្រទេស មេគង្គ និងប្រទេសជប៉ុន បានធ្វើការពិភាក្សាទៅលើ របៀបវារៈសំខាន់៣ គឺទី១ ‑ ការពិនិត្យឡើងវិញពីសកម្មភាពការងារ នៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៦ ទី២‑ផែនការសកម្មភាពសំរាប់កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ និងទី៣‑ បច្ចុប្បន្នភាពសេដ្ឋកិច្ច និងនយោបាយជប៉ុន។
នៅក្នុងសុន្ទរកថាបើក កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ ឯកឧត្តមនាយក រដ្ឋមន្ត្រី ជប៉ុន ហ្សិនហ្សូ អាបេ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើក​ទី៧ មានប្រសាសន៍ថា ជប៉ុននឹងបន្តធ្វើឲ្យកាន់តែមានប្រសិទ្ធភាពថែម​ទៀ​ត នៃគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរ ដើម្បីជំរុញការ​អភិវឌ្ឍ​ប្រកបដោយនិរន្តរភាពនៅតំបន់មេគង្គ។
នៅក្នុងសុន្ទរកថាគន្លឹៈនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ក៏បានសំដែង​នូវ​ការ​​វាយ​តម្លៃខ្ពស់ និងកោតសរសើរដល់បណ្តាប្រទេសមេគង្គ បានសំរេចនូវ ស្នាដៃ​​ដ៏ធំធេងក្នុងការតភ្ជាប់ក្នុងចំណោមប្រទេសមេគង្គ។
​ដូចគ្នានឹងបណ្តាប្រទេសមេគង្គដែរនោះ សម្តេច​តេជោនាយករដ្ឋមន្រ្តីបាន​គូស​បញ្ជាក់នៅក្នុងពិធីបើក កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ដែរថា សម្តេច សូម​វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការអភិវឌ្ឍតំបន់មេគង្គ ពិសេស​តាមរយៈការចូលរួម ជំរុញកំណើនសេដ្ឋកិច្ច និងសមាហរណកម្មទូលំទូលាយ នៃ​បណ្តា​ប្រទេសតំបន់មេគង្គ ទៅក្នុងសហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន និងតំបន់អា​ស៊ី​បូព៌ា​ទាំងមូល។
នៅក្នុងសុន្ទរកថាគន្លឹៈនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បាន​សំដែងនូវការ​វាយ​តម្លៃខ្ពស់ចំពោះ ចក្ខុវិស័យអភិវឌ្ឍន៍វិស័យឧស្សាហកម្មតំបន់មេគង្គ ដែល​ផ្តល់​នូវ ទស្សនវិស័យដ៏សមស្រប សម្រាប់រយៈពេលមធ្យមនិងវែង លើសពីឆ្នាំ​២០១៥។
តាមរយៈនេះកម្ពុជាបាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់យកឱកាស​ពីនិន្នាការ​ផ្លាស់ប្តូរផ្នែកឧស្សាហកម្ម នៅក្នុងបរិការណ៍ថ្មីនេះ ដោយកម្ពុជាបានដាក់ចេញ និង​ប្តេជ្ញាចិត្តជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយអភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្មកម្ពុជា២០១៥-២០២៥ ដែលផ្តោតជា​ពិសេសលើការផ្សារ​ភ្ជាប់​សេដ្ឋកិច្ចកម្ពុជា ទៅនិងតំបន់ តាមរយៈការធ្វើពិពិធកម្ម ការជំរុញ​ការ​វិនិយោគ ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ការ​អភិវឌ្ឍជំនាញ ចំណេះដឹង និង​ការធ្វើឲ្យប្រសើរឡើង នូវភាពប្រកួតប្រជែងនិងផលិតភាព។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគាំ​ទ្រយ៉ាងពេញ​ទំហឹងចំពោះសេចក្តីព្រាង យុទ្ធសាស្រ្តតូក្យូ ២០១៥ សម្រាប់កិច្ចសហប្រតិ​បត្តិ​ការ​មេគង្គ-ជប៉ុន សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦-២០១៨ និង គំនិតផ្តួច​ផ្តើម​រៀបចំផែន​ការសកម្មភាពមេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅនៃ​យុទ្ធ​សាស្រ្ត​ទីក្រុងតូក្យូឆ្នាំ ២០១៥។
បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពិសេសការសំរេចបាននូវសេចក្តី​ថ្លែងការណ៍ស្តីពីយុទ្ធសាស្រ្តតូក្យូ ២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦​-២០១៨ និងគំនិតផ្តួចផ្តើមរៀបចំ​ផែន​​ការសកម្មភាពមេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅ​នៃ​យុទ្ធ​សាស្រ្តទីក្រុង​តូក្យូឆ្នាំ ២០១៥ បណ្តាមេដឹកនាំនៃប្រទេសជប៉ុន និងប្រទេសមេគង្គ បានអញ្ជើញ​ធ្វើសន្និសីទ កាសែតរួមគ្នាទៅកាន់អ្នកយកព័ត៌មានមកពីប្រទេសជប៉ុន មេគង្គ និងបណ្តាញសារព័ត៌មានអន្តរជាតិនានា ក្នុងនោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនហ្សូ អាបេ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ បាន​គូស​បញ្ជាក់ថា យុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៥ ដែលជាឯកសារថ្មី​សម្រាប់​គោល​នយោបាយ ២០១៦-២០១៨ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧នេះ។
ឯកឧត្តមនាយក​រដ្ឋ​មន្រ្តីមានប្រសាសន៍បន្តថា សម្រាប់រយៈពេល៣ឆ្នាំខាងមុខ ជប៉ុននឹងគាំទ្រដល់ប្រទេសមេគង្គនូវថវិកាចំនួន ៧៥០ពាន់លានយ៉េន នៃកម្មវិធី​នៅ​ក្នុងគំរោងអភិវឌ្ឍន៍ផ្លូវការ ODA តាមរយៈការប្រើប្រាស់នូវភាពរស់​រវើកនៃ​បណ្តា​​ប្រទេសមេគង្គ រួមទាំងផ្នែកឯកជន ពិសេសការបង្កើនកិច្ចសហ​ប្រតិបត្តិ​ការ​ពហុភាគី ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច។
ក្នុង​សន្និសីទកាសែតនោះដែរ ឯកឧត្តម​នាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍​បន្តថា នៅក្នុងយុទ្ធសាស្រ្តថ្មីនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​នៃប្រទេស​មេគង្គ និងជប៉ុន ឲ្យដល់កំរិតថ្មីទៀតនោះ យើងបានឯកភាពគ្នា ដាក់ចេញនូវ​សសរស្តម្ភ៤ រួមមានទី១ ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាលើផ្នែករឹង បង្កើនកិច្ច​សហ​ប្រតិបត្តិការ​លើផ្នែករឹង ពង្រឹងការតភ្ជាប់ផ្នែករឹង ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក រវាង​តំបន់ និងអន្តរតំបន់។ ជាមួយគ្នា​នេះ​ជប៉ុននឹងបន្តចូលរួមចំណែក​ដល់ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ទាំងផ្នែកគុណភាព និងបរិមាណ។ ទី២‑​ការខិត​ខំ​ផ្នែក​ទុនតាមរយៈការជួយជំរុញលើផ្នែកទំនើបនៃហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងការតភ្ជាប់ស្ថាប័ន ពិសេសជំរុញឲ្យមានការផ្លាស់ប្តូរពីគ្រប់ស្ថាប័នទាំងអស់ ក្នុង​​​ន័យជំរុញឈានឆ្ពោះទៅកាន់កីឡាអូរឡាំពិក និងកីឡាប៉ារ៉ាឡាំពិក ២០២០​នៅទីក្រុងតូក្យូប្រទេសជប៉ុន ពិសេសទៅទៀតជំរុញឲ្យមានការផ្លាស់ ប្តូរយុវជន​នៃតំបន់ទាំងពីរ ទី៣‑គឺការសំរេចឲ្យបាននូវមេគង្គបៃតង​ដើម្បីដោះស្រាយ​បញ្ហា​នានា ដូចជាគ្រោះ មហន្តរាយធម្មជាតិ ការបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន និងទី៤កិច្ចសហប្រតិបត្តិការពីផ្នែកពាក់ព័ន្ធ​ទាំងអស់ ដើម្បីគាំទ្រប្រកបដោយ​សុវត្តិភាព និងផលិតភាព។
ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលរបស់យើងនៅថ្ងៃនេះ ក៏បាន​ធ្វើ​ការពិភាក្សាពីសន្តិភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។
  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណា​ចក្រកម្ពុជា បានថ្លែង ក្នុងអង្គសន្និសីទកាសែតនៅពេលនោះដ៏មាន​អត្ថន័យ។
នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេសឡាវ មីយ៉ាន់ ម៉ារ ថៃ និងប្រទេសវៀតណាម បានគូសបញ្ជាក់​ស្រដៀង​គ្នាទៅនិងប្រសាសន៍លើកឡើងរបស់ សម្តេចតេ​ជោ​នាយករដ្ឋមន្រ្តី ដែលបាន​គូស​បញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ ពិសេសការ ដាក់​ចេញនូវយុទ្ធសាស្រ្ត២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់​រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦​-២០១៨ និងគំនិតផ្តួចផ្តើមរៀបចំផែនការ​សកម្ម​ភាព​​មេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅ​នៃ​យុទ្ធ​សាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៥ ដែលបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ជប៉ុន បានអនុម័តរួចមកនោះ។
បន្ទាប់មកឯកឧត្តមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមេគង្គទាំងប្រាំ រួមទាំង​ប្រទេសជប៉ុន បានអញ្ជើញចូល​រួមក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍​ដល់ក្រុមកីឡា​បាត់ទាត់យុវជន អាយុក្រោម១៥ឆ្នាំ មកពី​បណ្តា​ប្រទេសមេគង្គ‑ជប៉ុន។
សូម​បញ្ជាក់ដែថា ក្រុមបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនៃប្រទេសកម្ពុជា បាន​ចូល​រួម​ប្រកួតបាល់ទាត់ជាមួយនឹង ក្រុមកីឡាបាល់ទាត់យុវជន​អាយុក្រោម១៥​ឆ្នាំ​​នៃប្រទេសមេគង្គ និងប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី២៩ខែមិថុនា រហូតដល់​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ ការប្រគល់នូវ​វត្ថុ​អនុស្សាវរីយ៍ជូនដល់ ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនៅ ពេល​នេះ គឺជាផ្នែកមួយនៃការជំរុញលើកកម្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ជប៉ុ​ន ចំពោះយុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេន និងជាការជំរុញ​ឲ្យយុវជនមាន​ការ​ចូលរួមលេងកីឡាទាំងអស់គ្នា។
បន្ទាប់មកនៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះដែរ មេដឹកនាំនៃប្រទេសមេគង្គ បាន​អញ្ជើញចូលរួមក្នុងពិធី ទទួលទានអាហារការងារថ្ងៃត្រង់ ដែលរៀបចំឡើង​ដោយ​ថ្នាក់ដឹកនាំធុរកិច្ចជប៉ុន  Keidanren និងសភាពាណិជ្ជកម្មជប៉ុន។
លោកប្រធាន​សមាគម​ធុរកិច្ច Keidan ren មានប្រសាសន៍សំដែងនូវការវាយ​តំលៃ​ខ្ពស់ និងកោតសរសើរជូនចំពោះបណ្តាមេដឹកនាំទាំងអស់ ដែលបានឆ្លៀងពេល​ដ៏មមាញឹកអញ្ជើញមកចូលរួម ក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ ពិសេស​បានជួប​ជាមួយនិងបណ្តាធុរកិច្ចទាំងអស់ ដែលចូលរួមចំណែក​ក្នុងការបណ្តាទុន​នៅតាម​បណ្តាប្រទេសមួយចំនួន ក្នុងតំបន់មេគង្គនិងប្រទេសជប៉ុន។
លោកប្រធាន​សមា​គម​ធុរកិច្ចមានប្រសាសន៍បន្តថា អ្នកវិនិយោគទុនទាំងអស់ ពិតជា​មានការរីក​រាយ​ដោយបានឃើញពីការ​រីកចំរើនក្នុងតំបន់ ពិសេសការចូល​រួម​កិច្ចសហ​ប្រតិបត្តិ​ការ​​ពី សំណាក់រដ្ឋាភិបាលនៃប្រទេសមេគង្គ ជប៉ុន ដែលបាន​ផ្តល់នូវ​ឱកាស​ដ៏​វិសេស​វិសាលក្នុងការធ្វើជាដៃគូ ក្នុងការអភិវឌ្ឍសមិទ្ធផល​សង្គ​ម​​ដែល​បំរើឲ្យភាព​រីកចំរើនរបស់តំបន់ និងភាពរីកចំរើនរបស់ប្រជាពលរដ្ឋ។ លោក​ប្រធានសមាគមធុរកិច្ចមានប្រសាសន៍​ឲ្យ​ដឹងដែរថា ទំហំនៃការវិនិយោគពី​សំណា​ក់​​ផ្នែកឯកជនសំរាប់ បណ្តាប្រទេសក្នុងតំបន់មានការកើនឡើង​ខ្លាំង​ណា​ស់ បើ​ប្រៀបធៀបទៅនិងបណ្តាឆ្នាំមុនៗ ទាំងនេះបានបង្ហាញឲ្យ​ឃើញពី​កាលា​នុវត្ត​ភាព នៃភាព​ជឿជាក់ពីសំណាក់អ្នកវិនិយោគទុន ជាមួយនិងរដ្ឋាភិបាល​នៃ​ប្រ​ទេស​​ក្នុងតំបន់។
ថ្លែងសុន្ទរកថាក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ ជាមួយនិងផ្នែកធុរកិច្ច​នៃ​ប្រទេ​ស​មេគង្គ‑ជប៉ុន សម្តេច​តេជោនាយយករដ្ឋមន្រ្តីមានប្រសាសន៍ថា អាហារ​ថ្ងៃ​​ត្រង់​នេះ​​គឺមានសារៈសំខាន់ មិនត្រឹមតែដើម្បី​លើកកម្ពស់ការយល់​ដឹងឲ្យ​កាន់តែ​ច្បា​ស់ អំពីសក្តានុពលវិនិយោគក្នុងប្រទេសមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងផ្តល់នូវ​ឱកាស​ដើម្បីឲ្យមេដឹកនាំធុរកិច្ចមកពីបណ្តាប្រទេសមេគង្គ និងជប៉ុន ធ្វើការ​បង្កើត​ទំនាក់ទំនង សម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេនាថ្ងៃអនាគត។
សម្តេច​តេជោ​នាយករដ្ឋមន្រ្តីបន្តថា ជារៀងរាល់ឆ្នាំ សម្តេចផ្ទាល់បានទទួល​ស្វាគម​ន៍​ដំណើរទស្សនកិច្វរបស់អង្គការ Keidanren ទៅកាន់ប្រទេសកម្ពុជា ហើយ ថ្ងៃនេះពិតជាឱកាសដ៏ល្អដែលបានជួប Keidanren ម្តងទៀត ក្នុងការ​ពិសារ​អាហារថ្ងៃត្រងនេះ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ការវិនិយោគ​នៅប្រទេសកម្ពុជាកំពុង​មានការកើនឡើង តាមរយៈនេះ​ សម្តេចសូមលើក​ទឹកចិត្ត​ដល់ក្រុមហ៊ុន​ជប៉ុន​ច្រើនទៀត ទៅបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ពិសេសនឹងមាន​ការហោះហើរ​ត្រង់​ពីជប៉ុនមកកម្ពុជា និងពីកម្ពុជាទៅកាន់ជប៉ុននៅពេលដ៏ឆាប់ខាងមុខ។
នៅ​ក្នុងសុន្ទរកថាគន្លឹៈនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍​សង្កត់​​ធ្ងន់ថា ក្រៅពីទំនាក់ទំនងទ្វេភាគីរវាង កម្ពុជានិងជប៉ុន ទំនាក់ទំនង​រវាង​តំបន់​មេគង្គនិងជប៉ុន តាមរយៈកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ នៅព្រឹក​ថ្ងៃទី៤កក្កដានេះ អាចចាត់ទុកជាការបើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាព និងកិច្ច​សហ​​ប្រតិបត្តិការរវាង តំបន់មេគង្គ និងប្រទេសជប៉ុន ដោយបានអនុម័ត​យុទ្ធ​សាស្រ្ត​ទីក្រុងតូក្យូឆ្នាំ២០១៥៕  

No comments:

Post a Comment