Sunday, July 05, 2015

សម្តេច​តេជោ ហ៊ុន សែន ចូលរួម​សិក្ខា​សាលា​ដើម្បី​ផ្សព្វផ្សាយ អំពីសក្តានុ​ពល​វិនិយោគ​​នៅកម្ពុជា

នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០១៥ ដែលជាថ្ងៃទី៤នៃការស្នាក់អាស្រ័យ​បំពេញការងារនៅ​ប្រទេសជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសិលាផ្សព្វផ្សាយ ស្តីពីអំពីសក្តានុពល​វិនិ​យោគ​នៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។ អង្គសិក្ខា​សាលានេះក៏មានការចូលរួមពីអ្នកវិនិយោគទុនជប៉ុន ទីក្រុងគីតាគ្យូស្យូ ខេត្តហ៊្វូគុអូកា និងក្រុម​អ្នកវិនិយោគរបស់ប្រទេសកម្ពុជាប្រមាណ ២៥០នាក់។
តំណាងថ្នាក់ដឹកនាំ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងថ្នាក់ដឹកនាំខេត្តហ៊្វូគុអូកា បាន​សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ​មានការរីកចំរើនយ៉ាងឆាប់រហ័យបំផុត។ តាមរយៈសុន្ទរកថាគន្លឹៈនោះដែរ ថ្នាក់ដឹកនាំនៃ​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងថ្នាក់ដឹកនាំខេត្តហ៊្វូគុអូកា បានសំដែងនូវការវាយ​តម្លៃខ្ពស់ ចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងក្នុងអង្គសិក្ខា​សាលានៅ​ពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ​មុខអ្នកវិនិយោគជប៉ុនដែលមានបំណងទៅបណ្តាក់ទុន នៅក្នុងប្រទេសកម្ពុជា ដែល​មាន​​សក្តានុពលដ៏សំបូរបែបនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹៈទៅកាន់សិក្ខាសាលាដើម្បីផ្សព្វផ្សាយ ស្តីអំពីសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងខ្លឹមសារដ៏មាន​អត្ថន័យបំ​ផុត។
បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ទស្ស​នាក្រុមហ៊ុនមនុស្សយន្ត យ៉ាហ្កាវ៉ា ស្ថិតក្នុងទីក្រុងគីតាគ្យូស្យូខេត្តហ៊្វូគុអូកាប្រទេស​ជប៉ុន​។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់​រាជ​រដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់​ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកក្រុមហ៊ុនមនុស្សយន្តយ៉ាហ្កាវ៉ាជាច្រើនរូប។
ក្រុមហ៊ុននេះមានអាយុ​កាល១០០ឆ្នាំមកហើយ គឺបង្កើតឡើងនៅឆ្នាំ១៩១៥ និងមានទុន​វិនិយោគ​ប្រមាណ ២៧៨ពាន់លានយ៉េន និងមានកម្មករសរុបចំនួន ១៥ពាន់៣៣៣នាក់។ ជា​មួយនិងការផលិត​ផល​របស់​ខ្លួនដែលបាន ផលិតបាននោះ ទឹកប្រាក់ដែលក្រុមហ៊ុន​លក់ចេញ​មាន​ទឹកប្រាក់ ៤ពាន់២លាន​យ៉េនជប៉ុន។ ការងារចម្បង របស់ក្រុមហ៊ុនគឺការ​ផលិតនូវ​ម៉ាស៊ីន​បញ្ជាចលនា ដែលសន្សំសំចៃថាមពល ផលិតមនុស្សយន្ត ប្រព័ន្ធវិស្វកម្ម ដែលជាប់​ចំណាត់​ថ្នាក់ទី១លើទីផ្សារពិភពលោក។ រោងចក្រដ៏ទំនើបនេះបានផលិតនូវមនុស្សយន្តសំរាប់​ឧស្សា​ហ​កម្ម មនុស្សយន្តសំរាប់ផលិតបរិក្ខារអេឡិចត្រូនិច និងមនុស្សយន្តសំរាប់​សុខាភិបាល​ជាដើម។ បន្ទាប់ពីបានតាមស្តាប់យ៉ាងយកចិត្តទុកដាក់ពីការឧទ្ទេសនាម ស្តីពីនិរន្តរភាព​នៃ​សកម្មភាពវិនិយោគ និងសកម្មភាពនៃការផលិតមនុស្សយន្តរួចមក សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជា អញ្ជើញទស្សនា​ខ្សែសង្វាក់​ផលិតកម្ម​ក្នុង​ក្រុមហ៊ុន។
សូមបញ្ជាក់ថា នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការរីកចំរើនរបស់​ប្រទេស​កម្ពុជា ប្រទេសជប៉ុនបានបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការនៃការពង្រឹង​សុខ​សន្តិភាព និងឯកភាពជាតិរបស់កម្ពុជា នឹងក៏ជាដៃគូដ៏សំខាន់ដែលបាន​ផ្តល់ហិរញ្ញ​ប្បទាន​យ៉ាងច្រើន ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា។ ចាប់តាំងពីខែធ្នូ​ឆ្នាំ​២០១៣ ប្រទេស​ទាំងពីរកម្ពុជា ជប៉ុន បានតម្លើងឋានៈនៃទំនាក់ទំនង​របស់ខ្លួនក្លាយ​ទៅជា​ដៃគូ​យុទ្ធ​សាស្រ្ត ដើម្បីបន្តពង្រឹងនិងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការឲ្យកាន់​តែទូលំ​ទូលាយ​បន្ថែមទៀត ក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែមានកម្រិតខ្ពស់ និង​ប្រកប​ដោយចីរភាព តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងការបង្កើន​វិនិយោគ​ទុន​​របស់ជប៉ុននៅកម្ពុជា។
បន្ទាប់ពីបានអញ្ជើញទស្សនាក្រុមហ៊ុនមនុស្សយន្តយ៉ាហ្កាវ៉ារួចមក សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រមុចនៃរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញទស្សន កិច្ចទៅកាន់រោងចក្រចំរាញទឹកស្អាតហៃហ្ការី ទីក្រុងគីតាគ្យូស្យូខេត្ត​ហ៊្វូគុអូកា​ប្រទេសជប៉ុន។ រោងចក្រផលិតស្អាតនេះ បានបង្កើតឡើងនៅឆ្នាំ១៩៧០ រហូតមក​ដល់ពេលនេះមានអាយុកាល៤៥ឆ្នាំមកហើយ។ តាមការឲ្យដឹងពីមន្រ្តីគ្រប់​គ្រងបច្ចេកទេស​បាន​ឲ្យដឹងថា ការបង្កើតឡើងនូវរោងចក្រនេះ គឺដើម្បីផលិតទឹក កខ្វក់ជាច្រើននៅ​ក្នុងតំបន់​នេះ។
ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ រោងចក្រនេះបានធ្វើការ អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ក្នុងការចំរាញទឹកកខ្វក់ក្នុងតំបន់នេះមានសភាពល្អប្រសើរជាលំដាប់ រហូតមក ដល់​ឆ្នាំ២០០៦ ទឹកប្រើប្រាស់នៅក្នុងតំបន់នេះបានផលិតដែលមានគុណភាព​ខ្ពស់លើអត្រា​ប្រមា​ណ ៩៩,ដែលប្រជាពលរដ្ឋប្រើប្រាស់ដោយមិនមានបញ្ហាអ្វីកើតឡើង។ នៅក្នុងកិច្ចសហ​ប្រតិ​បត្តិ​ការជាមួយនិងប្រទេសកម្ពុជា រដ្ឋាភិបាលជប៉ុនតាមរយៈថ្នាក់ដឹកនាំទីក្រុងគីតាគ្យូស្យូ ខេត្តហ៊្វូគុ​អូកាប្រទេសជប៉ុន បានទទួលមន្រ្តី និងនិស្សិតកម្ពុជា មកសិក្សានៅទីនេះពីការ​បំណិត​ទឹកស្អាត ពិសេសនៅក្នុងអង្គភាពរដ្ឋាករ ទឹកកម្ពុជា។
បន្ទាប់មកនៅរាត្រីថ្ងៃទី៥កក្កដា ឯកឧត្តម កែនជី គីតាហាស៊ី អភិបាលក្រុងគីតាគ្យូស៊្សូ បាន​រៀបចំនូវ ពិធីពិសារអាហារពេលល្ងាចជាមហាកិត្តិយសជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម កែនជី គីតាហាស៊ី អភិបាល​ក្រុងគីតាគ្យូស៊្សូ  មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសំដែង​នូវការធ្វើគារវកិច្ចយ៉ាងកក់ក្តៅបំផុត ក្នុងនាមថ្នាក់ដឹកនាំនិងប្រជាជនទីក្រុងគីតាគ្យូស៊្សូ ជូន​ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និង​​គណៈប្រតិភូដែលបាន​ចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកទស្សនាដែនដីដ៏ពិសិដ្ឋនេះ។
ក្នុងពិធីដ៏មានអត្ថន័យនោះដែរ ឯកឧត្តមអភិបាលក្រុងមានប្រសាសន៍ថា នេះគឺជាលើកទី១ ហើយ​ដែលមេដឹកនាំប្រមុខរដ្ឋាភិបាលនៃប្រទេសមេគង្គ ដែលបានអញ្ជើញមកធ្វើ​ទស្សនកិច្ច​នៅតំបន់នេះ ដែលនោះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់បផុត ពីសំណាក់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ចំពោះទំនាក់ទំនងជាប្រពៃណីនៃប្រទេសយើងទាំងពីរកម្ពុជា-ជប៉ុន។ ក្នុងពិធីទទួលទានអាហារពេលរាត្រីនោះដែរ ឯកឧត្តមអភិបាលក្រុង បានជំរាប​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្រ្តីពីទំនាក់ទំនងនៃទីក្រុងគីតាគ្យូស៊្សូ ជាមួយនិងប្រទេសកម្ពុជា ពិសេស​ការ​រួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស។
ជាមួយគ្នានេះឯកឧត្តម បានគូសបញ្ជាក់​ពីសក្តានុពល កំណើនសេដ្ឋកិច្ច និងជីវភាពរស់​នៅ​របស់​ប្រជាពលរដ្ឋ​រស់​នៅទីក្រុង​គីតាគ្យូស៊្សូ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូ​បានស្វែងយល់ផងដែរ។ ជាការ​ឆ្លើយតបសម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថ្លែង​នូវ​អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋទីក្រុងគីតាគ្យូស៊្សូ ដែល​បានទទួលបដិសណ្ឋារកិច្ចនិងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេចនិងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកកាន់ទីក្រុងដ៏ស្រស់បំព្រងនេះ។
សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​​ក៏បានគូសបញ្ជាក់ពីភាពជាអ្នកជិតខាងល្អ នៃទំនាក់ទំនងកិច្ច​សហ​​ប្រតិ​បត្តិការ​នៃប្រទេសនិងប្រជាជនទាំងពីរ ដែលបានឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយ​នៅពេលខាងមុខថ្នាក់ដឹកនាំ ទាំងពីរនឹងខិតខំជំរុញទំនាក់ទំនងនៃប្រទេសពីរ ឲ្យឈាន​ដល់ភាពជាដៃគួយុទ្ធសាស្រ្តទូលំទូលាយ៕     

No comments:

Post a Comment